(ភ្នំពេញ)៖ នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន បានលើកឡើងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា ផ្តើមចេញពីនយោបាយឈ្នះឈ្នះ នៅចុងឆ្នាំ១៩៩៨ ប្រទេសកម្ពុជា បានបោះជំហានដើរចេញពីប្រទេសអសន្តិសុខស្បៀង ទៅជាប្រទេសផលិតស្បៀងបានគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ឲ្យតម្រូវការក្នុងស្រុក និងឈានជាជំហានៗទៅជាប្រទេសផលិតស្បៀង លើសពីសេចក្តីត្រូវការនៅឆ្នាំ២០០០ ហើយ ១០ឆ្នាំក្រោយមក គឺនៅឆ្នាំ២០១០ កម្ពុជាបានក្លាយជាប្រទេសនាំស្បៀងចេញ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។


ឯកឧត្តម វេស សាខុន បានបន្តថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមសហការជាមួយភាគីពាក់ព័ន្ធអនុវត្តគោលនយោបាយនេះ បានយ៉ាងខ្ជាប់ខ្ជួនក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាសម្រេចឲ្យបានតាមផែនការដែលបានដាក់ចេញ។ ជាក់ស្តែងសមិទ្ធផលដែលកម្ពុជាសម្រេចបាននៅឆ្នាំ២០២០ កន្លងទៅថ្មីៗនេះគឺអង្ករចំនួនជាង ៦៩០ ០០០តោន និងស្រូវចំនួនជាង ២ ៨០០ ០០០តោន ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ក្រៅពីនេះ កម្ពុជាបាននិងកំពុងធ្វើការនាំ ចេញកសិផលសំខាន់ៗមួយចំនួនទៀតដូចជាផ្លែស្វាយស្រស់ និងកែច្នៃ ផ្លែចេកស្រស់ គ្រាប់ស្វាយចន្ទីស្រស់ និងកែច្នៃ ដំឡូងមីស្រស់ និងក្រៀម មានប៉ៃលិនស្រស់ (តាង៉ែន)។
រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា ទោះបីកម្ពុជា ទទួលបានសមិទ្ធផលដ៏ល្អប្រសើរយ៉ាងនេះក្តី ក៏ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែបន្តសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធក្នុងការរៀបចំផែនការជំរុញកំណើនកសិកម្ម រួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ តាមរយ:ការដាក់ចេញនូវគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ក្នុងគោលបំណងសំខាន់គឺធ្វើយ៉ាងណា “ប្រែក្លាយកសិកម្មកម្ពុជាទៅជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការ ប្រែប្រួលអាកាសធាតុ និរន្តរភាព បង្កើនប្រាក់ចំណូល ធានាបានសន្តិសុខស្បៀង អាហារូបត្ថម្ភ និងនវានុវត្តន៍” ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាពតាមអភិក្រម ព្រមទាំងលើកកម្ពស់ការធ្វើយន្តូបនីយកម្មកសិកម្ម ពិពិធភាវូបនីយកម្មកសិកម្ម និងកសិ-ពាណិជ្ជកម្ម ធ្វើយ៉ាងណាសម្រេចឲ្យបាននូវទស្សនវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០។

ឯកឧត្តម វេង សាខុន បានបញ្ជាក់បន្ថែមថា មួយក្នុងចំណោមគោលនយោបាយ ជាអាទិភាពរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺការអភិវឌ្ឍយន្តូបនីកម្មកសិកម្ម។
ឯកឧត្តម បានសង្កត់ធ្ងន់ថា ផ្តើមចេញពីការអនុវត្តគោលនយោបាយនេះ យើងសង្កេត ឃើញថាបច្ចុប្បន្ន គ្រឿងយន្តកសិកម្មបានចូលខ្លួនមកបម្រើឲ្យវិស័យកសិកម្មជំនួសឲ្យកំលាំងពលកម្មមនុស្ស និងសត្វពាហន:ស្ទើរតែទាំងស្រុង ជាពិសេសលើផ្នែកផលិតកម្មដំណាំស្រូវ និង ដំណាំកសិ-ឧស្សាហកម្ម។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម (០៨/មករា/២០២១) បានបង្ហាញថាបច្ចុប្បន្ន កម្ពុជាមានត្រាក់ទ័រចំនួន ៣២ ០៩៤គ្រឿង គោយន្តចំនួន ៤៩៨ ១១៩គ្រឿង និងម៉ាស៊ីនប្រមូលផលស្រូវមានចំនួន ៦ ៧៩៦គ្រឿង ដែលបាននិងកំពុងបំពេញការងារយ៉ាងសកម្មក្នុងការរៀបចំដីស្រែ ដីចំការ និងប្រមូលផលស្រូវ ហើយនិងគ្រឿងយន្តបម្រើឲ្យការងារសាកវប្បកម្ម។

ជាក់ស្តែង ផ្ទៃដីភ្ជួររាស់ដោយគ្រឿងយន្តមានចំនួន ៣ ៣៩៦ ០៦០ហ.ត ស្មើនឹង ៩៩,១៤% នៃផ្ទៃដីដែលបានភ្ជួររាស់សរុប ក្នុងនោះផ្ទៃដីស្រែប្រមាណជា ៨៥,៤០% ត្រូវបានប្រមូលផលដោយប្រើម៉ាស៊ីច្រូត។ ទន្ទឹមនេះ ក្នុងគោលបំណងដើម្បីចូលរួមចំណែកអនុវត្តបច្ចេកទេសរៀបចំដី និងប្រើប្រាស់គ្រឿងយន្តកសិកម្មឲ្យបានត្រឹមត្រូវសម ស្របតាមបទដ្ឋាន ស្ថានភាពដី និងប្រភេទដំណាំ រៀងរាល់ឆ្នាំ នាយកដ្ឋានវិស្វកម្មកសិកម្មបានចុះធ្វើការបង្ហាញជាក់ស្តែងអំពីការប្រើគ្រឿងយន្ត ជួសជុល និងបានធ្វើការណែនាំអំពីអត្ថប្រយោជន៍សំខាន់ៗជូនដល់កសិករផងដែរ ដូចជាការត្រួតពិនិត្យបច្ចេកទេសនៃការរៀបចំដីអត្ថប្រយោជន៍នៃការរៀបចំដី និងបច្ចេកទេសនៃការគ្រឿងយន្តក្នងការប្រមូលផល៕