Connect with us

ព័ត៌មានជាតិ

ក្រសួងកសិកម្ម ពិចារណាក្នុងការផ្អាកជាបណ្តោះអាសន្ននូវការនាំចូល ត្រីប្រា ត្រីពោ ត្រីអណ្ដែង និងត្រីឆ្ដោជាដើម ដើម្បីជួយដោះស្រាយបញ្ហាប្រឈមទីផ្សារផលិតផលវារីវប្បកម្មនាពេលបច្ចុប្បន្ន

(ភ្នំពេញ)៖ ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ បាន​ធ្វើការ​ពិនិត្យ ​និង​ពិចារណា​ក្នុង​ការ​ផ្អាក​ជា​ប​ណ្តោះ​អាសន្ន​ នូវ​ការនាំចូល​ផលិតផល​ជលផល ​ដែល​វា​រី​វប្ប​ករ​ក្នុងស្រុកអាច​ផលិត​បាន​ដូចជា៖ ​ត្រីប្រា​ ត្រីពោ​ ត្រី​អ​ណ្តែ​ង ​និង​ត្រី​ឆ្តោ​ជាដើម ​ដើម្បី​ជួយ​ដោះស្រាយបញ្ហា​ប្រឈម​ទីផ្សារ​ផលិតផល​វារីវប្បកម្ម​នា​ពេល​បច្ចុប្បន្ន​ និងរួមចំណែក​ជំរុញ​ការផលិត​ក្នុង​ស្រុក ​ឱ្យ​បាន​ខ្លាំងក្លា ​និង​ឈាន​ទៅ​រក​ការនាំចេញ​នា​ពេល​ខាងមុខ​។

គួរបញ្ជាក់ផងដែរថា ការផ្អាកការនាំចូល​ផលិតផល​ជលផលខាងលើ បានធ្វើឡើងដោយអនុវត្ត​តាម​អនុសាសន៍ ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ ​ស​ម្តេ​ច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន ​សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នា​ថ្ងៃទី ១៨ ខែកុម្ភៈ ​ឆ្នាំ២០២០ ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​គរុសិស្ស​ គរុ​និស្សិត​បញ្ចប់​ការសិក្សា​ឆ្នាំ ២០១៨-២០១៩ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ​និង​ថ្ងៃទី១៤ ខែកក្កដា ​ឆ្នាំ២០២០ ក្នុង​ឱកាស​ជួប​សំណេះ​សំណាល​ ជាមួយ​បងប្អូន​ប្រជាកសិករ​វា​រី​វប្ប​ករ ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ ​និង​អភិវឌ្ឍន៍​ពូជ​ត្រី​ទឹកសាប​បាទី​ខេត្តព្រៃវែង ​ដែល​ស​ម្តេ​ច​តេ​ជោ ​បាន​ណែនាំ​ហើយ​ណែនាំ​ទៀត​ ឱ្យ​ប្រើប្រាស់​ឱកាស​មាស​ ក្នុង​ការ​ដាំដុះ​ចិញ្ចឹម​ត្រី​ និង​សត្វ​ ដើម្បី​ឈាន​ទៅដល់​ការកាត់បន្ថយ​ការនាំចូល​ និង​ផ្អែក​តាម​សំណូមពរ​របស់​សមាគម​វា​រី​វប្ប​ករ​នៅ​កម្ពុជា​ផង​នោះ​។​

តាមក្រសួងកសិកម្ម ថ្មីៗនេះ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ ​សង្កេតឃើញ​ថា​ មាន​ក្រុម​អាជីវករ​នាំចេញ​នាំចូល​ផល​ផលិតផល​ជលផល​មួយចំនួន​ នាំឲ្យមានការ​មិន​ពេញចិត្ត ​ចំពោះ​ចំណាត់ការ​នៃ​ការ​ផ្អាក​ជា​ប​ណ្តោះ​អាសន្ន ​នូវ​ការនាំចូល​ផលិតផល​ជលផល​ ដែល​អាច​ផលិត​បាន​ក្នុងស្រុក​នា​ពេល​កន្លងមក​។

ជាមួយគ្នានោះ ​ដើម្បី​ដោះស្រាយបញ្ហា​ខាងលើ​នៅ​ព្រឹក​ថ្ងៃទី ៨ ខែមករា ​ឆ្នាំ២០២១ ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​បាន​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ ​រួមមាន ​សមាគម​វា​រី​វប្ប​ករ​នៅ​កម្ពុជា ​និង​តំណាង​អាជីវករ​នាំចេញ​នាំចូល​ផល​ផលិតផល​ជលផល​ និង​បាន​ព្រមព្រៀងគ្នា​អនុវត្ត​នូវ​វិធានការ​បន្ទាន់​មួយចំនួន​ដូច​ខាងក្រោម​៖

