Connect with us

ព័ត៌មានជាតិ

សម្ដេច ស ខេង៖ គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព នឹង​កំណត់​លក្ខណសម្បត្តិ​៨​យ៉ាង​

រាជធានី​ភ្នំពេញ៖ កិច្ចប្រជុំ​អន្តរក្រសួង នៅ​ព្រឹក​ថ្ងៃ​ទី ០៨ ខែមករា ឆ្នាំ​២០២១​នេះ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា​កែសម្រួល​លក្ខណៈសម្បត្តិ​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។

យោង​តាម​សេចក្ដី​ព្រាង គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព បាន​កំណត់​លក្ខណសម្បត្តិ​៨​យ៉ាង ដូច​ខាងក្រោម​៖
១. គ្មាន​បទល្មើស​គ្រប់​ប្រភេទ ពិសេស​សកម្មភាព​លួច ឆក់ ប្លន់​។
២. គ្មាន​បទល្មើស​គ្រឿងញៀន​។
៣. គ្មាន​អំពើ​អនាចារ គ្មាន​ការ​ជួញដូរ​មនុស្ស ពិសេស​ស្ត្រី និង​កុមារ គ្មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ គ្មាន​ក្មេង​ទំនើង​។
៤. មាន​អនាម័យ មាន​សោ​ភណ្ឌ​ភាពល្អ និង​បរិស្ថាន​ល្អ​។
៥. ឆ្លើយ​តប​បាន​ទាន់​ពេលវេលា​ចំពោះ​គ្រោះ​មហន្តរាយ ករណី​ប្រធាន​សក្ដិ និង​រាល់​ជ​ម្អឺ​ឆ្លង​រាតត្បាត​កាច​សាហាវ ប្រកបដោយ​ប្រសិទ្ធភាព​។
៦. ផ្ដល់​សេវា​រដ្ឋបាល និង​សេវា​សាធារណៈ​ប្រកបដោយ​គុណភាព តម្លាភាព និង​ទទួល​បាន​ជំនឿ​ទុកចិត្ត​។
៧. ដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន​ក្រៅ​ប្រព័ន្ធ​តុលាការ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​។
៨. គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​។

សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​គូសបញ្ជាក់​ថា​ពាក់ព័ន្ធ​នឹង​ការ​លើក​កម្រិត​ចេញ​ជា​គោលនយោបាយ​នេះ គឺ​ដោយសារ​មាន​សំណូមពរ និង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ដូច្នេះ​ការងារ​នេះ​ត្រូវ​តែ​ធ្វើ​ឡើងជា​សមូហភាព ដោយ​មាន​ស្ថាប័ន​ទាំងអស់​ចូលរួម ដើម្បី​បាញ់​ឆ្ពោះទៅ​មូលដ្ឋាន ។

សម្ដេច​បន្ត​ថា​ពេល​នេះ​យើង​សរសេរ​គោលនយោបាយ ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ហើយ​ការ​ថែម​សង្កាត់​នេះ គឺ​ដោយសារ​បណ្ដា​ក្រុង​តាម​ខេត្ត​ក៏​មាន​សង្កាត់​ដែរ ម្យ៉ាង​នៅ​រាជធានី​ភ្នំពេញ​ក៏​មាន​សង្កាត់​ដូច​គ្នា​ដែរ​។ សម្ដេច​បន្ត​ថា​គោលនយោបាយ​នេះ បាន​សរសេរ​ច្បាស់​ៗ គ្មាន​ពាក្យ​បង្ការ លុប​បំបាត់ ឬ​កាត់​បន្ថយ​អ្វី​ទេ ។
សម្ដេច​បាន​ពន្យល់​ទៀត​ថា ការ​ដាក់​ច្បាស់​ៗ​នូវ​អ្វី​ដែល​ចង់បាន​ក្នុង​គោលនយោបាយ​នេះ គឺ​ដើម្បី​បញ្ចប់​ភាព​ស្រពិចស្រពិល ដូច្នេះ​គោលនយោបាយ​កែសម្រួល​នេះ បាន​កំណត់​ឱ្យ​ច្បាស់​តែ​ម្ដង ដូច​ជា​ពាក្យ​គ្មាន​បទល្មើស​គ្រប់​ប្រភេទ ជា​ពិសេស​សកម្មភាព​លួច​ឆក់​ប្លន់ ឬ​គ្មាន​បទល្មើស​គ្រឿងញៀន​ជាដើម ដោយ​មាន​ផ្នែក​បន្ទាប់​ពន្យល់​យ៉ាង​លម្អិត​។

យោង​តាម​សេចក្ដី​ព្រាង លក្ខណសម្បត្តិ​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព មាន​គោលបំណង​បន្ត​កសាង និង​ពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម លើកកម្ពស់​អនាម័យ បរិស្ថាន សុខមាលភាព​ប្រជាជន និង​កាត់​បន្ថយ​គ្រោះថ្នាក់​ដែល​បណ្ដាល​មក​ពី​គ្រោះ​មហា​ន្ត​រាយ និង​ជម្ងឺឆ្លង​រាតត្បាត​គ្រប់​កាលៈទេសៈ ព្រមទាំង​លើកទឹកចិត្ត​ឱ្យ​មានការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅ​មូលដ្ឋាន​។

គ្រប់​ចំណុច​នៃ​គោលនយោបាយ​នេះ គឺ​ដើម្បី​បង្ក​ភាព​អនុគ្រោះ​ដល់​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច​នៅ​មូលដ្ឋាន និង​ឈាន​ទៅ​បង្កើន​ល្បឿន​នៃ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ព្រមទាំង​កសាង​បានជា​កម្លាំង​សរុប វិធានការ​សរុប និង​មធ្យោបាយ​សរុប ដោយ​បំផុស​ឱ្យ​មាន​កិច្ចសហការ​ចូលរួម​ពី​ជាមួយ​សមត្ថកិច្ច​ផ្នែក​សាធារណៈ ផ្នែក​ឯកជន ផ្នែក​ពាក់ព័ន្ធ និង​ប្រជាជន​ទូ​ទាំង​ប្រទេស ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook