Connect with us

កងកម្លាំងប្រដាប់អាវុធ

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានឆ្នាំនេះ បញ្ហាសមុទ្រចិនខាងត្បូង មិនមានការពិភាក្សាតានតឹងដូចឆ្នាំមុនៗទេ

ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា និងជាប្រធានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន បានអះអាងថា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានឆ្នាំនេះ បញ្ហាសមុទ្រចិនខាងត្បូង មិនមាន ការពិភាក្សាតានតឹងដូចឆ្នាំមុនៗទេ ហើយភាគីពាក់ព័ន្ធបានឯកភាពថា ការលើកកម្ពស់ថែរក្សាសន្តិភាពគឺជារឿងសំខាន់។

ថ្លែងក្នុងសន្នីសីទសារព័ត៌មានបូកសរុបការងារកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនាព្រឹកថ្ងៃទី៦ខែសីហាឆ្នាំ២០២២នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ  ជាប្រធានដឹកនាំកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ាននេះ បានមានប្រសាសន៍ថា ភាគីទាំងអស់បានអះអាងថា សារសំខាន់  នៃបញ្ហានេះ គឺការលើកកម្ពស់ សន្តិភាព ស្ថិរភាព សុវត្ថិភាព និងសេរីភាព ក្នុងការធ្វើនាវាចរនៅលើសមុទ្រចិនខាងត្បូង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា ភាគីទាំងអស់បានបញ្ជាក់ពីសារសំខាន់ នៃការអនុវត្តន៍ពេញលេញនូវសេចក្ដីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង ហៅកាត់ថា  DOC និងប្រសិទ្ធភាព នៃ DOCនេះ។ ជាមួយគ្នានោះ ភាគីទាំងអស់បានកត់សម្គាល់ថា ឆ្នាំនេះ ជាខួបលើកទី២០ នៃការបង្កើតសេចក្ដីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូងនេះ។

 

ជាមួយគ្នានោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុន ក៏បានបង្ហាញពីសន្ទស្សន៍វិជ្ជមានក្នុងការចរចាដោយផ្ទាល់ឡើងវិញស្តីDOCនៅខេត្តសៀមរាបកាលពីពេលថ្មីៗនេះ បើទោះបីត្រូវប្រឈមនឹងបញ្ហាកូវីដ១៩យ៉ាងណាក៏ដោយ។  អាស៊ានសង្ឃឹមថា នឹងបញ្ចប់ការចរចាជាលើកទី២ នៃអត្ថបទចរចា សេចក្តីព្រាងចំនួន៦  ស្តីពីDOCនេះ។

សូមបញ្ជាក់ថា ប្រទេសពាក់ព័ន្ធទៅនឹងបញ្ហាសមុទ្រចិនខាងត្បូងនេះ រួមមាន៖ ប្រទេសចិន  ប្រ៊ុយណេ ម៉ាឡេស៊ី វៀតណាម និងហ្វីលីពីន៕

Click to comment

Leave a Reply

Your email address will not be published.

Facebook