Connect with us

ព័ត៌មានជាតិ

ផ្លូវមួយខ្សែតភ្ជាប់ពីថៃមកកាន់ខេត្តពោធិ៍សាត់ ស្ថាបនារួចរាល់ជាស្ថាពរ

ផ្លូវតភ្ជាប់ពីស្រុកមឿង ខេត្តត្រាត ប្រទេសថៃឆ្ពោះមកកាន់ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានស្ថាបនារួចជាស្ថាពរ ដែលផ្លូវមួយខ្សែនេះនឹងសម្រួលដល់ប្រព័ន្ធដឹកជញ្ជូនទំនិញរវាងកម្ពុជា-ថៃ។

ភាគីរដ្ឋាភិបាលថៃ បានសាងសង់កំណាត់ផ្លូវមួយខ្សែ តភ្ជាប់ពីភូមិថាសេន ឃុំឡែមកាត់ ស្រុមមឿង ខេត្តត្រាត មកកាន់ច្រកព្រំដែនថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ របស់កម្ពុជារួចរាល់ហើយ។ ការតភ្ជាប់ផ្លូវមួយខ្សែនេះ ជាការបង្កើតច្រកសេដ្ឋកិច្ចថ្មីមួយទៀតរវាងកម្ពុជា និងប្រទេសថៃ និងធ្វើឱ្យស្រុកវាលវែង ខេត្តពោធិ៍សាត់ មានសក្តានុពេលសេដ្ឋកិច្ចថែមមួយកម្រិតទៀត។

កំណាត់ផ្លូវនេះ ត្រូវបានសាងសង់ឡើងដោយក្រាលកៅស៊ូ ប្រភេទ AC មានទឹង ១៤ម៉ែត្រ ប្រវែងជិត ២គីឡូម៉ែត្រ ចែកចេញជាមាន ៤គន្លង។

ការសម្រេចសាងសង់កំណាត់ផ្លូវនេះ បន្ទាប់ពីសភាថៃបានអនុម័ត និងបន្ទាប់ពីលោក ឆ័ត្រប្រឆៃ ផនម៉នឡឺដ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រថៃ បានចារឯកភាពតាមសំណើរបស់អភិបាលខេត្តត្រាត កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ ពាក់ព័ន្ធការពន្លឿនបើកច្រកព្រំដែនអន្តរជាតិនេះ។

ការតភ្ជាប់កំណាត់ផ្លូវមួយខ្សែនេះ គឺជាការចង់ឃើញរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើតនូវចរន្តសេដ្ឋកិច្ចថ្មីមួយទៀតរវាងប្រទេសថៃ និងប្រទេសកម្ពុជា។

ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជាតំបន់ដាច់ស្រយាលមួយពីអតីតកាលនោះ បាននិងកំពុងក្លាយទៅជាតំបន់មានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ និងកសិកម្ម បន្ទាប់ពីផ្លូវមួយជាតិមួយខ្សែ គឺផ្លូវជាតិលេខ៥៥ ត្រូវបានសាងសង់រួចរាល់ និងដាក់សម្ពោធឱ្យប្រើប្រាស់កាលពីឆ្នាំ២០២០កន្លងទៅ។

បច្ចុប្បន្ននេះនៅច្រកថ្មដានេះ នៅខាងទឹកដីកម្ពុជា មានការវិនិយោគអភិវឌ្ឍលំនៅឋាន សណ្ឋាគារ និងកន្លែងលំហែកាយជាច្រើន៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook