Connect with us

កងកម្លាំងប្រដាប់អាវុធ

ប្រជាពលរដ្ឋភូមិចម្ការបី ឃុំពងទឹក ស្រុកដំណាក់ចង្អេីរ ខេត្តកែប ទទួលបានផ្លូវលំមួយខ្សែទៀត ជាអំណោយរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយភូមិចម្ការបី

បន្ថែមថ្មីលើផ្លូវលំចំនួនបីខ្សែ ដែលបានផ្ដល់ជូនរួចហើយ ដល់ប្រជាពលរដ្ឋភូមិចម្ការបី, នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយភូមិចម្ការបី បានរៀបចំ ពិធីបើកការដ្ឋានស្ថាបនាផ្លូវលំខ្សែទី៤ មួយខ្សែទៀត ប្រវែង៣៥០០ម៉ែត្រ ទទឹង១០ម៉ែត្រ ក្រោមអធិបតីភាព ឯកឧត្ដម បណ្ឌិត យឿង សុខុន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធាន ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយភូមិចម្ការបី និង ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អនុប្រធាន គណៈកម្មាធិការគណបក្សប្រជាជនខេត្តកែប។

មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋភូមិចម្ការបី នាឱកាសនោះ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ បានសំដែងអំណរសាទរជាមួយបងប្អូនប្រជាពលរដ្ឋភូមិចម្ការបី ដែលទទួលបាន សមិទ្ធផលថ្មីជាបន្តបន្ទាប់ ដោយបន្ថែមថា ផ្លូវនេះមិនមែនជាផ្លូវទីមួយ ក៏មិនមែនជាផ្លូវចុងក្រោយដែរ គណបក្សប្រជាជនកម្ពុជា ក៏ដូចជារដ្ឋបាលខេត្ត នៅតែបន្តអភិវឌ្ឍតំបន់ភ្នំវល្លិ៍ គឺភូមិចម្ការបី ភូមិចម្ការចេក និងភូមិអន្ទង់សរ ដែលធ្លាប់តែជាទីតាំងសមរភូមិសង្រ្គាមក្ដៅ ជាដីដែលគ្របដណ្តប់ដោយគ្រាប់ម៉ីន ប្រែក្លាយ ទៅជាតំបន់ដែលមានភាពរីកចម្រើនគ្រប់វិស័យ ពិសេសហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យជាដើម។ ឯកឧត្តមបានស្នើសុំឱ្យប្រជាពលរដ្ឋរក្សាប្រភពទឹក ដើម្បីមានទឹកប្រើប្រាស់ រក្សាព្រៃគង់មិនខ្វះអុសដុត ជឿជាក់គាំទ្រលើគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវសន្តិភាព និងការអភិវឌ្ឍន៍បន្តទៀត។

ឯកឧត្តមបណ្ឌិត យឿង សុខុន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះជួយភូមិចម្ការបីបានមានប្រសាសន៍កោតសរសើរ ចំពោះបងប្អូនប្រជាពលរដ្ឋ ភូមិចម្ការបីទាំងអស់ ដែលខិតខំប្រឹងប្រែងប្រកបរបររកទទួលទាន លើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងប្រែក្លាយ ទម្លាប់រស់នៅ ទៅរកភាពស៊ីវីល័យ មានផ្ទះធំទ្រនំខ្ពស់គ្រប់ៗគ្នា នេះបង្ហាញឱ្យឃើញថាបងប្អូនប្រជាពលរដ្ឋ បានខិតខំប្រឹងប្រែងលើកកម្ពស់ជីវភាពខ្លួនឯង ស្របពេលដែលគណបក្សប្រជាជន ខិតខំបង្កលក្ខណៈ កសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ទឹកស្អាត តាំងពីគ្មានរហូតដល់មាន ឱ្យកាន់តែប្រកបដោយគុណភាព ថែមទៀត ។ ក្នុងនោះដែរ ឯកឧត្តម ក៏បានជំរុញដល់បងប្អូនឲ្យអប់រំកូនចៅ បញ្ជូនកូនៗទៅសាលារៀន ដើម្បីបង្កើនធនធានមនុស្ស នៅក្នុងតំបន់របស់យើង ឱ្យក្លាយជាទំពាំងស្នងឫស្សី ប្រកបដោយគុណភាព ដើម្បីបន្តវេន ជាយុវជនរបស់គណបក្សប្រជាជនយើង ជួយបន្តអភិវឌ្ឍភូមិឃុំរបស់យើង ក៏ដូចជាប្រទេស របស់យើងឱ្យកាន់តែរីកចម្រើនថែមទៀត។ ឯកឧត្តម យឿង សុខុន បានផ្តល់តម្លៃដ៏ថ្លៃថ្លាទៅលើសន្តិភាព ដែលធ្វើឱ្យយើងមានឱកាសគ្រប់គ្រាន់ ធ្វើអ្វីៗក៏បាន ហើយអ្នកដែលនាំមកនូវសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន ដែលកំពុងដឹកនាំប្រទេស តាំងពីដំណាក់កាលលំបាក រហូតដល់មានអ្វីៗគ្រប់បែកយ៉ាង។ ដូច្នេះសូម បងប្អូនបន្តជឿជាក់ គាំទ្រ មកលើគណបក្សប្រជាជន ដើម្បីបន្តជាមួយ បងប្អូនប្រជាពលរដ្ឋ រួមសុខរួមទុក្ខ និងរួមគ្នាកសាងប្រទេសជាតិឱ្យកាន់តែរុងរឿងថែមទៀត។

បន្ទាប់មកគណៈអធិបតីក៏បានផ្ដល់ជូននូវវត្ថុអនុស្សាវរីយ៍មាន សារុងម្នាក់មួយ និងអញ្ជើញបញ្ជា គ្រឿងចក្រ ជានិមិត្តរូបនៃការចាប់ផ្តើមបើកការដ្ឋានផ្លូវថ្មី ប្រវែង៣៥០០ម៉ែត្រ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook