Connect with us

កងកម្លាំងប្រដាប់អាវុធ

រដ្ឋបាលខេត្ត ផ្សព្វផ្សាយគោលការណ៍របស់សម្តេចតេជោ ហ៊ុន សែនពីការដោះស្រាយជូនប្រជាជននៅតំបន់អាងភាស

ព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២២ នៅក្នុងបរិវេណវត្តសឹង្ហារាម ហៅវត្ត ឡហាន សាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្សព្វផ្សាយគោលការណ៍របស់សម្តេចតេជោ ហ៊ុន សែន នូវការដោះ ស្រាយជូនប្រជាជននៅតំបន់អាងភាស និងនាំយកអំណោយរបស់កាកបាទ ក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ សរុប២៥៦គ្រួសារ មកពី ២ ភូមិ ដែលរស់នៅលើទំនប់អាងភាស នៃឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ក្នុងឱកាសនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅលើខ្នងអាងភាសនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍សំណេះសំណាល និងបានជម្រាបជូនឲ្យដឹង ពីប្រវត្តិអាងភាសនេះថា ៖ អាងភាសនេះកសាងឡើងក្នុងឆ្នាំ១៩៧៧ ក្នុងរបបខ្មែក្រហម ( របបប្រល័យពូជសាសន៍ប៉ុលពត) ដូចអាងកំពីងពួយដែរ ។ ក្រោយរំដោះឆ្នាំ ១៩៧៩ ដល់ឆ្នាំ ២០១១ ជាបន្តបន្ទាប់ អាងភាសនេះ ជាអាងរបស់រដ្ឋ ។ កន្លងមក មានបងប្អូនប្រជាពលរដ្ឋខ្លះ បានអះអាងថាខ្លួនបានធ្វើស្រែតាំងពីដូនតា ១០០ឆ្នាំ មកហើយ ចំពោះការអះអាងបែបនេះ គឺខុស ស្រឡះពីការពិត មិនដូចតាមការញុះញង់កន្លងមកនោះទេ ។

ឯកឧត្តមបានបន្តថា នៅឆ្នាំ២០១១ ដោយមានសំណូមពរពីឃុំ រដ្ឋបាលខេត្ត បានខិតខំស្នើសុំទៅក្រសួងធនធានទឹក ដើម្បីស្តារអាងភាសនេះទុកទឹកឲ្យបងប្អូន ស្រោចស្រព ។ ហើយនៅឆ្នាំ២០១២ ក្រសួងធនធានទឹកចាប់ផ្តើមស្តារអាងភាសនេះ ជាអាង៣ ជ្រុង ដែលមានផ្ទៃដីប្រហែល២០០០ ហិកតា ស្តុបទឹកបាន១៦ លានម៉ែត្រត្រីគុណ មានកម្ពស់ទឹកពីខាងលើទៅក្រោម មានកម្ពស់ខុសគ្នា ៣ ម៉ែត្រ ( មានជំរេលបីម៉ែត្រ)ធានាការ ស្រោចស្រពសម្រាប់ស្រែវស្សា ក្នុងនោះដំបូងៗ បាន ៣២០០ហិកតា ស្រែប្រាំង បានជាង ២២០០ ហិកតា តែបច្ចុប្បន្ន ធ្វើស្រែប្រាំងបានរហូតដល់ជិត ៦០០០ ហិកតា ។ ហើយតាមគម្រោង ក្រសួងធន ធានទឹក មានអង្គការបារាំង អា អេហ្វ ដេ ( AFD ) នឹងធ្វើការស្តារអាងភាសនេះ លើកកម្ពស់ទំនប់បន្ថែម កម្ពស់ ១, ២ តឹក (មួយម៉ែត្រ ពីរតឹក) នៅពេលខាងមុខនេះ អាចស្តុកទឹកបាន ៣៦ លានម៉ែត្រត្រីគុណស្រោចស្រពផ្ទៃដីបានកាន់តែច្រើន នឹងធ្វើស្រែបាន ៣ដង ក្នុងមួយឆ្នាំ ។

