ក្នុងរយៈពេល ៧ខែក្នុងឆ្នាំ ២០២២នេះ មន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យបានចុះបញ្ជីដីធ្លីដាច់ដោយដុំជូនដល់ប្រជាពលរដ្ឋបានចំនួន១៤៣ប័ណ្ណនិងចុះបញ្ជីដីជាប្រព័ន្ធបានចំនួន ២៨៦៩៦ក្បាលដីនិងកំពុងបន្តជំរុញល្បឿនការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋដើម្បីធ្វើឱ្យប្រសើរឡើងក្នុងការធានាបាននូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់ដីធ្លីស្របច្បាប់។


លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមាន ជ័យបានឱ្យដឹងថា ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងរៀបចំដែនដីនិងកំណើនសេដ្ឋកិច្ចជាតិ បង្កើនជីវភាពប្រជាពលរដ្ឋ ការអភិវឌ្ឍន៍វិស័យដីធ្លីនៅក្នុងខេត្តបន្ទាយមានជ័យ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានបន្តបំពេញបេសកម្មរបស់ខ្លួនយ៉ាងខ្លាំងក្លាលើការចុះបញ្ជីដីធ្លីដាច់ដោយដុំនិងការចុះ បញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធតាមដំណាក់កាលជូនដល់ប្រជាពលរដ្ឋប្រកបដោយការយកចិត្តទុកដាក់ និងការ ទទួលខុសត្រូវ ដោយសមធម៌ និងតម្លាភាព ដើម្បីធានានូវសិទ្ធិ ធ្វើជាម្ចាស់ កាន់កាប់ស្របច្បាប់ ជាពិសេសទៀតនោះបានធ្វើឱ្យបញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាង ច្រើនផងដែរ។«រយៈពេល៧ ខែដើមឆ្នាំ ២០២២ វិស័យរដ្ឋបាលដីធ្លីដែលមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរិយោដីខេត្តបន្ទាយ មានជ័យយើងខ្ញុំសម្រេចបានការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដែលយើងប្រមូលទិន្នន័យបានចំនួន ២៨៦៩៦ ក្បាលដីយើងបានចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំបានចំនួន ១៤៣ ប័ណ្ណដែលក្នុងនោះមាន ដីជាគរុភណ្ឌវត្តចំនួន ៤ប័ណ្ណនិងដីនៅក្នុងតំបន់ព្រៃលិចទឹកតំបន់ ៣ ខាងខេត្តបន្ទាយមាន ជ័យយើងបានចុះបញ្ជីជាដីរដ្ឋបានចំនួន ១១ប័ណ្ណ ដែលមានទំហំដី១២២៧៨ ហិកតា»។

លោកបានបន្តទៀតថា និតិវិធីនៃការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធនេះ ធ្វើតាមដំណាក់ គឺការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាលការជូនដំណឹង ដំណើរការផ្សព្វ ផ្សាយការចុះកំណត់ព្រំវាស់វែង និងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យរយៈពេល១៥ថ្ងៃដើម្បីទុកលទ្ធភាពឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធ ធ្វើការផ្ទៀង ផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារនិងក្បាលដីរបស់ខ្លួនព្រមទាំងធ្វើការតវ៉ាក្នុងករណីខុសឆ្គង៕