ភ្នំពេញ៖ កម្ពុជាបានកំណត់ទំនិញសក្ដានុពលប្រមាណ៥០-៦៥មុខ សម្រាប់ជំរុញការនាំចេញ ទៅកាន់ប្រទេសចិនក្នុងអំឡុងពេលកិច្ចព្រមពៀងពាណិជ្ជកម្មសេរី (FTA) ចូលជាធរមាន ដើម្បីជំរុញការនាំចេញទៅប្រទេសចិនឱ្យបានជាអតិបរមា។

លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា មុខទំនិញសក្ដានុពលរបស់កម្ពុជាប្រមាណ ៥០-៦៥មុខ ត្រូវបានសិក្សារួចរាល់លើរបាំងបច្ចេកទេស របាំងពន្ធគយ និងភាពអនុគ្រោះពន្ធនានា ដែលប្រទេសចិនផ្តល់ជូនកម្ពុជា ដើម្បីជំរុញការនាំចេញទៅប្រទេសចិនឱ្យបានជាអតិបរមា។
លោកបន្តថា ការសិក្សាលើទំនិញទាំង ៦៥មុខនេះ ផ្អែកលើឯកសារគោលដែលបានដក ស្រង់ចេញពីឯកសារគោលនយោបាយពាណិជ្ជកម្ម និងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានមូលដ្ឋានច្បាស់លាស់ និងមានមូលដ្ឋានសម្រាប់ធ្វើការនាំចេញ។

លោកបញ្ជាក់ថា ទំនិញដែលកម្ពុជាមានសិទ្ធិនាំចូលទៅកាន់ទីផ្សារប្រទេសចិនមានរាប់ពាន់មុខ ប៉ុន្ដែមិនមានន័យថា យើងត្រូវនាំចូលគ្រប់ផលិតផលនោះទេ ត្រូវមើលទៅលើទំនិញណា ដែលមានសក្ដានុពលទើបធ្វើការនាំចេញ ហើយប្រសិនបើទំនិញមានសក្ដានុពលនេះ មានការលំបាកក្នុងការនាំចេញ ខាងក្រសួងពាណិជ្ជកម្ម និងដោះស្រាយ។

លោក ស៊ាង ថៃ បញ្ជាក់ថា«ទំនិញ៥០-៦៥មុខនេះ ជាទំនិញដែលកម្ពុជា បានកំណត់គោដៅទុក ហើយប្រសិនបើរកទំនិញបានគ្រប់ចំនួនក្នុងការនាំចេញ ជារឿងមួយល្អបំផុតក្នុងជំហានដំបូង ដែលកម្ពុជាធ្វើការនាំចេញ»។
លោកឲ្យដឹងថា បច្ចុប្បន្ននេះក្រុមការងារកំពុងសិក្សាមើលថា តើគួរនាំចេញទំនិញអ្វីខ្លះ? ចំណែកទំនិញដែលនឹងគ្រោងនាំចេញបាន ក្រុមការងារនឹងចុះផ្សព្វផ្សាយដល់ប្រជាកសិករ ឲ្យផលិតនូវផលិតផលទាំងនោះ។គួរបញ្ជាក់ថា ឯកសារយុទ្ធសាស្រ្តពាណិជ្ជកម្ម ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដើម្បីជំរុញការនាំចេញទៅប្រទេសចិន ឱ្យបានជាអតិបរមា គឺជាឯកសាររស់ ដែលនឹងត្រូវធ្វើការសិក្សាស្រាវជ្រាវលើមុខទំនិញសក្តានុពល ជាបន្តបន្ទាប់ទៀត និងត្រូវពង្រីកការសិក្សាស្រាវជ្រាវជាមួយបណ្តាប្រទេសដែលកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទាំងថ្នាក់តំបន់ និងទ្វេភាគី ដើម្បីជំរុញការនាំចេញឱ្យបានជាអតិបរមា ទៅតាមបណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនីមួយៗ៕