Connect with us

កងកម្លាំងប្រដាប់អាវុធ

ឯកឧត្តម រដ្ឋមន្រ្តី វេង សាខុន ចង់បាន កិច្ច សហការ បន្ថែមពីភាគីអូស្ត្រាលី លើ ការពង្រឹងវិស័យកសិកម្ម

ឯកឧត្តម វេង សាខុន បានស្នើឱ្យភាគីអូស្រ្តាលីជំរុញកិច្ចសហការជាមួយក្រុមហ៊ុនឯកជនទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីបង្កើតក្រុមហ៊ុនផលិតពូជស្រូវចែកចាយជូនកសិករទូទាំងប្រទេស។ រដ្ឋមន្រ្តីកសិកម្មកម្ពុជារូបនេះ ក៏បានស្នើអូស្រ្តាលីឱ្យជួយបង្កើនកម្មវិធីសិក្សាសម្រាប់និស្សិតកម្ពុជារួមការកែច្នៃផលិតផលកសិកម្មផងដែរ។

អូស្រ្តាលី បានជួយជ្រោមជ្រែងកម្ពុជា ជាច្រើនលើវិស័យកសិកម្មរួមទាំងបានប្រែក្លាយកម្ពុជាពីប្រទេសដែលខ្វះខាតអង្ករទៅជាប្រទេសនាំចេញអង្ករល្អលេខ១លើពិភពលោក៣ឆ្នាំជាប់គ្នា។ ថ្មីៗនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជា បានជួបពិភាក្សាជាមួយលោកPablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី លើគម្រោងថ្មីស្តីពី ភាពជាដៃគូកម្ពុជា-អូស្រ្តាលីក្នុងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (CAP-RED) ក្នុងទំហំទឹកប្រាក់ ១០៧លានដុល្លារ។ គម្រោងថ្មីនេះ នឹងជួយជំរុញវិស័យកសិកម្មកម្ពុជាឱ្យរីកចម្រើនកាន់តែខ្លាំង។

ទន្ទឹមនោះឯកឧត្តម រដ្ឋមន្រ្តី វេង សាខុន ក៏បានស្នើភាគីអូស្រ្តាលីឱ្យជួយពិនិត្យនិងជំរុញកិច្ចសហការជាមួយក្រុមហ៊ុនឯកជនទាំងក្នុងស្រុក និងក្រៅស្រុកដើម្បីបង្កើតក្រុមហ៊ុនផលិតពូជស្រូវចែកជូនកសិករទូទាំងប្រទេសក្រោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានផលិតពូជគ្រឹះរួច។

ឯកឧត្តម រដ្ឋមន្រ្តី ក៏បានស្នើអូស្រ្តាលីឱ្យជួយបង្កើតកម្មវិធីសិក្សាសម្រាប់និស្សិតកសិកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសផ្សេងៗ រួមទាំងការកែច្នៃផលិតផលកសិកម្មសម្រាប់គម្រោងថ្មី ដែលនឹងអនុវត្តនៅចុងឆ្នាំ២០២២ខាងមុខនេះ។ ក្នុងគម្រោងនេះ ភាគីអូស្រ្តាលីក៏បានផ្តល់រថយន្តចំនួន ៤គ្រឿង សម្រាប់វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ដើម្បីប្រើប្រាស់ក្នុងការស្រាវជ្រាវបន្តផងដែរ។គួរបញ្ជាក់ផងដែរថា កន្លងមក កម្ពុជា  និងអូស្រ្តាលីបានសហការគ្នាលើគម្រោង CAVAC ដែលនឹងបញ្ចប់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ។

គម្រោងនេះផងដែរ បានជួយអភិវឌ្ឍវិស័យកសិកម្មកម្ពុជាតាមរយៈភ្នាក់ងារ AusAid លើការផ្តល់ជំនួយហិរញ្ញវត្ថុនិងបច្ចេកទេសនានា។ ជំនួយនេះបានជួយជំរុញ និងលើកកម្ពស់ផលិតកម្មកសិកម្មតាមរយៈការអភិរក្សពូជដំណាំសំខាន់រួមទាំងការអភិវឌ្ឍ និងបញ្ចេញពូជដំណាំល្អៗឱ្យកសិករប្រើប្រាស់។

ក្រៅពីនេះ ក៏បានអភិវឌ្ឍនិងផ្ទេរបច្ចេកទេសកសិកម្ម ជាពិសេសបច្ចេកទេសគ្រប់គ្រងធនធានដី រួមទាំងការទាំងការប្រើប្រាស់សារធាតុចិញ្ចឹមឲ្យមានវានុវត្តន៍ និរន្តរភាពនិងផលចំណេញសេដ្ឋកិច្ច។ លើសពីនេះក៏មានការបណ្តុះបណ្តាលធនធានមនុស្សឲ្យមានទេពកោសល្យផ្នែកកសិកម្មនិងការធ្វើកិច្ចសហប្រតិបត្តិការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្មជាមួយដៃគូអន្តរជាតិដ៏ច្រើនរួមទាំង CAVAC ផងដែរ។

បើតាមរបាយការណ៍របស់ស្ថានទូតអូស្រ្តាលីបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១០ អូស្ត្រាលីបានវិនិយោគទឹកប្រាក់ចំនួន ១៣០លានដុល្លារ តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) ដើម្បីបង្កើនការផលិតស្រូវ ប្រព័ន្ធធារាសាស្រ្តសម្រាប់កសិករខ្នាតតូច និងការធ្វើពិពិធកម្មកសិកម្មនៅកម្ពុជា។

កម្មវិធីនេះ បង្កើតឡើងក្នុងបំណងចូលរួមកាត់បន្ថយភាពក្រីក្រនៅតាមជនបទ បង្កើនប្រាក់ចំណូលសម្រាប់កសិករ និងជួយវិស័យកសិកម្មនៅកម្ពុជា ឱ្យកាន់តែមានសក្តានុពលខាងផ្នែកពាណិជ្ជកម្ម និងការប្រកួតប្រជែង៕

Click to comment

Leave a Reply

Your email address will not be published.

Facebook