Connect with us

ព័ត៌មានជាតិ

ព្រឹកនេះ​ សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបើកសន្និបាត CAMSOC និងយុទ្ធនាការអប់រំសង្គម ឆ្ពោះទៅស៊ីហ្គេម-២០២៣

រាជធានីភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅព្រឹកថ្ងៃទី១៨ ខែមករានេះ បានអញ្ជើញចូលរួមបើកកម្មវិធីសន្និបាតប្រចាំឆ្នាំរបស់ CAMSOC និងសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីយុទ្ធនាការអប់រំសង្គម ឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្នុងប្រទេសកម្ពុជា នៅសណ្ឋាគារហ្គាឌិនស៊ីធី។

សន្និបាតប្រចាំឆ្នាំនេះរៀបចំឡើង ដើម្បីបូកសរុបសមិទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្ដរបស់គណៈកម្មាធិការជាតិ CAMSOC ដើម្បីសម្រួចផែនការមេឆ្ពោះទៅរកភាពជោគជ័យ ក្នុងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រខាងលើ។ ទន្ទឹមជាមួយគ្នា ក៏មានការធ្វើបទបង្ហាញអំពីផែនការរបស់គណៈកម្មការជំនាញនីមួយៗ ដើម្បីពង្រឹងការអនុវត្តការងារឲ្យមានប្រសិទ្ធភាព ស្របតាមប្រតិទិន ដែលបានកំណត់ផងដែរ។

ចំពោះសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីយុទ្ធនាការអប់រំសង្គមវិញ គឺរៀបចំផ្សព្វផ្សាយពីគុណតម្លៃស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប ជាមួយយុទ្ធនាការជាច្រើនដូចជាយុទ្ធនាការ «ប្រជាជនម្នាក់ លេងកីឡាមួយមុខ» «បរិស្ថានសង្គម ដើម្បីគាំទ្រព្រឹត្តិការណ៍កីឡា» «កម្ពុជាស្អាត បដិសណ្ឋារកិច្ចល្អ» «ការរៀបចំសណ្ដាប់ធ្នាប់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍» និង «ផលប៉ះពាល់ និងគ្រោះថ្នាក់គ្រឿងញៀន» ជាដើម។

កម្មវិធីនេះគ្រោងធ្វើឡើងរយៈពេល ១ថ្ងៃ ហើយបន្ទាប់ពីចប់ សម្ដេចពិជ័យសេនា ទៀ បាញ់ នឹងប្រកាសបើកយុទ្ធនាការអប់រំសង្គមតែម្ដង ដើម្បីជំរុញឲ្យតំណាងរាជធានី-ខេត្តទាំងអស់ ដែលបានចូលរួមសន្និបាត និងសិក្ខាសាលាថ្នាក់ជាតិខាងលើ យកទៅអនុវត្ត និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីរួមដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាប្រចាំតំបន់លើកដំបូង គឺការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣៕

Click to comment

Leave a Reply

Your email address will not be published.

Facebook