ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមជា មួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញបច្ចេកទេសពាក់ពន្ធ័ បានអញ្ជើញទៅពិនិត្យការ ដ្ឋានដំណើរការសាងសង់អគារអគ្គនាយកដ្ឋាន ទីភ្នាក់ ងារសារព័ត៌មានកម្ពុជាAKP អគារអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ថ្មីនៃក្រសួង ព័ត៌មាន ដែលសម្រេចបាន ៩០ភាគរយ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានពិនិត្យមើលបន្ទប់សាលប្រជុំធំ ដែលអាចរៀបចំកៅអីឱ្យអ្នកចូលរួមបានប្រមាណ ៣០០ នាក់។ ជាមួយនេះ ក៏ពិនិត្យបន្ទប់ប្រជុំតូច និងមធ្យម បន្ទប់សម្រាប់មន្រ្តីបំពេញការងារសំខាន់ៗមួយចំនួន រួមជាមួយបន្ទប់ថ្នាក់ដឹកនាំ ទីប្រឹក្សាក្រសួង និងជំនួយការ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ នៅក្នុងអគារថ្មីនេះ ដែលមានទីតាំងស្ថិតក្នុងបរិវេណ ក្រសួងព័ត៌មាន តាមបណ្តោយផ្លូវ មុន្នីវង្ស សង្កាត់ ស្រះចកខណ្ឌដូនពេញ។

បន្ទាប់ពីអគារនេះសាងសង់ហើយរួចរាល់ នឹងធ្វើឱ្យថ្នាក់ ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងថ្នាក់ដឹកនាំក្រសួងព័ត៌មាន មានអគារថ្មី មួយទៀតសម្រាប់បំពេញកិច្ចការងារ ទៅតាមផ្នែក តាមជំនាញ នីមួយៗកាន់តែល្អ ព្រោះថាពី១ថ្ងៃទៅមួយថ្ងៃ សម្រាប់ក្រសួងព័ត៌មាន កាន់តែមានកិច្ចការងារ ជាច្រើនដែលត្រូវបំពេញទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីធ្វើយ៉ាងណាឱ្យវិស័យព័ត៌មាន និងសោត ទស្សន៍កាន់តែរីកចម្រើន ស្របតាមការវិវត្តន៍នៃបច្ចេកវិទ្យាព័ត៌មានវិទ្យា និងស្របតាមទិសស្លោក ប្លែក លឿន ទុកចិត្តបាន នៅទីណា ពេលណាក៏បាន។

គួររំលឹកថា អគារបំពេញ ការងារថ្មីនេះ ត្រូវបានរៀបចំធ្វើពិធីក្រុងពលី ចាប់ដំណើរ ការបើកការដ្ឋានសាងសង់ កាលព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០១៩ ។ អគារថ្មីនេះ មានកំពស់១៤ជាន់ បណ្តោយ៦៥ ម៉ែត្រ ទទឹង១៤ ម៉ែត្រ មានបន្ទប់បំពេញការងារជាង ៣០០ បន្ទប់។ អគារនេះសាងសង់ដោយក្រុមហ៊ុន ឃុន សៀ ឌីវីឡុបមែនគ្រុបសហការជាមួយក្រុមហ៊ុន BELLETONE ប្រទេសចិន៕