Connect with us

កងកម្លាំងប្រដាប់អាវុធ

៧ខែ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទៅវៀតណាមជាង៦០ម៉ឺនតោន

រយៈពេល៧ខែ ឆ្នាំ២០២២កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីប្រមាណ៦៧ម៉ឺនតោន ទៅកាន់ប្រទេសវៀតណាម។ការនាំចេញនេះបានថយចុះប្រមាណ៣៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។

រយៈពេល៧ខែ គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២២កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមចំនួន៦៧ម៉ឺនតោន ស្មើនឹងជាង១លានដុល្លារ។នេះបើតាមរបាយការណ៍ពីសមាគមស្វាយចន្ទី ដែលបញ្ជាក់ថា ការនាំចេញនេះបានថយចុះជាង៣៧ភាគរយ ស្មើនឹង៣៥ម៉ឺនតោន បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបញ្ជាក់ថា បញ្ហាអាកាសធាតុបានធ្វើឱ្យទិន្នផលស្វាយចន្ទីរបស់កសិករធ្លាក់ចុះ មិនអាចផ្គត់ផ្គង់គ្រប់តាមតម្រូវការរបស់ភាគីវៀតណាម ដូច្នេះទើបការនាំចេញថយចុះ។ ម្យ៉ាងវិញទៀត ទិន្នផលគ្រាប់ស្វាយចន្ទីក៏មិនសូវល្អ ដូច្នេះភាគីវៀតណាមក៏កាត់បន្ថយការនាំចូលផងដែរ។

«ដោយសារតែវិបត្តិអាកាសធាតុហ្នឹង ខាងវៀតណាមក៏កាត់បន្ថយការទិញដែរ ព្រោះយើងអត់មានគ្រាប់ស្វាយចន្តីផ្គត់ផ្គង់តាមតម្រូវការខាងវៀតណាមទេ ព្រោះស្វាយចន្ទីយើងខូចច្រើន»។ នេះជាការលើកឡើងរបស់លោក ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា។

ក្រៅពីទិន្នផល និងការនាំចេញ តម្លៃគ្រាប់ស្វាយចន្ទីរបស់កសិករ ក៏ធ្លាក់ចុះផងដែរ។ លោក ស៊ីឡុត បញ្ជាក់ថា អាចលក់បានចន្លោះពី ៥៥០រៀល ទៅ៧២០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ លោក បារម្ភថាវានឹងកាន់តែថយទិន្នផលសម្រាប់ការផ្គត់ផ្គង់ ព្រោះមានកសិករមួយចំនួនបានបោះបង់ការដាំដុះស្វាយចន្ទី។

«កសិករមួយចំនួនបានកាប់ដើមស្វាយចន្ទីចោល នេះជាក្ដីបារម្ភ។ ទិន្នន័យចម្ការស្វាយចន្ទីឆ្នាំ២០២១ យើងមាន៨០ម៉ឺនហិកតាទូទាំងប្រទេស។ តែឥឡូវកសិករគាត់ ធុញទ្រាន់២ឆ្នាំជាប់ៗគ្នាការប្រែប្រួលអាកាសធាតុ ព្រោះស្វាយចន្ទីហ្នឹងទទួលរងគ្រោះច្រើនជាងគេ ដូច្នេះគាត់បានកាប់ចោល១០ម៉ឺនហិកតា។ អ៊ីចឹងមកដល់ពេលនេះ ស្វាយចន្ទីប្រហែលជានៅសល់តែ៧០ម៉ឹនហិកតាទេ»។ នេះជាការលើកឡើងរបស់លោក ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា។

ប្រទេសវៀតណាមជាទីផ្សារនាំចេញគ្រាប់ស្វាយចន្ទីដ៏ធំលំដាប់ទីមួយរបស់កម្ពុជា។ កន្លងមករយៈពេល៧ខែ ឆ្នាំ២០២១ វៀតណាមបាននាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជាជាង១លានតោនឯណោះ។ ក្រៅពីវៀតណាម កម្ពុជាក៏បាននាំចេញគ្រាប់ស្វាយចន្ទី ទៅចិន,ជប៉ុន,ឡាវ និងអារ៉ាប់ផងដែរ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook