(ភ្នំពេញ)៖ បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន៣០៦នាក់បានទទួលអំណោយពីមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ)នៅសាលារាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៥មករានេះ។
អំណោយដែលបងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូទាំង៣០៦នាក់ទទួលបាន ក្នុងម្នាក់រួមមាន មីមួយកេស ម៉ាស់មួយប្រអប់,និងភួយមួយ។
ការផ្តល់អំណោយនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជានិងលោកស្រី។

លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនិងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជាបានឲ្យដឹងថា មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨មករាឆ្នាំ២០១៨គឺមានរយៈពេលជាង៣ឆ្នាំមកហើយក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ហើយសម្តេចក៏ជាប្រធានកិត្តិយស, លោកឃួង ស្រេង ជាប្រធានក្រុមប្រឹក្សាមូលនិធិនេះ។
លោកម៉េត មាសភក្តី បន្តថា មូលនិធិត្រីចក្រយានកម្ពុជាតែងបានផ្តល់ ជូនថវិកាទ្រទ្រង់ដល់បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូទាំង៣០៦នាក់ក្នុងម្នាក់៧ពាន់រៀលក្នុងរយៈពេល១០ថ្ងៃស្មើនឹង២១ម៉ឺនរៀលក្នុងមួយខែ។

លោកឃួងស្រេង បានថ្លែងថា សម្តេចតេជោបានផ្តួចផ្តើមឲ្យមានការមូលនិធិនេះឡើងសំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអនានិគមនិយមបារាំង។ព្រមទាំងមានអំណោយពេលបុណ្យទានផ្សេងៗ រួមទាំងការផ្តល់ជាឯកសណ្ឋានអ្នកធាក់ស៊ីក្លូ និងបណ្ណ័ប. ស. ស ដើម្បីឲ្យបងប្អូនទៅព្យាបាលជំងឺដោយមិនអស់ប្រាក់។
លោកបន្តថា នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គោលបំណងសំខាន់ក្នុងការបង្កើតឲ្យមានមូលនិធិត្រីចក្រយានកម្ពុជានេះឡើង គឺដើម្បីរួមចំណែកជួយសម្រួលការលំបាករបស់បងប្អូនដែលប្រកបរបរធាក់ស៊ីក្លូ ដោយគិតគូពីសុខភាព ជីវភាពរស់នៅ និងដើម្បីរួមចំណែកលើកស្ទួយ និងអភិរក្ស និងអភិវឌ្ឍន៏ស៊ីក្លូដែលមានជាយូមកហើយឲ្យបានគង់វង់កុំឲ្យបាត់បង់។
លោក ឃួងស្រេង ក៏បានក្រើនរំលឹកដល់បងប្អូនដែលប្រកបរបរធាក់ស៊ីក្លូដែលភាគច្រើនមានវ័យចំណាស់ ឲ្យថែរក្សាសុខភាពប្រកាន់ខ្ជាប់នូវគោលការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ពិសេសការពារខ្លួនពីការរីករាលដាលជំងឺកូវិដ-១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល៕
