Connect with us

ព័ត៌មានទាន់ហេតុការណ៍

​សមាជិកសភា​អាម៉េរិកមួយក្រុមមក​ដល់​កោះ​តៃវ៉ាន់​ក្នុងពេល​កំពុង​មាន​ភាព​តានតឹង​ជាមួយ​ចិន​

15Aug2022(​ដេល្លី​ម៉េល​) ៖ កាលពី​ថ្ងៃអាទិត្យ​ទី​១៤​សីហាគណៈប្រតិភូ​នៃ​សមាជិក​សភា​អាម៉េរិក​មួយក្រុម​បាន​ទៅ​ដល់​កោះ​តៃវ៉ាន់​​សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ    ​នៅក្នុងអំឡុង​​ពេលនោះ​ពួកគេ​នឹង​ជួប​ជាមួយ​ប្រធានាធិបតី សៃ អ៊ីង​វិន (Tsai Ing-wen)​ដែល​នេះ​ជា​ក្រុម​មន្ត្រីជាន់ខ្ពស់​ទី​ពីរ​ហើយ​ដែល​មក​បំពេញ​ទស្សនកិច្ច​ខណៈ​មាន​ភាព​តានតឹង​ផ្នែក​យោធា​រវាង​កោះ​​គ្រប់គ្រង​ដោយ​ខ្លួនឯង​និង​ប្រទេស​ចិន​។​

​ទីក្រុង​ប៉េកាំង ដែល​អះអាង​ថា​តៃវ៉ាន់​ជា​ទឹកដី​របស់​ខ្លួន បាន​ធ្វើ​សមយុទ្ធ​យោធា​ជុំវិញ​កោះ​នេះ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​តំណាងរាស្ត្រ​អាម៉េរិក ណាន់​ស៊ី ផេ​ឡូ​ស៊ី​ទៅ​កាន់​ទីក្រុង​​តៃប៉ិ​កាលពីដើម​ខែ​សីហា​។​

​ចិន​បាន​អះអាង​អធិបតេយ្យភាព​លើ​កោះ​នេះ​ជា​យូរ​មក​ហើយ​តែ រដ្ឋាភិបាល​តៃវ៉ាន់​បដិសេធ​ការអះអាង​របស់​ចិន ហើយ​និយាយ​ថា ប្រជាជន​កោះ​នេះ​គួរតែ​សម្រេច​ចិត្ត​លើ​អនាគត​របស់​ខ្លួន​។​

​ស្ថានទូត​អាម៉េរិក​ក្រៅផ្លូវការ​ប្រចាំ​ទីក្រុង​តៃប៉ិ​បាន​និយាយថា គណៈប្រតិភូ​កំពុង​ត្រូវបាន​ដឹកនាំ​ដោយ​ព្រឹទ្ធ​សមាជិក លោក អេ​ដ ម៉ាក​ឃី (Ed Markey)​ដែល​អម​ដោយ​សមាជិក​សភា​ចំនួន​បួន​​រូប​ក្នុង​ដំណើរ​ទស្សនកិច្ច​ដែល​ពួកគេ​ពណ៌នា​ថា​ជា​ផ្នែក​នៃ​ដំណើរ​ទស្សនកិច្ច​ដ៏​ធំ​ទៅកាន់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។​

​ការិយាល័យ​បាន​ឱ្យដឹង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ជាពិសេស​នៅពេល​ដែល​ចិន​កំពុង​បង្កើន​ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​និង​ក្នុង​តំបន់​ជាមួយនឹង​សមយុទ្ធ​យោធា លោក​ម៉ាក​ឃី ដែល​ដឹកនាំ​គណៈប្រតិភូ​មក​ធ្វើ​ទស្សនកិច្ច​នៅ​តៃវ៉ាន់ ជាថ្មី​ម្តងទៀត​បាន​បង្ហាញ​ពី​ការគាំទ្រ​យ៉ាង​រឹងមាំ​របស់​សភា​អាម៉េរិក​ចំពោះ​តៃវ៉ាន់​”​។​

