រុស្ស៊ីបានបដិសេធថាមិនមានយន្តហោះណាមួយខូចខាតក្នុងការផ្ទុះកាលពីថ្ងៃអង្គារឬមានការវាយប្រហារណាមួយបានកើតឡើងនោះទេ។ ប៉ុន្តែរូបថតពីផ្កាយរណបបានបង្ហាញយ៉ាងច្បាស់ថាយ៉ាងហោចណាស់យន្តហោះចម្បាំងប្រាំពីរគ្រឿងនៅឯមូលដ្ឋានត្រូវបានបំផ្ទុះ ហើយខ្លះទៀតប្រហែលជាខូចខាត។
មន្ត្រីអ៊ុយក្រែនមិនបានប្រកាសទទួលខុសត្រូវជាសាធារណៈចំពោះការផ្ទុះនេះទេ ខណៈចម្អកដាក់ការពន្យល់របស់រុស្ស៊ីថាអ្នកជក់បារីធ្វេសប្រហែសម្នាក់ប្រហែលបង្កឱ្យផ្ទុះគ្រាប់យុទ្ធភ័ណ្ឌនៅឯមូលដ្ឋានអាកាសសាគី (Saki)។ អ្នកវិភាគក៏បាននិយាយដែរថា ការពន្យល់នេះមិនសមហេតុផលទេ ហើយថា អ៊ុយក្រែនអាចប្រើកាំជ្រួចប្រឆាំងនាវាដើម្បីវាយប្រហារមូលដ្ឋាននេះ។
ជាការពិត ប្រសិនបើកងកម្លាំងអ៊ុយក្រែនជាអ្នកទទួលខុសត្រូវចំពោះការផ្ទុះនេះមែន វានឹងក្លាយជាការវាយប្រហារដ៏ធំដែលគេស្គាល់ជាលើកដំបូងលើទីតាំងយោធារុស្ស៊ីនៅឧបទ្វីបគ្រីមេដែលត្រូវបានរឹបអូសពីអ៊ុយក្រែនដោយវិមានក្រឹមឡាំងក្នុងឆ្នាំ ២០១៤។ យន្តហោះចម្បាំងរុស្ស៊ីបានប្រើប្រាស់មូលដ្ឋានសាគីដើម្បីវាយប្រហារតំបន់នានានៅភាគខាងត្បូងអ៊ុយក្រែន។
គ្រីមេមានសារសំខាន់ជាយុទ្ធសាស្ត្រនិងជានិមិត្តរូបសម្រាប់ភាគីទាំងពីរ។
ការទាមទាររបស់វិមានក្រឹមឡាំងឱ្យអ៊ុយក្រែនទទួលស្គាល់គ្រីមេជាផ្នែកមួយនៃប្រទេសរុស្ស៊ីគឺជាលក្ខខណ្ឌដ៏សំខាន់មួយរបស់ខ្លួនសម្រាប់ការបញ្ចប់ការប្រយុទ្ធគ្នាខណៈអ៊ុយក្រែនបានប្តេជ្ញាថានឹងបណ្តេញរុស្ស៊ីចេញពីឧបទ្វីបនេះ និងដែនដីដែលកាន់កាប់ផ្សេងទៀតទាំងអស់។
ការផ្ទុះ ដែលបានសម្លាប់មនុស្សម្នាក់និងរបួស ១៤ នាក់ បានធ្វើឱ្យអ្នកទេសចររត់គេចខ្លួនទាំងភ័យស្លន់ស្លោ ខណៈផ្សែងហុយពេញឆ្នេរសមុទ្រក្បែរនោះ។ វីដេអូបានបង្ហាញកញ្ចក់បង្អួចបែកនិងរន្ធនៅក្នុងជញ្ជាំងឥដ្ឋនៃអគារមួយចំនួន៕





