រាជធានីភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បានកំណត់យកទីតាំង៧កន្លែងក្នុងខេត្តកោះកុងនិងព្រះសីហនុ ដែលមានផ្ទៃក្រឡាសរុបជាង២ពាន់ហិកតា ដើម្បីឲ្យក្រុមហ៊ុនក្នុងស្រុកដេញថ្លៃយកសិទ្ធិធ្វើអាជីវកម្មបូមខ្សាច់។ ក្រសួងរ៉ែ អះអាងថា ការដាក់ឲ្យដេញថ្លៃទីតាំងទាំងនេះ ដើម្បីស្ដារផ្លូវទឹកហូរដែលស្ទះដោយល្បាប់ខ្សាច់។ អ្នកតាមដានព្រិត្តិការណ៍សង្គមបង្ហាញការព្រួយបារម្ភពីផលប៉ះពាល់ជីវៈចម្រុះ និងការលក់អាជ្ញាបណ្ណបូមខ្សាច់ដល់ភាគីទីបី ។
ក្រសួងរ៉ែ និងថាមពល បានចេញសេចក្ដីជូនដំណឹងឲ្យក្រុមហ៊ុនក្នុងស្រុក ដាក់ពាក្យប្រកួតប្រជែងជាសាធារណៈ ដើម្បីទទួលបានសិទ្ធិធ្វើអាជីវកម្មមូលបូមខ្សាច់នៅកោះកុង៣ទីតាំង និងព្រះសីហនុ៤ទីតាំង។ ទីតាំងក្នុងខេត្តកោះកុង មានពីរកន្លែងស្ថិតនៅស្រុកបូទុមសាគរ និងមួយកន្លែងទៀតគឺនៅស្រុកស្រែអំបិល។ ចំណែក ក្នុងខេត្តព្រះសីហនុ គឺពីរទីតាំងស្ថិតនៅស្រុកស្ទឹងហាវ និងពីរទីតាំងនៅស្រុកព្រៃនប់។ លោក យស មុនីរ៉ាត់ អ្នកនាំពាក្យក្រសួងរ៉ែ អះអាងថា ការដេញថ្លៃបូមខ្សាច់នេះ ដើម្បីស្ដារផ្លូវទឹកហូរ។
ក្នុងកិច្ចសម្ភាសន៍នៅថ្ងៃទី១១មករានេះ លោក មុនីរ៉ាត់ ថ្លែងថា៖ «ការដាក់ឲ្យមានការដេញថ្លៃនូវទីតាំងទាំងនេះ គឺដើម្បីស្ដារផ្លូវទឹកដែលកកស្ទះដោយលំហូរល្បាប់ខ្សាច់។ កន្លងមកក្នុងខេ្តតកោះកុងមានអាជីវកម្មបូមខ្សាច់តូចៗនៅតាមព្រែកដែលចេញដោយខេត្ត ហើយទីតាំងនៅសមុទ្រអត់ដែលមានទេ។ នៅព្រះសីហនុមានមួយកន្លែង(ទីតាំងបូមខ្សាច់នៅតំបន់សមុទ្រ)»។អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា អាជីវកម្មបូមខ្សាច់នៅសមុទ្រនេះ មិនមែនសម្រាប់នាំចេញទៅក្រៅប្រទេសទេ ពោលគឺសម្រាប់តម្រូវការបំពេញទីតាំងអភិវឌ្ឍន៍ ឬផ្គត់ផ្គង់ក្នុងស្រុក។
