Connect with us

កងកម្លាំងប្រដាប់អាវុធ

រដ្ឋបាលជលផលលែងត្រីមេពូជនិងកូនត្រីជាង៦ម៉ឺនក្បាលទៅក្នុងអាងស្តុកអភិរក្សទំនប់វារីអគ្គិសនីសេសានក្រោម២

ស្ទឹងត្រែង៖   ត្រីមេពូជ និងកូនត្រីចំនួន៦ប្រភេទសរុបចំនួនជាង៦ម៉ឺនក្បាល   ត្រូវបានរដ្ឋបាលជលផលលែងទៅក្នុងអាងអភិរក្សទំនប់វារីអគ្គិសនីសេសានក្រោមពី  ដើម្បីឱ្យវាបន្តពូជសម្បូរបែបឡើងសម្រាប់បម្រើសេចក្តីត្រូវការដល់ប្រជាពលរដ្ឋយើងនៅតំបន់នេះ។

ក្នុងពិធីលែងត្រីមេពូជ និងកូនត្រីថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២២ រៀបចំឡើងដោយរដ្ឋបាលជលផលថ្នាក់ជាតិ សហការជាមួយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង លោក ឆេង ផែន អនុប្រធានរដ្ឋបាលជលផលបានបញ្ជាក់ថា នេះជាលើកទី៣ហើយក្នុងការរៀបចំលែងត្រីនៅតំបន់វារីអគ្គិសនីសេសានក្រោមពីរ ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋឱ្យពួកគាត់បង្កើនការការពារនិងនាំគ្នាចូលរួមថែរក្សាធនធានមច្ឆជាតិដែលយើងមានស្រាប់ ។

សំឡេង៖ «យើងលែងចំនួនប្រហែលជា ជាង ៦ម៉ឺនត្រីប៉ុន្តែអ្វីដែលសំខាន់នោះគឺជានិមិត្តរូប ដើម្បីប្រាប់ប្រជាជនយើងឱ្យចេះថែរក្សាត្រី ហើយចេះធ្វើនេសាទឱ្យបានត្រឹមត្រូវតាមច្បាប់ » ។

លោកស្រីសុវិចិត្រប្រធានខណ្ឌជលផលស្ទឹងត្រែងបានបញ្ជាក់ថា៖ ការងារអភិរក្សធនធានមច្ឆជាតិនៅតំបន់នេះ ខណ្ឌជលផលបានរៀបចំឱ្យមានឆ្មាំនិងប្រជាសហគមន៍នេសាទប្រចាំការនៅទីស្នាក់ការ នៅភូមិសាស្ត្រខាងលើចម្ងាយពីទំនប់វារីប្រមាណជិត១០ គីឡូ ម៉ែត្រ និងប្រគល់សម្ភារសម្រាប់ធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសផងដែរ។

លោកបន្តថា៖ នេះជាតំបន់ស្តុកត្រីធម្មជាតិមួយសម្រាប់បម្រើឱ្យផល ប្រយោជន៍រួមទាំងអស់គ្នាដូច្នេះប្រជាអ្នកនេសាទត្រូវគោរពច្បាប់ជលផល និងអនុវត្តវិធានការការពារសម្បត្តិធនធានរបស់ខ្លួននៅតំបន់នេះ ។

សំឡេង៖ «សូមចូលរួមទាក់ ទងទៅនឹងប្រភេទត្រី ការពារប្រភេទត្រីដែលកំពុងរងគ្រោះ មានដូចជាត្រីរាជ-ត្រីត្រសក់- ត្រីគល់រាំង-ត្រីក្របី-ត្រីស្ទក់ ជាដើម ដើម្បីទុកឱ្យកូនចៅយើងជំនាន់ក្រោយបានស្គាល់តទៅទៀត» ។

លោកចាន់រ៉ានី ប្រជាសហគមន៍នេសាទឃុំស្រែគរបានទទួលស្គាល់ថា៖នេះជាប្រភេទត្រីជិតផុតពូជមែន  ហើយប្រជាសហគមន៍ក៏ដូច ជាក្រុមឆ្មាំប្រចាំការតែងនាំគ្នាចុះល្បាតជាប្រចាំ មិនថាពេលភ្លៀងឬពេលយប់ទេ  ព្រោះយើងទទួលបានការគាំទ្រពីផ្នែកខណ្ឌជលផល   និងអង្គការដៃគូសម្រាប់ធ្វើសកម្មភាព។

សំឡេង«អាហ្នឹងយើងហាម ឃាត់មិនឱ្យ ដាក់មងដាក់សន្ទូចដាក់អីទាំងអស់រឿងរបស់ខុសច្បាប់ទាំងអស់ដើម្បីយើងជួយថែរក្សាទប់ស្កាត់អាហ្នឹងឱ្យបាន ដើម្បីផល ប្រយោជន៍សម្រាប់កូនចៅយើងតទៅមុខ សម្រាប់រកស៊ីអនាគតយើងតទៅមុខទៀត។

សូមបញ្ចាក់ថា៖ កូនត្រីនិងត្រីមេពូជចំនួនជាង៦ម៉ឺនក្បាលនេះ រួមមានត្រីគ្រុំ- ត្រីឆ្ពិនមាស -ត្រីឆ្ពិនប្រាក់ -ត្រីប្រា – ត្រីកាហែ-និងត្រីឈ្វាត ដែលមន្ត្រីមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើភ្ញាស់បានជាលើកដំបូង    យកទៅលែង ដើម្បីបង្ហាញពីការអភិវឌ្ឍផ្នែកវារីវប្បកម្មនៅខេត្តស្ទឹងត្រែងនាថ្ងៃអនាគត៕

Click to comment

Leave a Reply

Your email address will not be published.

Facebook