រាជធានីភ្នំពេញ៖ លោក សាយ ដែលជាអ្នកបំផុសគំនិតរៀបចំយុទ្ធនាការរត់ក្នុងចម្ងាយជាង២៤០០គីឡូម៉ែត្រចាប់ពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ បានបង្ហាញអារម្មណ៍រំភើបរីករាយ និងមានមោទកភាពចំពោះការមកដល់ទីគោលដៅដែលបានកំណត់។ «ឥឡូវខ្ញុំអាចធ្វើបានដល់ទីបញ្ចប់ តាមពេលវេលាដែលយើងបានកំណត់ទុក។ ដំបូងឡើយយើងគិតថាអាចរៃអង្គាសបានតែ២៥ម៉ឺនដុល្លារអីទេ តែចុងក្រោយយើងបានស្មើគុណនឹងពីរ»។
អំឡុងពេលលោក សាយ រត់កន្លងមកក៏បានជួបនូវបញ្ហាសុខភាព និងបញ្ហាផ្សេងៗផងដែរ។ «ពេលដែលខ្ញុំចាប់ផ្តើមកម្មវិធីនេះដំបូងៗ ខ្ញុំមានបញ្ហាច្រើនទាក់ទងនឹងសុខភាព ជង្គង់ និងជើងរបស់ខ្ញុំ។ឧបសគ្គដែលធំបំផុតគឺរឿងចរាចរណ៍ អ្នកខ្លះជិះបញ្ចៀស។ ឧបសគ្គដំបូងដែលយើងជួបនោះ គឺរឿងភ្លៀង ដែលយើងត្រូវរត់ទាំងភ្លៀង។ ផ្លូវខ្លះអត់មានផ្លូវកៅស៊ូទេ អ៊ីចឹងយើងរត់កាត់ផ្លូវដី ផ្លូវភក់ ឆ្លងស្រឡាង ឡើងភ្នំ»។ នេះជារៀបរាប់របស់លោក សាយ ដោយបានបញ្ជាក់ថា បច្ចុប្បន្នសុខភាពរបស់លោក មិនមានអ្វីធ្ងន់ធ្ងរឡើយ។
មូលហេតុដែលលោក សាយ រៀបចំកម្មវិធីនេះឡើង គឺលោកចង់បំផុសស្មារតីឲ្យពលរដ្ឋចេះចូលរួមក្នុងការងារសង្គម កិច្ចការមនុស្សធម៌ និងការចែករំលែកតាមរយៈសកម្មភាពផ្សេងៗដែលអាចធ្វើទៅបាន។ «ខ្ញុំចង់ឲ្យពួកគាត់ចេះជួយដល់ការងារសង្គម ពីព្រោះសង្គមនេះវាជារបស់យើងរបស់គ្នា។ អ៊ីចឹងយើងត្រូវចេះជួយជ្រោមជ្រែងគ្នា ដើម្បីឲ្យសង្គមយើងទៅមុខឲ្យបានល្អ និងរុងរឿងទៅមុខទៀត»។ នេះបើតាមលោក សាយ ដែលបានបន្ថែមថា លោក នឹងរៀបចំកម្មវីធីផ្សេងៗទៀត សម្រាប់ជួយដល់សង្គមកម្ពុជា នៅថ្ងៃខាងមុខទៀត ៕