Connect with us

ព័ត៌មានជាតិ

គម្រោងស្ថាបនាផ្លូវចំនួន១១ខ្សែ នៅកំពង់សោម ដែលជាសមិទ្ធផលថ្មីសម្រេចបានជាង ២០% ហើយ ដោយគ្រោងសាងសង់ឱ្យរួចរាល់នៅពេលឆាប់ៗនេះ

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយដោយក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវចំនួន១១ខ្សែ នៅក្រុងព្រះសីហនុសម្រេចបានជាង២០ភាគរយ ដែលគ្រោងសាងសង់ឱ្យរួចរាល់នៅពេលឆាប់ៗនេះ ដើម្បីប្រែក្លាយទៅជាទីក្រុងទំនើបមានសោភ័ណភាព បរិស្ថាន ល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលក្រុងព្រះសីហនុនាទីស្តីការគណៈរដ្ឋមន្ត្រី លោក អ៉ី សុខឡេង អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានកំណត់ក្នុងផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំនិងអភិវឌ្ឍខេត្តព្រះសីហនុជាប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជាតាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ។

លោកបានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងផែនការនេះ រាជរដ្ឋាភិបាល ក្រៅពីការសាងសង់ផ្លូវ៣៤ខ្សែជិតរួចរាល់នោះ ក៏បានបន្ថែមគម្រោងសាងសង់ផ្លូវប្រកបដោយប្រណិតភាពចំនួន១១ខ្សែនេះទៀត ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការធ្វើឱ្យសម្រេចនូវចក្ខុវិស័យឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា ដោយយោងតាមលោក អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុ រាជរដ្ឋាភិបាលបានចំណាយថវិកាចំនួន ១០០លានដុល្លារអាមេរិក សាងសង់ផ្លូវបន្ថែមចំនួន ១១ខ្សែ ក្រៅពីផ្លូវ៣៤ខ្សែ ដែលមានប្រវែងជាង ៥៨គីឡូម៉ែត្រ និងបានសម្ពោធបើកការដ្ឋានកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ ផ្លូវទាំង១១ខ្សែនេះ លទ្ធផលសម្រេចបាន២១ភាគរយហើយ ហើយជាសមិទ្ធផលថ្មីដែលប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ និងមួយផ្នែក ទៀតនៅស្រុកព្រៃនប់និងស្រុកស្ទឹងហាវទទួលបានសមិទ្ធផលបន្ថែមទៀត៕

Click to comment

Leave a Reply

Your email address will not be published.

Facebook