ទី ១- សមាគម​វា​រី​វប្ប​ករ​នៅ​កម្ពុជា ​ត្រូវ​រៀបចំ​ផ្តល់​ជូន​នូវ​ព័ត៌មាន​ ដែល​ទាក់ទង​ទៅ​នឹង​ប្រភេទ​បរិមាណ​ផល​ផលិតផល​វារីវប្បកម្ម​ ដែល​ត្រូវ​ដល់ពេល​ប្រមូល​ផល​នៅ​តាម​ខែ​នីមួយៗ ​ដល់​អា​ជីក​រ​ប្រមូល​ទិញ​នាំចេញ​នាំចូល​ផល​ផលិតផល​ជលផល​ ដើម្បី​ចុះ​ប្រមូល​ទិញ​ផល​ផលិតផល​ជលផល ​ដែល​ផលិត​បាន​ក្នុងស្រុក​ទាំងនោះ​ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​។

ទី ២- តំណាង​អា​ជីក​រ​នាំចេញ​នាំចូល​ផល​ផលិតផល​ជលផល ​បាន​យល់ព្រម​ផ្អាក​នូវ​ការ​ស្នើសុំ​នាំចូល​ប្រភេទ​ត្រី​ ដែល​វា​រី​វប្ប​ករ​ផលិត​បាន​ច្រើន​ដូចជា ​ត្រីប្រា​ ត្រីពោ​ ត្រី​អ​ណ្តែ​ង ​និង​ត្រី​ឆ្តោ​ព្រមទាំង ​ប្រភេទ​ត្រី​មួយចំនួន​ទៀត ​ដែល​អាច​ចិញ្ចឹម ​បាន​ក្នុងស្រុក​តាម​ការ​ជូនដំណឹង​របស់​សមាគម​វា​រី​វប្ប​ករ​នៅ​កម្ពុជា​។

ទី៣- តំណាង​អា​ជីក​រ​នាំចេញ​នាំចូល​ផល​ផលិតផល​ជលផល ​បាន​ឯកភាព​ក្នុង​ការ​បង្កើត​នូវ​សមាគម ​និង​ប​ណ្តុំ​អ្នក​ប្រមូល​ទិញ​ផល​ផលិតផល​ជល ​នៅ​តាម​តំបន់ ​ដើម្បី​ប្រមូល​ទិញ​ផល​ផលិតផល​ជលផល​ដែល​ផលិត​បាន​ក្នុងស្រុក​។

និងទី ៤- ចំពោះ​ការ​នាំ​ឆ្លងកាត់​ផល​ផលិតផល​ជលផល ​តំណាង​អា​ជីក​រ​នាំចេញ​នាំចូល​ផល​ផលិតផល​ជលផល​ធានា ​ថា​នឹង​មាន​ការចុះបញ្ជី​ទទួលស្គាល់​នៅ​ដើម​ទី ​និង​ចុង​ទី ​ពី​មន្ត្រី​ជលផល​មាន​សមត្ថកិច្ច​ និង​ធានា​ថា​មិន​មានការ​ទម្លាក់​ចែកចាយ​ ផល​ផលិតផល​ជលផល​ ឆ្លងកាត់​នេះ​ចូល​ទៅ​ក្នុង​ទីផ្សារ​ក្នុងស្រុក​ឡើយ​។

​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ សង្ឃឹម​ ថា​វា​រី​វប្ប​ករ​អាជីវករ ​នាំចេញ​នាំចូល​ផល​ផលិតផល​ជលផល​ទាំងអស់ ​សាធារណជន​ ក៏ដូចជា​ប​ណ្តា​ញ​សារព័ត៌មាន​នានា ​ផ្តល់​កិច្ចសហការ​ជាមួយ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ ​និង​នេសាទ​ក្នុង​ការ​បំពេញភារកិច្ច​នេះ​ ឱ្យ​បាន​ល្អ​ប្រសើរ​ ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​ចូលរួម ​ដល់​ការ​អភិវឌ្ឍ​វារីវប្បកម្ម​នៅ​កម្ពុជា​៕

Click to comment

Leave a Reply

Your email address will not be published.

Facebook