Connect with us

កងកម្លាំងប្រដាប់អាវុធ

មេឃុំក្បាលរមាសស្រុកសេសាន រម្លឹកដល់ប្រជា ពលរដ្ឋត្រូវបង្កើនការប្រុង ប្រយ័ត្នចំពោះជំងឺផ្សេងៗ

ស្ទឹងត្រែង ៖ មេឃុំក្បាល រមាស ស្រុកសេសាន ខេត្តស្ទឹងត្រែងបានរម្លឹកដល់ប្រជា ពលរដ្ឋឱ្យបង្កើនការថែទាំសុខភាពជាពិសេសកូនចៅតូចៗប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាមគ្រុនចាញ់និងជំងឺឆ្លងផ្សេងៗ ។

ក្នុងសកម្មភាពចុះអប់រំប្រជា ពលរដ្ឋនៅភូមិក្របីជ្រុំឃុំក្បាលរមាសស្រុកសេសានខេត្តស្ទឹងត្រែងដែលរងផលប៉ះពាល់ពីទឹកជំនន់កាលពីនៅថ្ងៃទី១៣.១៤ខែសីហា ឆ្នាំ២០២២ លោកប៉ែនសុបុលមេឃុំក្បាលរមាសបានណែនាំប្រជាពលរដ្ឋត្រូវថែរក្សាសុខ ភាពក្នុងរដូវនេះ។

លោកបញ្ជាក់ថា ប្រជាពលរដ្ឋ ត្រូវអនុវត្តតាមការណែនាំរបស់មន្ត្រីសុខាភិបាលដើម្បីថែរក្សាសុខភាពឱ្យបានល្អកុំឱ្យកើតមានជំងឺគ្រុនឈាមឬគ្រុនចាញ់ជាដើម ព្រោះពេលទឹកស្រកចុះបន្តិចវាសម្បូរទៅ ដោយពពួកមូសខ្លា និងមូសដែកគោលខាំ ។

លោកបន្តថា បញ្ហានេះ ប្រជា ពលរដ្ឋនៅតាមចំណុចគោល ដៅដែលកំពុងរងនឹងបញ្ហាប្រឈមពីទឹកជំនន់នេះ  ត្រូវនាំគ្នាសម្អាតបរិស្ថាននៅពេលទឹកស្រក ដើម្បីឱ្យការចូលរួមអនុវត្តវិធានសុខាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់  និងធ្វើឱ្យកូនចៅយើងចៀសវាងបានពីជំងឺឈឺថ្កាត់។  មួយវិញទៀត ពេលមានជំងឺសូមឱ្យប្រជា ពលរដ្ឋត្រូវរួសរាន់ទៅមណ្ឌល សុខភាពពិគ្រោះជាមួយគ្រូពេទ្យ   និងឱ្យកូនចៅពាក់ ខោ អាវដៃវែង និង ត្រូវដេកក្នុងមុងជ្រលក់ថ្នាំការពារកុំឱ្យមូសខាំ និងហាមកូនចៅទៅ លេងទឹកផ្តេសផ្តាស់។

លោកស្រី ថាន់ ដាលី តំណាងឱ្យប្រជាពលរដ្ឋនៅភូមិក្របីជ្រុំបានលើកឡើងថា កន្លងមកការថែរក្សាសុខភាពប្រជាពល រដ្ឋអនុវត្តតាមការណែនាំគ្រប់មធ្យោបាយ  ដែលមន្ត្រីសុខា ភិបាលបានមកអប់រំផ្សព្វ ផ្សាយ   ខ្លះក៏សម្អាតបរិស្ថាននៅជុំវិញផ្ទះបានជាប្រចាំ ហើយពេលនេះទឹកឡើងមកបានបង្កការភ័យព្រួយចំពោះកូនចៅម្ដងទៀត ។

លោកស្រីសំណូមពរទៅគ្រូពេទ្យស្ម័គ្រចិត្តភូមិសូមផ្តល់ថ្នាំអាបែតសម្រាប់ដាក់ក្នុងទឹកពាង ធុង សម្រាប់  សម្លាប់ដង្កូវទឹក  និងថ្នាំក្លសម្រាប់ដាក់ទឹកសម្លាប់មេរោគផង  ដើម្បីរួមចំណែកនិងលើក កម្ពស់អនាម័យសុខភាពឱ្យបានកាន់តែល្អប្រសើរ  ។

លោកវេជ្ជបណ្ឌិតទនវុទ្ធីអនុ ប្រធានមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ថា ប្រការនេះលោកបានណែនាំទៅមន្ត្រីគ្រប់មណ្ឌលសុខភាពឱ្យចុះពិនិត្យនិងផ្តល់ថ្នាំប្រភេទនេះជូនទៅប្រជាពលរដ្ឋតាមមូលដ្ឋានឱ្យបានឆាប់។

លោកវេជ្ជបណ្ឌិត បានបង្ហាញថា ជាមួយគ្នានេះបើបងប្អូនមានកូនចៅឈឺគ្រុន មានអាការៈក្ដៅខ្លួនខ្លាំង មានកំដៅចាប់ពី៣៩ទៅ ៤០ អង្សា ប្រើថ្នាំត្រជាក់មិនត្រជាក់ក្នុងរយៈពេលចាប់ពី២ ថ្ងៃឡើង ក្នុងស្ថានភាពមុខ ឡើងក្រហម ឬមានសញ្ញាពណ៌ក្រហមលើស្បែក សូមប្រញាប់រួសរាន់មកមណ្ឌល សុខភាព  ឬមន្ទីរពេទ្យបង្អែក ជួបគ្រូពេទ្យជាបន្ទាន់៕

Click to comment

Leave a Reply

Your email address will not be published.

Facebook