Connect with us

កងកម្លាំងប្រដាប់អាវុធ

ខេត្តសៀមរាបរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ ដែល មានប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម

ចាប់ពីថ្ងៃទី០៤រហូតដល់ទី០៧ ខែសីហា ឆ្នាំ២០២២ នៅកីឡដ្ឋានខេត្តសៀមរាប ស្ថិតនៅឃុំកណ្តែក ស្រុកប្រាសាទបាគង មានរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ ដែលជាព្រឹត្តិការណ៍កីឡាទេសចរណ៍មួយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ សាមគ្គីភាពនិងមិត្តភាព។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងក្នុងឱកាសចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ នៅកីឡដ្ឋានខេត្តសៀមរាប ស្ថិតនៅឃុំកណ្តែក ស្រុកប្រាសាទបាគងថា ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តមពិតជាមានសេចក្តីសោមនស្សរីករាយ និងស្វាគមន៍ក្រុមគណៈប្រតិភូទាំងថ្នាក់ជាតិនិងអន្តរជាតិ ដែលបានជ្រើសយកខេត្តសៀម រាបជាកន្លែងប្រារព្ធព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ។ ឯកឧត្តមបន្តថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ បាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ ដែលមានកីឡាករ កម្ពុជា ថៃ ឡាវ និងវៀតណាម គឺដើម្បីពង្រីកនូវសក្តានុពលទេសចរណ៍សម្បូរបែបតាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់វ័យចំណាស់ និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅបណ្តាប្រទេសតាមដងទន្លេមេគង្គ ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍តំបន់សៀមរាប-អង្គរ ជំរុញកំណើនភ្ញៀវទេសចរ អភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យកីឡាទេសចរណ៍ និងទាក់ទាញចំណាប់អារម្មណ៍ ពីសំណាក់អ្នកស្នេហាវិស័យកីឡាជាតិ និងអន្តរជាតិ។

ខ្ញុំពិតជាមានក្តីសោមនស្សរីករាយ ដែលបានចូលរួមជាមួយឯកឧត្តម លោក លោកស្រីក្នុងពិធីប្រកួតទេសចរណ៍ បាល់ទាត់មិត្តភាពវ័យចំណាស់ សម្រាប់ប្រទេសតាមដងទន្លេមេគង្គ ដែលបានប្រព្រឹត្តិក្នុងបរិយាកាសសប្បាយរីករាយ ក្រោមម្លប់នៃសន្តិភាព ហើយក៏សូមថ្លែងអំណរគុណប្រតិភូទាំងជាតិ និងអន្តរជាតិ ជាពិសេសបងប្អូន ប្រទេសជិតខាងទន្លេមេគង្គរបស់យើង ដែលមានថៃ វៀតណាម ឡាវដែលបានចូលរួម ហើយអរគុណណាស់ដែលបានជ្រើសរើសយកខេត្តសៀមរាប ក្នុងការប្រារព្ធបើកព្រឹត្តិការណ៍កីឡាមិត្តភាពវ័យចំណាស់បាល់ទាត់ដើម្បីសាមគ្គីទេ ដើម្បីមិត្តភាពទេ មិនមែនថាជាការប្រកួតប្រជែងទេ ថ្ងៃទាត់ដើម្បីមិត្តភាពនិងសុខភាព។

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍មានប្រសាសន៍ថា បាល់ទាត់ជាកីឡាដែលមានសក្តានុពលមួយប្រភេទ មានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព ក្នុងនោះកីឡាបាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ ត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍កីឡាទេសចរណ៍មួយ ដោយមានការចូលរួមពីកីឡាករ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ចូលរួមទស្សនាមកពីគ្រប់ទិសទី ដែលព្រឹត្តិការណ៍កីឡានេះ បានបង្ហាញឱ្យឃើញអំពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសជាមិត្តជិតខាង ក្នុងភាពជាដៃគូ និងមិត្តភាព។

ឯកឧត្តមក៏កោតសរសើរអំពីសក្តានុពល និងបានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាយ៉ាងល្អប្រសើរ ក្នុងការរៀបចំ ព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ។

ឯកឧត្តមបន្តទៀតថា ក្នុងឆ្នាំ២០២៣ខាងមុខ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡា SEA GAME – ASEAN PARA GAME ដែលត្រូវចំណាយពេលរង់ចាំរហូតដល់ទៅ៦៤ឆ្នាំ ទើបអាចធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួត SEA GAME – ASEAN PARA GAMEនេះ។ ដូច្នេះ ព្រឹត្តិការណ៍កីឡានាពេលនេះ ជាចំណែកមួយក្នុងការចូលរួមលើកស្ទួយនិងផ្សព្វយផ្សាយ វិស័យកីឡានៅក្នុងប្រទេសកម្ពុជា។

ការពិតព្រឹត្តិការណ៍ប្រកួតកីឡា គឺជាព្រឹត្តិការណ៍ទេសចរណ៍ ពីព្រោះធម្មតានៅពេលមានការប្រកួតគឺមានការចូលរួម មិនត្រឹមតែកីឡាករ កីឡាការីនី អ្នកទស្សនា តែមានទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាទាំងអស់គ្នា ហើយទឹកដីខេត្តសៀមរាប ទោះបីស្ថិតក្នុងបរិបទកូវីដ១៩ ក៏ប៉ុន្តែវិស័យទេសចរណ៍របស់យើង បានងើបឡើងវិញជាបណ្តើរៗហើយ ជាក់ស្តែងថ្ងៃនេះការបើកព្រឹត្តិការណ៍នេះ បង្ហាញឱ្យឃើញអំពីកិច្ចសហប្រតិបត្តិការ ល្អប្រសើររវាងប្រទេសជិតខាង ជាពិសេសប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាមនេះ ហើយកីឡាវ័យចំណាស់នេះ ក៏ជាកីឡាដ៏មានសក្តានុពលនិងមានប្រជាប្រិយ ដែលបង្ហាញឱ្យឃើញអំពីមិត្តភាព និងសាមគ្គីភាព រវាងកម្ពុជា ថៃ ឡាវ និងវៀតណាមក្នុងការបង្កើតព្រឹត្តិការណ៍ដ៏ទាក់ទាញនេះ។

សូមជម្រាបផងដែរថា នៅក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ នេះ មាន ៦ក្រុមក្នុងនោះ កម្ពុជាមាន១ក្រុម ថៃ ៣ក្រុម វៀតណាម ១ក្រុម និងឡាវ ១ក្រុម ដោយបែងចែកជាពីរពូល ក្នុងនោះពូលA មានកម្ពុជា ឡាវ និងថៃ២ ហើយពូលB មានវៀតណាម ថៃ១ និងថៃ៣។ការប្រកួតនេះ បើកទូលាយដល់បងប្អូនអញ្ជើញចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីលើកកម្ពស់វិស័យកីឡារទេសចរណ៍ ឱ្យបានទូលំទូលាយថែមទៀត សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook