ភ្នំពេញ: បេក្ខជនចំនួន ១៩ ១៧៩នាក់ ត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រកាសផ្ដល់អាហារូបករណ៍ឱ្យចូលរៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈនៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈចំនួន ៣៨កន្លែងនៅទូទាំងប្រទេស ដើម្បីផ្ដល់ជំនាញ ចំណេះដឹង និងបទពិសោធន៍ដល់ពួកគេ។

សេចក្ដីជូនដំណឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ក្នុងឆ្នាំសិក្សា២០២០-២០២១ខាងមុខនេះ ក្រសួងនឹងជ្រើសរើសបេក្ខជនចំនួន ១៩ ១៧៩នាក់ឱ្យទទួលអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១(C1), ២ (C2) និង ៣ (C3)ថ្នាក់សញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររង បច្ចេកទេស/ឯកទេស(HDT/S) និងថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេស/សញ្ញាបត្រវិស្វករ(BT/S/BE)ទៅតាមចំនួន ជំនាញ/មុខរបរ និងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈមួយចំនួន។
សេចក្ដីជូនដំណឹងបន្តថា គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈទាំងនោះរួមមាន វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា, វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស, វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ, វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ, វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍, វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម, វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង និងវិទ្យាស្ថានអប់ និងបណ្ដុះបណ្ដាលនៅតាមបណ្ដាខេត្តមួយចំនួនទៀត។

សេចក្ដីជូនដំណឹងបញ្ជាក់ថា៖«បេក្ខជនត្រូវមកទទួលពាក្យសុំអាហារូបករណ៍នៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដែលខ្លួនមានបំណងចង់សិក្សា រាល់ម៉ោងធ្វើការ។ កាលបរិច្ឆេតឈប់ទទួលពាក្យនឹងជូនដំណឹងដោយសាមីគ្រឹះស្ថានអប់ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនីមួយ»។
មន្ត្រីទទួលពាក្យសុំអាហារូបករណ៍នៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រៃវែងបានថ្លែងថា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រៃវែង ប្រកាសជ្រើសរើសសិស្សឱ្យចូលរៀនចំនួន ៧០០នាក់ ប៉ុន្ដែត្រូវឆ្លងកាត់ការប្រឡងជ្រើសរើសជាមុន។ ក្នុងនោះនឹងមានផ្ដល់អទិភាពចំពោះសិស្សក្រីក្រ និងសិស្សជាជនជាតិដើមភាគតិច។

លោកបញ្ជាក់ថា កម្មវិធីអាហារូបករណ៍នេះ គឺយើងជ្រើសរើសជារៀងរាល់ឆ្នាំ ប៉ុន្ដែឆ្នាំនេះរៀងយឺតបន្ដិចដោយសារវិបត្តិកូវីដ១។ កម្មវិធីសិក្សាមានជំនាញ និងរយៈពេលសិក្សាផ្សេងៗគ្នា គឺជំនាញរយៈពេលខ្លីចាប់ពី ៤ខែដល់ ៨ខែ រីឯជំនាញរយៈពេលវែង ចាប់ពី ១០ខែដល់ ១៨ខែ៕