ជុំវិញអាជីវកម្មនេះ លោក សន ជ័យ នាយប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានបង្ហាញការព្រួយបារម្ភពីផលប៉ះពាល់ដល់ជីវចម្រុះដែលមានក្នុងសមុទ្រ។ ជាពិសេសការផ្ដល់សិទ្ធិអាជីវកម្មបន្តដល់ភាគីទី៣ ក្រោយក្រុមហ៊ុនណាមួយទទួលបានសិទ្ធិអាជីវកម្ម។ លោក សន ជ័យ ធ្លាប់សង្កត់ធ្ងន់ថា ករណីខ្សាច់នៅកោះកុងនេះ ធ្លាប់មានភាពមិនប្រក្រតី រហូតដល់រដ្ឋាភិបាលសម្រេចបញ្ឈប់ការនាំខ្សាច់សំណង់គ្រប់ប្រភេទ និងខ្សាច់ល្បាយភក់ ពីខេត្តកោះកុងចេញទៅក្រៅប្រទេស។
សំណុំរឿងអាស្រូវនាំខ្សាច់ចេញទៅក្រៅប្រទេសកាលពីកន្លងមក គឺស្ថិតនៅក្នុងភាពស្រពេចស្រពិលនៅឡើយ ទោះបីរដ្ឋាភិបាលបញ្ឈប់ការនាំចេញខ្សាច់ក៏ដោយ។ មួយវិញទៀតយើងបានដឹងបទពិសោធន៍ហើយពីក្រុមហ៊ុនទទួលបានសិទ្ធិគឺផ្ដល់អាជ្ញាបណ្ណបន្តដល់ក្រុមហ៊ុនផ្សេង ហើយក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណបន្តហ្នឹង ទៅបូមបង្កឲ្យមានផលប៉ះពាល់ដល់បរិស្ថានជីវៈចម្រុះជាដើម។ ទាំងនេះ វាជាមេរៀន ហើយយើងសង្ឃឹមថាអ្វីៗនឹងកែលម្អ, រឿងដែលផ្ដល់អាជ្ញាបណ្ណបន្តដដែលៗ វាមិនគួរកើតមានឡើងវិញឡើយ»។ នេះបើតាមការលើកឡើងរបស់លោក សន ជ័យ។
កាលពីខែកក្កដា ឆ្នាំ២០១៧ ក្រសួងរ៉ែ និងថាមពលសម្រេច បញ្ឈប់ជាស្ថាពរលើការអនុញ្ញាតឲ្យធ្វើអាជីវកម្មនាំខ្សាច់ សំណង់គ្រប់ប្រទេស និងខ្សាច់ល្បាយភក់នៅខេត្តកោះកុង ចេញទៅប្រទេស។ ការបញ្ឈប់សកម្មភាពនាំខ្សាច់ចេញនេះ ធ្វើឡើងក្រោយមានការិះគន់ពីសង្គមស៊ីវិលលើភាពមិនប្រក្រតី និងពុករលួយ កេងប្រវ័ញ្ចលុយជាតិ តាមរយៈអាជីវកម្មបូមខ្សាច់នេះ។
កាលណោះរបាយការណ៍សិង្ហបុរី ដែលបានកត់ត្រាក្នុងទិន្នន័យស្ថិតិពាណិជ្ជកម្មទំនិញរបស់អង្គការសហប្រជាបង្ហាញថា កម្ពុជា បាននាំខ្សាច់ចូលសិង្ហបុរី ប្រមាណជា៧២,៨លានតោន ចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥។ ប៉ុន្តែតួលេខផ្លូវការរបស់រដ្ឋាភិបាលកម្ពុជានោះ បង្ហាញថា ការនាំខ្សាច់ចេញទៅកាន់ប្រទេសសិង្ហបុរី មានត្រឹមតែជាង ២,៨លានតោនប៉ុណ្ណោះ នៅរយៈពេលដូចគ្នានេះ។ ដោយឡែកទិន្នន័យនៃទំហំទឹកប្រាក់ ដែលកម្ពុជានាំខ្សាច់ទៅសិង្ហបុរី គឺល្អៀងទឹកប្រាក់ប្រមាណ៧៤៧លានដុល្លារ ។ តែក្រសួងរ៉ែ និងថាមពល មិនទទួលស្គាល់ទិន្នន័យនោះឡើយ កាលពីឆ្នាំ២០១៦៕