Connect with us

ព័ត៌មានទាន់ហេតុការណ៍

ប្រធានធិបតីរុស្ស៊ី ប្រាប់បណ្ដាប្រទេសជាមិត្តថា អាវុធរបស់ក្រុងមូស្គូ ខ្លាំងក្លាជាងគូប្រជែង

(រដ្ឋធានីមូស្គូ)៖ គិតនៅត្រឹមថ្ងៃទី១៦ ខែសីហា សង្គ្រាមវាយប្រយុទ្ធគ្នាយ៉ាងសាហាវ រវាងកម្លាំងការពារទឹកដីអ៊ុយក្រែន និង កម្លាំងទាហានរបស់ក្រុងមូស្គូ បានអូសបន្លាយ អស់រយៈពេល១៧៤ថ្ងៃកន្លងមកហើយ ប៉ុន្ដែវិមានក្រឹមឡាំង នៅតែមិនទាន់ទទួលបានជ័យជម្នះអ្វី ឲ្យក្លាយជាដុំកំភួននោះដែរ ប៉ុន្ដែនៅពេលនេះ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ក៏បានអះអាងថា គ្រឿងចម្បាំងរបស់រុស្ស៊ី ខ្លាំងក្លាជាងបណ្ដាប្រទេស ជាគូប្រជែងទៅទៀត នេះតាមព័ត៌មានដែលអង្គភាពកម្ពុជាសន្តិភាព ទទួលបាននៅ ព្រឹក ថ្ងៃ អង្គារ ទី ១៦ ខែ សីហា ឆ្នាំ​ ២០២២។

បើតាមទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៥ ខែសីហា ថា លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃចន្ទ បានបញ្ជាក់ថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច នៅក្នុងការលក់គ្រឿងសព្វាវុធទំនើបៗ ទៅឱ្យសម្ពន្ធមិត្តរបស់ខ្លួន នៅទូទាំងពិភពលោក ហើយសហការនៅក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាយោធាទំនើបៗថ្មីៗបន្ថែមទៀត។ គ្រឿងយុទ្ធោបករណ៍របស់ក្រុងមូស្គូ មានអានុភាពខ្លាំងក្លា គ្មានគូប្រៀប អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។

ការអះអាងរបស់មេដឹកនាំវិមានក្រឹមឡាំង បានកើតឡើង ខណៈកម្លាំងទាហារុស្ស៊ី កំពុងស្ថិតក្នុងសមរភូមិ នៅអ៊ុយក្រែន អស់រយៈពេលជិត៦ ខែហើយកំពុងតែប្រឈមមុខនឹងស្ថានការណ៍ដ៏ការអាក្រក់ជាងការរំពឹងទុក។

បើទោះជាប្រធានាធិបតីរុស្ស៊ី បានអួតអាងបែបនេះក្ដី ប៉ុន្ដែកម្លាំងទាហានរុស្ស៊ី ក៏នៅតែរងការវាយបករុញច្រាន ពីកម្លាំងការពារទឹកដីរបស់អ៊ុយក្រែន ដើម្បីបង្ខំឲ្យពួកគេចាកចេញពីទីក្រុងធំៗជាច្រើន ខណៈតំបន់ខ្លះ ក៏ត្រូវកម្លាំងការពារទឹកដី ទប់ទល់ពន្យឺត ដល់ការវាយរុលទៅមុខពីកម្លាំងរុស្ស៊ី ផងដែរ។ រហូតមកដល់ពេលនេះ សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន បានឈានដល់ខែទី៦ហើយ ប៉ុន្ដែក្រុងមូស្គូ នៅតែមិនទាន់បង្ហាញ អំពីការជឿជាក់ សម្រាប់ឧស្សាហកម្មគ្រឿងសព្វាវុធរបស់រុស្ស៊ី នៅឡើយ។

លោក វ៉្លាឌីមៀរ ពូទីន បានបញ្ជាក់ថា «រុស្ស៊ីគោរពដល់ទំនាក់ទំនងដ៏រឹងមាំរបស់ខ្លួន ជាមួយនឹងបណ្ដាប្រទេសនៅអាមេរិកឡាទីន អាស៊ី និងអាហ្រ្វិក ហើយត្រៀមខ្លួនរួចជាស្រេច នៅក្នុងការផ្តល់ជូនដៃគូ និង សម្ពន្ធមិត្តនូវប្រភេទសព្វាវុធទំនើបៗបំផុត ចាប់ពីអាវុធធុនតូច និង ធំ រហូតដល់រថពាសដែក កាំភ្លើងធំ យន្តហោះប្រយុទ្ធ និង យន្តហោះគ្មានមនុស្សបើក»។

ដោយឡែក អ៊ុយក្រែន បានប្រើប្រាស់គ្រឿងសព្វាវុធ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ជាពិសេស ប្រព័ន្ធបាញ់រ៉ុក្កែតកាំភ្លើងធំចល័តមានអានុភាពខ្ពស់ (ដែលស្គាល់ ថា HIMARS)។ ចំណែកកម្លាំងទាហានរុស្ស៊ី តែងតែវរងនូវការវាយប្រហារជាបន្តបន្ទាប់ ដោយរួមទាំងការវាយកម្ទេចមូលដ្ឋានកងទ័ពអាកាស នៅឧបទ្វីបគ្រីមៀ គ្រប់គ្រងដោយរុស្ស៊ី កាលពីសប្តាហ៍មុន។ ការវាយប្រហារទៅលើមូលដ្ឋានទ័ពអាកាសរបស់កម្លាំងទាហានជើងទឹករុស្ស៊ី នៅគ្រីមៀ បានបណ្ដាលឲ្យខូចខាតដល់យន្ដហោះ និង ហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនផងដែរ​ នេះបានបញ្ជាក់ថាកងទ័ពអ៊ុយក្រែនចាប់ផ្តើមមានសង្ឃឹមគឺមានកម្លាំងជាពិសេស អាវុធទំនើបៗដែលបានមកពីប្រទេសលោកខាងលិចនិងសហគមន៍អ៊ឺរ៉ុប៕

 

 

Click to comment

Leave a Reply

Your email address will not be published.

Facebook