​លោក​ម៉ាក​ឃី​គឺជា​ប្រធាន​អនុគណៈកម្មាធិការ​នៃ​ព្រឹទ្ធសភា​ទទួលបន្ទុក​ទំនាក់ទំនង​បរទេស​នៅ​អាស៊ី​បូ​ព៌ា ប៉ាស៊ីហ្វិក និង​សន្តិសុខ​អ៊ីនធឺណិត​អន្តរជាតិ​។ អ្នកនាំពាក្យ​របស់​លោក​ម៉ាក​ឃី​និយាយ​ថា​ស​ហមេ​​ដឹកនាំ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​គឺ​តំណាងរាស្ត្រ​លោក ច​ន ហ្គា​រ៉ា​មេន​ឌី (John Garamendi) មក​ពី​ក្រុមការងារ​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែ​និង​អាវុធ​យុទ្ធភ័ណ្ឌ​របស់​សភា និង​តំណាងរាស្ត្រ​លោក ដុន បេ​យើ (Don Beyer)​។​

​ស្ថានទូត​ចិន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា “​សមាជិក​សភា​អាម៉េរិក​គួរតែ​ធ្វើ​សកម្មភាព​ស្របតាម​គោល​នយោបាយ​ចិន​តែ​មួយ​របស់​រដ្ឋាភិបាល​អាម៉េរិក​” ហើយ​បាន​លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​សភា​ចុងក្រោយ​នេះ “​បង្ហាញ​ជាថ្មី​ម្តងទៀត​ថា សហរដ្ឋ​អាម៉េរិក​មិន​ចង់​ឃើញ​ស្ថិរភាព​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់​ទេ ហើយ​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ឱ្យ​មាន​ការប្រឈមមុខ​ដាក់គ្នា​រវាង​ភាគី​ទាំងពីរ និង​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​”​។​

​តែ​អ្នកនាំពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​សេត​វិមាន​បាន​និយាយថា សមាជិក​សភា​បាន​ទៅ​តៃវ៉ាន់​អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ ហើយ​នឹង​បន្ត​ធ្វើ​ដូច្នេះ ដោយ​បន្ថែម​ថា​ដំណើរ​ទស្សនៈកិច្ច​បែបនេះ​គឺ​ស្រប​​តាម​គោលនយោបាយ​ចិន​តែមួយ ដែល​អាម៉េរិក​ប្រកាន់ខ្ជាប់​ជា​យូរ​មក​ហើយ​។​

​នៅ​ក្រោម​គោលនយោបាយ​ចិន​តែមួយ សហរដ្ឋ​អាម៉េរិក​មាន​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ជាមួយ​ទីក្រុង​ប៉េកាំង មិនមែន​តៃវ៉ាន់​ទេ​។ ទោះ​យ៉ាងណា​ទីក្រុង​វ៉ាស៊ីនតោន​មិន​ប្រកាន់​ជំហ​រថា​តើ​ទីក្រុង​ប៉េកាំង​​មាន​អធិបតេយ្យភាព​លើ​កោះ​តៃវ៉ាន់​ឬ​យ៉ាងណា​នោះ​ទេ ហើយ​ត្រូវបាន​ចង​នៅ​ក្រោម​ច្បាប់​របស់​សហរដ្ឋ​អាម៉េរិក​ដើម្បី​ផ្តល់​គ្រប់​មធ្យោបាយ​ដើម្បី​ការពារ​តៃវ៉ាន់​។​

​ការិយាល័យ​របស់​លោក​ម៉ាក​ឃី​បាន​និយាយថា សមាជិក​សភា​អាម៉េរិក​នៅ​តៃវ៉ាន់ “​នឹង​បញ្ជាក់​ឡើងវិញ​នូវ​ការគាំទ្រ​របស់​អាម៉េរិក​ចំពោះ​កោះ​តៃវ៉ាន់ ដែល​ត្រូវបាន​ណែនាំ​ដោយ​ច្បាប់​ទំនាក់ទំនង​តៃវ៉ាន់ សេចក្តីថ្លែងការណ៍​រួម​របស់​សហរដ្ឋ​អាម៉េរិក​និង​ចិន និង​ការធានា​ចំនួន​ប្រាំមួយ ហើយ​នឹង​លើក​ទឹកចិត្ត​ឱ្យ​មាន​ស្ថិរភាព​និង​សន្តិភាព​នៅ​ទូ​ទាំង​ច្រក​សមុទ្រ​តៃវ៉ាន់​”៕


Click to comment

Leave a Reply

Your email address will not be published.

Facebook