Connect with us

កងកម្លាំងប្រដាប់អាវុធ

រដ្ឋបាលខេត្តកែប បើកវគ្គបណ្តុះបណ្តាលតម្រង់ទិស ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលទើបជាប់ឆ្នោត លើកការងារគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់

កែប៖ ដើម្បីពង្រឹងសមត្ថភាព ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលទើបជាប់ឆ្នោតថ្មី អាណត្តិទី៥ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ច ស្របតាមគោលការណ៍ណែនាំ និងយល់ដឹងអំពីរបៀបរបបការងារ នាព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២២ រដ្ឋបាលខេត្តកែប សហការជាមួយសាលាជាតិរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ បានបើកវគ្គបណ្តុះបណ្តាលតម្រង់ទិស ស្តីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ជូនដល់ ក្រុមប្រឹក្សាឃុំ សង្កាត់ទាំង៥ ទូទាំងខេត្តកែប ។ វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងមានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត គ្រូឧទ្ទេស ថ្នាក់ខេត្ត និង គ្រូឧទ្ទេសមក ពីសាលាជាតិរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ ។

មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាល នាឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់ទុក ការកែទម្រង់អភិបាលកិច្ច ជាកិច្ចការដ៏មានសារសំខាន់ ប្រកបដោយនិរន្តភាព ដោយបាននឹងកំពុងធ្វើទំនើបកម្មប្រព័ន្ធ អភិបាលកិច្ច ដែលមានកម្មវិធីកំណែទម្រង់ជាច្រើនដូចជា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ , កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ជាដើម។ ឯកឧត្តមបណ្ឌិតអភិបាលខេត្តបន្តថា រដ្ឋបាលខេត្តកែប ក៏បានចូលរួមអនុវត្តយ៉ាងសកម្ម នូវកម្មវិធីកំណែទម្រង់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ស្របតាមចក្ខុវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅឱ្យប្រជាពលរដ្ឋទូទៅទទួលបានសេវាសាធារណៈ និងផលប្រយោជន៍ពីការអភិវឌ្ឍ ដែលផ្តល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រកបដោយ សមធម៌សង្គម និងបរិយាប័ន្ន។  ឯកឧត្តម បន្ថែមថា រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតយ្យនៅថ្នាក់ក្រោមជាតិដំនាក់កាលទីពីរ ២០២១-២០៣០ ដោយផ្តល់ការយកចិត្តទុកដាក់ លើការប្រែក្លាយរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យក្លាយជាស្ថាប័នដែលមានភាពរឹងមាំ ភាពធន ព្រមទាំងមានសមត្ថភាព សិទ្ធិអំណាច  មុខងារ និងធនធានកាន់តែ សមស្រប ក្នុងការផ្ដល់សេវាសាធារណៈនិងការអភិវឌ្ឍមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព និងនវានុវត្តន៍ ។ ជាមួយគ្នានេះឯកឧត្តម បានជំរុញដល់សិក្ខាកាមដែលជាក្រុមប្រឹក្សាទាំងអស់ ត្រូវយកចិត្តទុកដាក់ ត្រង់ត្រាប់ស្តាប់បទបង្ហាញរបស់គ្រូឧទ្ទេស ដើម្បីជាចំណេះដឹង ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាព។

គូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលលើការងារគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ នេះ មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៦ និង១៧ ខែសីហា ឆ្នាំ២០២២ នេះផ្តោតលើមេរៀនសំខាន់ៗចំនួន៩ជំពូកគឺ៖  ១-លទ្ធភាពទូទៅ, ២-រចនាសម្ព័ន្ធ តួនាទីភារកិច្ច, ៣-ការងារត្រូវធ្វើក្រោយប្រកាសចូលកាន់តំណែង, ៤-កិច្ចប្រជុំក្រុមប្រឹក្សា, ៥-ផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល, ៦-ការផ្ដល់សេវាសាធារណៈ, ៧-កិច្ចការរដ្ឋបាល, ៨-ការគ្រប់គ្រងបុគ្គលិក, និងជំពូកទី៩-ការគ្រប់គ្រងហិរញ្ញវត្ថុ និងលទ្ធកម្ម៕

Click to comment

Leave a Reply

Your email address will not be published.

Facebook