Connect with us

ព័ត៌មានជាតិ

គាំទ្រពេញទំហឹង! លោក ឃួង ស្រេង សម្រេចមិនកាប់ដើមឈើ៣ដើមអាយុជាង៣០០ឆ្នាំវិញ

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​សម្រេច​រក្សា​ទុក​ដើមឈើ​ចំនួន​៣​ដើម ដែល​មាន​អាយុកាល​ជាង​៣០០​ឆ្នាំ​វិញ ស្ថិត​នៅ​ផ្លូវភ្លោះ​សួន​កា​ណា​ឌី​យ៉ា និង មន្ទីរពេទ្យ​ព្រះ​អង្គឌួង ដោយ​ហេតុផល​អាយុកាល​ច្រើន​ឆ្នាំ ហើយ​ក៏​ផ្ដល់​ប្រយោជន៍​ជា​ម្លប់​ដល់​ពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ដង​វិ​ថី​កន្លង​មក​។​

​ការ​សម្រេច​មិន​កាប់​ចោល​វិញ​នេះ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ មក​រា ២០២១ ខណៈ​លោក ឃួ​ង ស្រេង ចុះ​ត្រួតពិនិត្យ​ដើមឈើ​ចំនួន​៣​ដើម ដែល​ចាស់​ទ្រុឌទ្រោម​ខាងលើ ។​ ​ដើមឈើ​៣​ដើម​ដែល​កាលពី​ស​ប្តា​ហ៍​មុន​សម្រេច​ថា​កាប់ ឥឡូវ​សង្ស័យ​សុបិន​មិនល្អ​សម្រេច​មិន​កាប់​វិញ​នេះ ឈ្មោះ​ថា «​ដើម​គី​នី​ន​» ឬ​ពលរដ្ឋ​ខ្លះ​ហៅ​ថា «​ដើម​គ្រាប់បែក​» ។​

​បើ​តាម​លោក ឃួ​ង ស្រេង រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បន្ត​ថែទាំ​និង​រក្សា​ទុក​ដើមឈើ​ចំនួន​៣​ដើម ដែល​ចាស់​ទ្រុឌទ្រោម ដោយ​លះ​មែក​ចេញ​មួយ​ចំនួន និង​ធ្វើ​ជើង​ទម្រ​ទប់​ដើម ដើម្បី​ការពារ​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ ។​

​ប្រធាន​អង្គភាព​សួនច្បារ និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ លោក សំ សា​មុត បាន​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​កាលពី​ចុង​ស​ប្តា​ហ៍​មុន​ថា ដើមឈើ​ធំ​ៗ​នៅ​សួន​កា​ណា​ឌី​យ៉ា​មុខ​ពេទ្យ​ព្រះ​អង្គឌួង​នេះ មាន​ប្រមាណ​៥០​ដើម និង​មាន​អាយុកាល​ប្រមាណ​ជាង ៣០០​ឆ្នាំ​មក​ហើយ ហើយ​ថា​ក្រោយ​ពី​កាប់​យក​ចេញ​៣​ដើម អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​ដាំ​ដើមឈើ​ថ្មី​ជំនួស​វិញ​។ ចំណែក​ដើមឈើ​ដែល​នៅ​សល់ ក្រៅពី​៣​ដើម​នេះ អង្គភាព​របស់​លោក នឹង​កាត់​លះ​មែក​ចេញ​ផង​ដែរ ដើម្បី​កាត់​បន្ថយ​ទម្ងន់​ដើមឈើ​៕

Click to comment

Leave a Reply

Your email address will not be published.

Facebook