Connect with us

ព័ត៌មានទាន់ហេតុការណ៍

ទាហានអ៊ុយ​ក្រែ​នជាង​ ៩.០០០ នាក់​ស្លាប់​ចាប់តាំងពី​ការ​លុកលុយ​របស់​រុស្ស៊ី​បានចាប់ផ្តើម

23Aug2022(​ដេល្លី​ម៉េល​) ៖ ឧត្តមសេនីយ៍​ម្នាក់បាន​និយាយថា ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែន​បាន​សម្លាប់​ទាហាន​អ៊ុយ​ក្រែន​ប្រហែល ៩.០០០ នាក់​រួចមកហើយ​ចាប់តាំងពី​វា​បាន​​ចាប់ផ្តើម​ជិត​ប្រាំមួយ​ខែ​មុន ហើយ​ការប្រយុទ្ធ​គ្នា​កាលពី​ថ្ងៃ​ចន្ទ​មិន​បាន​បង្ហាញ​សញ្ញា​ថា សង្គ្រាម​នឹង​ថមថយ​នោះ​ទេ​។​

​នៅក្នុង​ព្រឹត្តិការណ៍​អតីតយុទ្ធជន​មួយ មេទ័ព​អ៊ុយ​ក្រែនលោក​ឧត្តមសេនីយ៍ វ៉ាល់​ឡឺរី ហ្សា​លូ​ស្នី​(Valerii Zaluzhnyi) បាន​និយាយថា ក្មេងៗ​ជាច្រើន​របស់​អ៊ុយ​ក្រែន​ចាំបាច់​ត្រូវ​មើលថែ ពីព្រោះ “​ឪពុក​របស់​ពួកគេ​បាន​ទៅ​សមរភូមិ​ជួរ​មុខ ហើយ​ប្រហែលជា​ស្ថិតក្នុង​ចំណោម​វីរបុរស​ជិត ៩.០០០ នាក់ ដែល​បាន​ស្លាប់​”​។​

​មន្ត្រី​ម្នាក់​បាន​និយាយថា នៅក្នុង​ទីក្រុង​នី​កូប៉ូល (Nikopol) ឆ្លងទន្លេ​ពី​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ដ៏​សំខាន់​របស់​អ៊ុយ​ក្រែន​ការបាញ់​ផ្លោង​របស់​រុស្ស៊ី​បាន​បណ្តាលឱ្យ​មនុស្ស​បួន​នាក់​រងរបួស​កាល​​ពី​ថ្ងៃ​ចន្ទ​ទី​២២​សីហា​។ ទីក្រុង​នៅ​លើ​ដង​ទន្លេ​ឌី​នី​ភើ (Dnieper) នេះ​បាន​ប្រឈម​មុខ​នឹង​ការវាយលុក​ឥតឈប់ឈ​រ​ចាប់តាំងពី​ថ្ងៃទី ១២ ខែកក្កដា ដែល​បាន​បំផ្លាញ​អគារ​ចំនួន ៨៥០​ខ្នង​និង​​បញ្ជូន​ប្រជាជន​ប្រហែល​ពាក់កណ្តាល​នៃ​ប្រជាជន​សរុប ១០០.០០០ ឱ្យ​រត់​ភៀសខ្លួន​។​

​លោកស្រី លីវ​មី​ឡា ស៊ី​ស្គីណា (Liudmyla Shyshkina) អាយុ ៧៤ ឆ្នាំ ដែល​ឈរ​នៅលើ​គែម​ផ្ទះល្វែង​ជាន់​ទី​បួន​របស់​គាត់​ដែល​ត្រូវបាន​បំផ្លាញ​ក្នុង​ទីក្រុង​នី​កូប៉ូល បាន​និយាយថា​”​ខ្ញុំ​មាន​អារម្មណ៍​​ស្អប់​ជនជាតិ​រុស្ស៊ី​”​។ លោកស្រី​នៅតែ​មាន​របួស​នៅ​ឡើយ​ពី​ការផ្ទុះ​កាលពី​ថ្ងៃទី​១០ ខែ​សីហា ដែល​បាន​សម្លាប់​ប្តី​អាយុ​៨១​ឆ្នាំ​របស់​គាត់ ឈ្មោះ អាណា​តូ​លី (Anatoliy)​។​

​លោក ផាវ​ឡូ ស៊ី​ស្គីន (Pavlo Shyshkin) កូនប្រុស​របស់​លោកស្រី​បាន​កត់សម្គាល់​ថា “​សង្គ្រាមលោក​លើក​ទី​ពីរ​មិន​បាន​ឆក់យក​ជីវិត​ឪពុក​របស់​ខ្ញុំ​ទេ ប៉ុន្តែ​សង្គ្រាម​រុស្ស៊ី​បាន​ឆក់យក​ជីវិត​គាត់​”​។​

​អង្គការសហប្រជាជាតិ​និយាយថា ជន​ស៊ីវិល ៥.៥៨៧ នាក់​ត្រូវបាន​សម្លាប់ និង ៧.៨៩០ នាក់​បាន​រងរបួស​នៅក្នុង​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុ​យ​ក្រែន​ដែល​បាន​ចាប់ផ្តើម​នៅ​ថ្ងៃទី ២៤ ខែ​កុម្ភៈ​ទោះ​​បី​ជា​ការប៉ាន់ប្រមាណ​ទំនងជា​មិន​ទាន់​រាប់បញ្ចូល​អស់​ក៏ដោយ​។ ទីភ្នាក់ងារ​កុមារ​របស់​អ​.​ស​.​ប (UNICEF) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា យ៉ាងហោច​ណាស់​មាន​កុមារ​អ៊ុ​យក្រែន​៩៧២​នាក់​ត្រូវបាន​​សម្លាប់​ឬ​រងរបួស​ចាប់តាំងពី​រុស្ស៊ី​បាន​ឈ្លានពាន​។ នាយក​ប្រតិបត្តិ​អង្គការ UNICEF លោកស្រី ខាន់​ធឺ​រី​ន រូស​សែ​ល (Catherine Russell) បាន​និយាយថា​ទាំងនេះ​គឺជា​តួលេខ​​ដែល​ត្រូវបាន​ផ្ទៀងផ្ទាត់​ដោយ​អ​.​ស​.​ប ប៉ុន្តែ “​យើង​ជឿ​ថា​ចំនួន​ស្លាប់​នឹង​មាន​ច្រើន​ជាង​នេះ​”៕

Click to comment

Leave a Reply

Your email address will not be published.

Facebook