លោក អេឡិចហ្សៃ ណាវ៉ាល់នី (Alexei Navalny) មេដឹកនំាគណបក្សប្រឆាំងធំបំផុតនៅក្នុងប្រទេសរុស្ស៊ី ដែលតែងតែរិញគន់មិនសំចៃមាត់មកលើលោក ពូទីន ត្រូវបានប៉ូលិសរុស្ស៊ីចាប់ខ្លួនភ្លាមៗ បន្ទាប់ពីជិះយន្ដហោះពីប្រទេសអាល្លឺម៉ង់ ត្រលប់មកដល់ទីក្រុងម៉ូស្គូវិញកាលពីថ្ងៃអាទិត្យម្សិលមិញ
ហេតុការចាប់ខ្លួននេះគឺមានរយៈពេល ០៥ខែក្រោយពីលោក ត្រូវគេលួចបំពុល ឈឺស្ទើស្លាប់ស្ទើររស់ ។លោក Navalny មានអាយុ ៤៤ឆ្នាំ ត្រូវបានប៉ូលិសរុស្ស៊ី ចាប់អូសចេញពីកន្លែងត្រួតពិនិត្យលិខិតឆ្លងដែន នៅឯអាកាសយានដ្ឋាន ហ្សឺរ៉េម៉េតយ៉េវ៉ូ (Sheremetyevo)។
កាលពីសប្ដាហ៍មុន អាជ្ញាធររុស្ស៊ីបានព្រមាន ក៏ដូចជាចេញដីកាចាប់ខ្លួនលោក Navalny ដោយអះអាងថា មេបក្សប្រឆាំងរូបនេះបានបំពាន លើការអនុវត្តការព្យួរទោសជាប់ពន្ធនាគារ ៣ឆ្នាំ និង ០៦ខែ ដែលតុលាការកាត់ទោសរូបលោកពីបទកឹបកេងប្រាក់ កាលពីឆ្នាំ២០១៤។ ទោះជាបែបនេះក្ដី លោក Navalny នៅតែជម្នះចូលស្រុកវិញឱ្យខាងតែបាន តាមការសន្យារបស់លោក។
មិននៅស្ងៀមទេ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការចាប់ខ្លួនលោក Alexei Navalny ហើយពួកគេបានអំពាវនាវឱ្យរដ្ឋាភិបាលទីក្រុងម៉ូស្គូ ដោះលែងរូបលោកជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។ លោក Alexei Navalny ដែលជាអ្នករិះគន់លោក ពូទីន ឥតសម្ចៃមាត់ត្រូវបានគេលួចបំពុលជាមួយសារធាតុគីមីពុល ណូវីឆុក (Novichok) កាលពីខែសីហា ឆ្នាំ២០២០ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យមួយក្នុងប្រទេសអាល្លឺម៉ង់ ដោយសម្រាកព្យាបាលនៅទីនោះអស់ជាច្រើនសប្ដាហ៍។
កន្លងមកនេះ លោក Navalny បានចោទត្រង់ៗថា លោក ពូទីន គឺជាអ្នកបញ្ជាឱ្យគេសម្លាប់រូបលោក។ ប៉ុន្តែព្រមពេលជាមួយគ្នា វិមានក្រឹមឡាំង និងលោក ពូទីន ផ្ទាល់បានច្រានចោលរាល់ការចោទប្រកាន់ ដោយអះអាងតបវិញថា ប្រសិនបើលោក ឬរដ្ឋាភិបាលរុស្ស៊ីពិតជាចង់សម្លាប់ លោក Navalny មែននោះ ម្ល៉េះសមមេបក្សប្រឆាំងរូបនេះ គ្មានជីវិតមកដល់សព្វថ្ងៃឡើយ ហើយថាអ្វីដែលបានកើតឡើង គ្រាន់តែចេតនាបង្ករឿង និងរកលេសប្រឆាំង ឬដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីតែប៉ុណ្ណោះ៕


