Connect with us

ព័ត៌មានទាន់ហេតុការណ៍

ប្រទេសជិត៧០នៅលើពិភពលោក ជំរុញឲ្យរុស្ស៊ីដកទ័ព ចេញពីអ៊ុយក្រែន

(រដ្ឋធានីកៀវ)៖ ក្រោយការវាយប្រហារជាថ្មី ទៅលើរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុបនោះមក ធ្វើឲ្យអង្គការសហប្រជាជាតិ មានកង្វល់កាន់តែខ្លាំង ជុំវិញហានិភ័យ នៃគ្រោះមហន្ដរាយ ហើយសហភាពអឺរ៉ុប និង ប្រទេសជាង៤០ផ្សេងទៀត កំពុងតែជំរុញឲ្យរុស្ស៊ី ដកកងទ័ពរបស់ខ្លួន ចេញពីរោងចក្រហ្សាប៉ូរីសហ្ស៊ា (Zaporizhzhia) និង ចាកចេញពីទឹកដីរបស់អ៊ុយក្រែននេះតាមព័ត៌មានដែលអង្គភាព កម្ពុជាសន្តិភាព ទទួលបាននៅ ព្រឹក ថ្ងៃ អង្គារ ទី ១៦ ខែ សិហា ​ឆ្នាំ ២០២២។

សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៥ ខែសីហា ថា សហភាពអឺរ៉ុប និង ប្រទេសចំនួន៤២ រួមមាន សហរដ្ឋអាមេរិក ជប៉ុន កាណាដា អ៊ីតាលី ហូឡង់ដ៍ អាល្លឺម៉ង់ នូវ៉ែលហ្សេឡង់ដ៍ កូរ៉េខាងត្បូង…ជាដើម បានអំពាវនាវដល់រុស្ស៊ី ត្រូវតែដកកងទ័ពរបស់ខ្លួនទាំងអស់ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia (NPP) និង ប្រទេសអ៊ុយក្រែន។

បើយោងតាមសារព័ត៌មាន Ukrinform បានឲ្យដឹងថា សេចក្ដីថ្លែងការណ៍រួមគ្នាមួយ បានចុះកាលបរិច្ឆេទ ថ្ងៃទី១២ ខែសីហា ស្ដីអំពីស្ថានភាពរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ហើយត្រូវយកមកចុះផ្សាយ កាលពីថ្ងៃអាទិត្យ នៅលើគេហទំព័រគណៈប្រតិភូសហភាពអឺរ៉ុប ទៅកាន់អង្គការអន្តរជាតិ នៅទីក្រុងវីយែន (Vienna)។ សេចក្ដីថ្លែងការណ៍នោះ បានបញ្ជាក់ថា «យើងជំរុញឱ្យសហព័ន្ធន៍រុស្ស៊ី ត្រូវតែដកកម្លាំងយោធារបស់ខ្លួន ជាបន្ទាន់ និង បុគ្គលិកដែលគ្មានការអនុញ្ញាតទាំងអស់ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia និង ទឹកដីរបស់អ៊ុយក្រែន ដើម្បីអនុញ្ញាតឲ្យប្រតិបត្តិករ និង អាជ្ញាធរអ៊ុយក្រែន អាចបន្តនូវការទទួលខុសត្រូវ លើអធិបតេយ្យភាពរបស់ពួកគេ នៅក្នុងព្រំដែន ដែលទទួលស្គាល់ ជាអន្តរជាតិរបស់អ៊ុយក្រែន។

សេចក្តីថ្លែងការណ៍ដដែលនោះ បានរៀបរាប់ថា បុគ្គលិកប្រតិបត្តិការស្របច្បាប់ទាំងអស់ អាចបំពេញភារកិច្ចរបស់ពួកគេ ដោយគ្មានការជ្រៀតជ្រែក មកពីខាងក្រៅ ការគំរាមកំហែង ឬ លក្ខខណ្ឌការងារដ៏លំបាក ដែលមិនអាចទទួលយកបាន»។ សកម្មភាពបែបនេះ ក៏នឹងធ្វើឱ្យទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិ ហៅកាត់ IAEA របស់អង្គការសហប្រជាជាតិ អនុវត្តនូវការផ្ទៀងផ្ទាត់របស់ខ្លួន ដោយអនុលោមតាមកាតព្វកិច្ចការពាររបស់អ៊ុយក្រែន នៅក្រោមលក្ខខណ្ឌសុវត្ថិភាព និង សុវត្ថិភាព នៅក្នុងលក្ខណៈទាន់ពេលវេលា»។

សហភាពអឺរ៉ុប និង ប្រទេសចំនួន៤២ បានសង្កត់ធ្ងន់ថា ការដាក់ពង្រាយបុគ្គលិកយោធា និង គ្រឿងសព្វាវុធរបស់រុស្ស៊ី នៅក្នុងរោងចក្រនុយក្លេអ៊ែរ «មិនអាចទទួលយកបាន ហើយរុស្ស៊ី មិនបានគោរពគោលការណ៍សុវត្ថិភាព សន្តិសុខ និង កិច្ចការពារ ដែលសមាជិកទាំងអស់របស់ IAEA បានប្តេជ្ញា ត្រូវតែគោរពតាម»។ សហភាពអឺរ៉ុប និង ប្រទេសទាំង៤២នេះ សូមសម្តែងនូវការគាំទ្ររបស់ពួកគេ ចំពោះការងាររបស់ IAEA និង អគ្គនាយករបស់ទីភ្នាក់ងារនេះ នៅក្នុងការជួយដល់ប្រទេសអ៊ុយក្រែន នៅក្នុងវិស័យសុវត្ថិភាពនុយក្លេអ៊ែរ សន្តិសុខ និង ការអនុវត្តនូវការការពារ នៅក្នុងអំឡុងសង្រ្គាមឈ្លានពានរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ខណៈការគោរពអធិបតេយ្យភាពរបស់អ៊ុយក្រែន ត្រូវតែធ្វើឲ្យបានពេញលេញ»។

សេចក្ដីថ្លែងការណ៍នោះ ក៏បានបន្ដថា «យើងសូមថ្កោលទោសយ៉ាងខ្លាំង ចំពោះការប្រើប្រាស់ព័ត៌មានមិនពិតរបស់រុស្ស៊ី ដើម្បីព្យាយាមបង្ហាញ អំពីភាពត្រឹមត្រូវ នៃសកម្មភាពខុសច្បាប់របស់ក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន។ សហគមន៍អន្តរជាតិ នឹងទទួលខុសត្រូវ លើរុស្ស៊ីចំពោះការឈ្លានពានរបស់ក្រុងមូស្គូ ហើយរុស្ស៊ីត្រូវតែទទួលខុសត្រូវទាំងស្រុង ចំពោះសកម្មភាពខុសច្បាប់របស់ខ្លួន នៅអ៊ុយក្រែន ផងដែរ»នេះជាការបញ្ជាក់របស់សម្ព័ន្ធមិត្តិប្រទេសអ៊ុយក្រែនដែលគេតែងមើលឃើញកន្លងមក ជាពិសេស ក្រុមប្រទេសសមាជិកណាតូ៕

ចូ

Click to comment

Leave a Reply

Your email address will not be published.

Facebook