ឯកឧត្តមបានមានប្រសាសន៍ថា ៖ ចំពោះបងប្អូនដែលរស់នៅលើខ្នងអាង មិនមែនជាការនៅត្រឹមត្រូវតាមច្បាប់នោះទេ ចង់ទាមទារកម្មសិទ្ធិមិនបានទេ ។ ហើយ ការញុះញង់បំផ្លាញសម្បត្តិរដ្ឋ កន្លងមករបស់លោក ជា ព្រេម អាយុ ៧០ឆ្នាំ ថាគាត់ទិញដីពីប្រជាជន ១៧ គ្រួសារ ដីជាង៦០ហិកតា លោក ប្រាយ សុន ប្រមូលទិញដីពីប្រជាជន ២០៥ គ្រួសារ ដី១៨៨ ហិកតា ហើយការទិញដីនោះ គឺមិនមានការទទួលស្គាល់ពីអាជ្ញាធរដែនដីនោះទេគឺជាការទិញលក់ដោយខុសច្បាប់ ព្រោះជាដីក្នុងផ្ទៃអាងភាស ហើយទាមទារឲ្យបើកទ្វារទឹកដើម្បីឲ្យគាត់ធ្វើស្រែបាន ហើយម្យ៉ាងវិញទៀតតាំងពីឆ្នាំ២០១១- ២០១២ គឺគាត់មិនដែលធ្វើស្រែនោះដែរ ) ហើយបើបើកទឹកធ្វើតាមគាត់ស្មើនឹងសម្លាប់ប្រជាជននៅថ្មគោលជាង ៨០០០គ្រួសារ ធ្វើស្រែជាង ៦០០០ហិកតា ស្មើសម្លាប់ប្រជាជននៅស្រុកឯកភ្នំ ជាង ៣០០០ គ្រួសារទៀត នេះជាប្រយោជន៍ខុសច្បាប់ដើម្បីផល ប្រយោជន៍ផ្ទាល់ខ្លួន ។

ឯកឧត្តម អភិបាលខេត្តបាត់ដំបង បានថ្លែងបន្តថា ៖ បន្ទាប់ពីឯកឧត្តម បានរាយការណ៍ និងបានស្នើសុំ សម្តេចតេជោ រួចមក តាមគោលការណ៍របស់សម្តេច បានឯកភាព ៖ទី១ -ដោះស្រាយជូនប្រជាពលរដ្ឋ ដែលបានរស់នៅអាស្រ័យ ផល ទាំង២៣ គ្រួសារ ។ ទី ២ -ចំពោះបងប្អូនដែលរស់នៅក្នុងអាង ដែលមានទីទួលខ្ពស់ៗ ប្រមាណជាង ៧០ គ្រួសារ ជាគោលការណ៍ ឯកឧត្តម អភិបាលខេត្ត នឹងគិតគូរពិចារណា ធ្វើការដោះស្រាយជូន ។ ទី ៣ -ចំពោះបងប្អូន ប្រជាជន ១៥៩ គ្រួសារ ដែលរស់នៅលើខ្នងអាងភាស សុំឲ្យពួកគាត់បាននៅ តែសូមរើបន្ថយរំកិលទៅក្រោយបន្តិច តាមអ្វីដែលក្រសួងធនធានទឹក និងអង្គការ អា អេហ្វ ដេ ( AFD ) បារាំង ធ្វើការកែលម្អទំនប់ ដើម្បីស្តុកទឹកបានច្រើន ដើម្បីបំរើផល ប្រយោជន៍ប្រជាពលរដ្ឋ ។ ហើយយើងក៏មិនលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋមកនៅបន្ថែមលើខ្នងអាងនោះទេ ហើយក៏មិនលើកទឹកចិត្តឲ្យបងប្អូនទៅរស់នៅក្នុងអាងនោះដែរ ។

ទី៤ -ចំពោះមេក្លោង និងអ្នកសារព័ត៌ មានញុះញង់ ត្រូវមានវិធានការច្បាប់។ ឯកឧត្តម អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍បន្តថា ៖ ក្នុងនាម ឯកឧត្តម ជារដ្ឋបាលខេត្ត នឹងខិតខំរក្សាការពារ ប្រយោជន៍រាស្ត្រ ស្របច្បាប់ ត្រូវតែការពារ តែប្រយោជន៍រដ្ឋ ប្រយោជន៍រួម ក៏មិនត្រូវឲ្យបាត់បង់ដែរ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook