អន្លង់ដែលមានផ្ទៃមុខកាត់ ២៥ ម៉ែត្រដ៏មានអាថ៌កំបាំងនេះបានបង្ហាញខ្លួនកាលពីថ្ងៃសៅរ៍ទី៣០កក្កដានៅក្នុងឃុំធៀរ៉ា អាម៉ារីលឡា (Tierra Amarilla) ក្នុងតំបន់អាតាកាម៉ា (Atacama) នៅជិតអណ្តូងរ៉ែ អាល់កាប៉ារ៉ារ៉ូសា (Alcaparrosa) ដ៏ធំសម្បើម ហើយត្រូវគេគិតថាមានជម្រៅដល់ទៅ ២០០ ម៉ែត្រ។
ប្រព័ន្ធផ្សព្វផ្សាយរបស់ស៊ីលីបានចេញផ្សាយរូបភាពពីលើអាកាសនៃបាតុភូតចម្លែកនេះ ដែលបានកើតឡើងនៅលើដីដែលដំណើរការដោយក្រុមហ៊ុនអណ្តូងរ៉ែទង់ដែង Lundin Mining របស់កាណាដា ស្ថិតនៅចម្ងាយប្រហែល ៦៨០ គីឡូម៉ែត្រពីភាគខាងជើងរដ្ឋធានីសាន់ត្យាហ្គោ (Santiago) ។
លោក គ្រីស្តូបាល់ ហ្ស៊ូនីហ្គា (Cristobal Zuniga) កាលពីថ្ងៃអាទិត្យបានបញ្ជាក់ពីវត្តមានអន្លង់នេះ ដែលមានទីតាំងស្ថិតនៅជាយទីប្រជុំជនអាតាកាម៉ាហើយបាននិយាយអំពីការភ័យខ្លាចរបស់អ្នករស់នៅក្បែរនោះថា ការជីកយករ៉ែច្រើនពេកនៅក្នុងតំបន់នេះអាចនាំឱ្យមានផលវិបាកដ៏មហន្តរាយ។
ហើយអាជ្ញាធរនៅទីនោះក៏បានទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋទាក់ទងនឹងអន្លង់ដែលបានកើតឡើងនៅទីនេះនៅក្នុងសហគមន៍របស់យើងនៅជិតអណ្តូងរ៉ែអាល់កាប៉ារ៉ារ៉ូសា”។
“ពួកយើងមានការព្រួយបារម្ភ ដោយសារវាជាការព្រួយបារម្ភដែលយើងតែងតែគិតនៅក្នុងសហគមន៍ ព្រោះយើងត្រូវបានហ៊ុមព័ទ្ធដោយកន្លែងជីករ៉ែ និងការងារក្រោមដីនៅក្រោមសហគមន៍របស់យើង”។
មិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេថាតើអន្លង់នេះបណ្តាលមកពីសកម្មភាពពាក់ព័ន្ធនឹងការជីកយករ៉ែឬយ៉ាងណានោះទេ ៕





