Connect with us

កងកម្លាំងប្រដាប់អាវុធ

ប្រសិនបើមីយ៉ាន់ម៉ាមិនមានវឌ្ឍនភាពគ្រប់គ្រាន់ទេនោះ អាស៊ានគឺនៅតែបន្តរក្សាទម្រង់ដដែល

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសនៃប្រធានអាស៊ានឆ្នាំ២០២២បានថ្លែងថា ប្រសិនបើប្រទេសមីយ៉ាន់ម៉ាមិនមានវឌ្ឍនភាពគ្រប់គ្រាន់ទេនោះ អាស៊ានគឺនៅតែបន្តរក្សាទម្រង់ ដដែល ដោយមិនអនុញ្ញាតឱ្យមានតំណាងស្មើភាពគ្នា ចូលរួមក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខ នោះទេ ។

ការថ្លែងបែបនេះរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គឺដើម្បីឆ្លើយតបទៅនឹងសំណួររបស់ អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នាទីស្តីការក្រសួងការបរទេស នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាសន៍ថា សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន នាពេលខាងមុខ អាស៊ាននឹងពិនិត្យសេចក្ដីថ្លែងការណ៍របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃប្រទេសមីយ៉ាន់ម៉ា ដែលបានដាក់ចេញជាការអនុវត្តន៍ ជាវឌ្ឍនភាពដែលមើលឃើញជាក់ស្ដែង សម្រាប់អនុញ្ញាតឱ្យអាស៊ានធ្វើការវាយតម្លៃជាវិជ្ជមាន សម្រាប់ការត្រឡប់របស់តំណាងមីយ៉ាន់ម៉ាស្មើគ្នា ដើម្បីចូលរួមកិច្ចប្រជុំកំពូល ។

ក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ចំពោះការកាត់ទោសប្រហារជីវិតថ្មីៗនេះ របស់មីយ៉ាន់ម៉ា ត្រូវបានពិចារណាថា ជាការដើរថយក្រោយយ៉ាងខ្លាំងសម្រាប់កិច្ចខិតខំប្រឹងប្រែង ដែលអាស៊ានបានវិនិយោគលើការព្យាយាមកសាងភាពទុកចិត្តក្នុងចំណោមភាគីពាក់ព័ន្ធមីយ៉ាន់ម៉ា នេះគឺពាក់ព័ន្ធទៅនឹងអាទិភាពទីបី គឺអាទិភាពក្នុងការចាប់ផ្ដើមដំណើរការនយោបាយ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា សម្រាប់ដំណើរការនៃកិច្ចប្រជុំកំពូលអាស៊ាន គឺនៅ តែដដែល គឺប្រេសិតពិសេសនៅតែបន្តជួយដល់មីយ៉ាន់ម៉ា ជួយប្រជាជនមីយ៉ាន់ម៉ា ចៀសវាង សង្គ្រាមស៊ីវិល មិនឱ្យកើតឡើងនៅមីយ៉ាន់ម៉ាឡើយ ដែលនេះគឺជាជំហររបស់អាស៊ាន ។ ដូច្នេះសម្រាប់ពេលអនាគតគឺអាស្រ័យទៅលើ មីយ៉ាន់ម៉ា ក្នុងការធ្វើសកម្មភាពតាមវិធីសាស្ត្រ ណាមួយ ដែលជាការបង្ហាញពីវឌ្ឍនភាពល្អប្រសើរ ដូច្នេះគឺអាស៊ាននឹងអាចធ្វើការសម្រេចចិត្តបាន ដោយផ្អែកទៅលើវឌ្ឍនភាពទាំងនោះផងដែរ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook