ប្រទេសចិនបានក្លាយប្រទេសដែលទិញអង្ករពីកម្ពុជាច្រើនជាងបំផុត។ ជាស្ដែងក្នុងឆ្នាំ២០២០ ចិនបានទិញអង្ករពីកម្ពុជាជិត៣០ម៉ឺនតោន ស្មើនឹង៤១ភាគរយនៃចំនួននាំចេញសរុបជិត៧០ម៉ឺនតោន។នេះបើតាម ការលើកឡើងពីប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា សុង សារ៉ន បានលើកឡើងថា រយៈពេល៥ឆ្នាំចុងក្រោយនេះ ដោយបច្ច័យល្អទំនាក់ទំនងមិត្តដែកថែបកម្ពុជា-ចិន បានហុចផលដល់ការនាំចេញអង្កររបស់កម្ពុជា ដោយទទួលបានការគាំទ្រពីប្រជាជនចិនលើអង្ករកម្ពុជា។ជាក់ស្ដែង ក្នុងឆ្នាំ២០២០ ចិនបានទិញអង្ករពីកម្ពុជាជិត៣០ម៉ឺនតោន ស្មើនឹង៤១ភាគរយនៃចំនួននាំចេញសរុបជិត៧០ម៉ឺនតោន។

ការសម្រេចបាននូវកំណើន នៃការនាំចេញអង្ករទៅប្រទេសចិននេះ ត្រូវបានលោកឧកញ៉ា សុង សារ៉ន អះអាងថា មិនអាចកាត់ផ្តាច់បានឡើង ពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះអនុស្សារណៈជាមួយរដ្ឋាភិបាលចិន លើកូតានាំចេញអង្ករ ៤០ម៉ឺន ទៅកាន់ប្រទេសចិននេះ។
លោកបញ្ជាក់ទៀតថា «ចិនចាប់អារម្មណ៍ និងគាំទ្រអង្ករយើង តែសំខាន់នៃការចាប់អារម្មណ៍នេះ គឺគុណភាព តម្លៃ និងការផ្គត់ផ្គង់ឲ្យទាន់ពេលវេលា រួមជាមួយបរិមាណផងដែរ។ ចិនបញ្ជាទិញអង្ករពីកម្ពុជាធំៗណាស់ ផ្ទុយពីទីផ្សារផ្សេងៗ ដែលទិញក្នុងកម្រិតតូចៗ ដូច្នេះសរុបមកវិញ នៅពេលដែលចិនទិញ គឺធ្វើឲ្យតម្លៃស្រូវមានការផ្លាស់ប្ដូរតែម្ដង ដូច្នេះយើងត្រូវត្រៀមឃ្លាំង និងឡសម្ងួត មួយវិញទៀតមានចលនាទិញស្រូវទុកឲ្យពេញឃ្លាំង ដើម្បីទទួលការបញ្ជាទិញពីចិន»។

ទោះបីទីផ្សារថ្មីនៅប្រទេសចិនក្តី ក៏ប្រធានសហព័ន្ធស្រូវអង្កររូបនេះ មិនភ្លេចចំពោះទីផ្សារសហគមអឺរ៉ុបនោះទេ ព្រោះអឺរ៉ុបធ្លាប់តែទីផ្សារលេខ១ សម្រាប់អង្ករកម្ពុជា ប៉ុន្តែពេលនេះធ្លាក់ឈរជើងនៅលេខ២។
លោកឧកញ៉ាក សុង សារ៉ន បញ្ជាក់ថា «ពីមុនអឺរ៉ុបជាទីផ្សារតែមួយគត់ ដែលកម្ពុជានាំចេញ ប៉ុន្តែបន្ទាប់ពីកម្ពុជាបង្កើតទីផ្សារថ្មីៗមក គឺសហគមអឺរ៉ុប មានការថយនៅសល់តែ ៣០ទៅ២០ភាគរយទេ នៃការនាំចេញឆ្នាំ២០២០ និងទីផ្សារផ្សេងៗ មានការកើនឡើងមក១០ភាគរយវិញដែរ។ ដូច្នេះកម្ពុជាមិនរំពឹងការនាំចេញអង្ករ ទៅលើទីផ្សារណាមួយទេ កម្ពុជាមានចំណែកទីផ្សារ ដែលអាចឲ្យកម្ពុជារក្សានូវកំណើនទៅមុខទៀត»។

សូជម្រាបថា វិស័យស្រូវអង្ករបានដើរតួយ៉ាងសំខាន់សម្រាប់ស្បៀងអាហារក្នុងស្រុក និងនាំចេញ ឆ្នាំ២០២០ នេះកម្ពុជាផលិតបានស្រូវសរុប ១០.៩១លានតោន និង បាននាំចេញអង្ករផ្លូវការ ជាង ៧០ម៉ឺនតោន ទៅកាន់ទីផ្សារ៦០ប្រទេស ដែលគិតជាទឹកប្រាក់ប្រមាណជា ៤៧០លានដុល្លារសហរដ្ឋអាមេរិក គឺមានកំណើនប្រមាណជាជិត១០%៕