យោងសេចក្ដីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងផ្តល់អាហារូបករណ៍ចូលរៀនមិនបង់ថ្លៃសិក្សា ១០០ភាគរយ ទៅតាមប្រភេទនៃកម្រិតសិក្សានីមួយៗ នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) ដល់បេក្ខជនដែលបានប្រឡងជាប់ ឬធ្លាក់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០១៩-២០២០។
សេចក្តីប្រកាសខាងលើបានបន្ថែមថា ក្រសួង នឹងផ្តល់ អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់, ថ្នាក់បរិញ្ញាបត្ររង, បច្ចេកទេស, ឯកទេស (HDT/S) និងថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា,ឯកទេស,សញ្ញាបត្រវិស្វករ (BT/S/BE) សម្រាប់ឆ្នាំសិក្សា២០២០-២០២១។
បេក្ខជនអាចទៅទទួល និងដាក់ពាក្យស្នើសុំអាហារូបករណ៍នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) នីមួយៗចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ដោយឡែកគ្រឹះស្ថាន(អ.ប.វ.) នឹងជ្រើសរើសទៅតាមចំនួន និងជំនាញព្រមទាំងផ្ដល់អាហារូបករណ៍ដល់បេក្ខជនដូចជាសិស្សបច្ចេកទេសនិងវិជ្ជាជីវៈ សិស្សទូទៅ សិស្សនារី សិស្សក្រីក្រ សិស្សមកពីតំបន់ដាច់ស្រយាល និងជនជាតិភាគតិច សិស្សមានពិការភាព សិស្សដែលប្រឡងជាប់ឬធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំមុនៗ និងផ្ដល់អាទិភាពចំពោះសិស្សដែលមកដាក់ពាក្យស្នើសុំអាហារូបករណ៍មុនគេ៕