Connect with us

កងកម្លាំងប្រដាប់អាវុធ

សាធារណរដ្ឋកូរ៉េ សន្យាជួយកម្ពុជាលើផ្នែកស្តារនីតិសម្បទារបស់កម្មករនិយោជិត ដែលទទួលរង នូវគ្រោះថ្នាក់ការងារ

(ភ្នំពេញ)៖ សាធារណរដ្ឋកូរ៉េ បានសន្យានឹងជួយកម្ពុជា មានទាំងថវិកា ការបណ្តុះបណ្តាល ជំនាញ និងចែករំលែកបទពិសោធន៍ការងារល្អៗមួយចំនួនដល់កម្ពុជា លើផ្នែកស្តារនីតិសម្បទា ដល់កម្មករ និយោជិត ដែលទទួលរងនូវគ្រោះថ្នាក់ការងារ។

ការសន្យាបែបនេះពីភាគីកូរ៉េ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងឯកឧត្តម JAEKAP LEE អតីតរដ្ឋមន្រ្តី ក្រសួងការងារនិងមុខរបរនៃសាធារណរដ្ឋកូរ៉េ និងបច្ចុប្បន្នជាអ្នកគ្រប់គ្រងគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ ផ្នែកស្តារនីតិសម្បទានៅកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានចូលជួបសម្តែងការគួរសម ជាមួយឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានចូលរួមអបអរសាទរ និងទទួលស្វាគមន៍យ៉ាងក្តៅបំផុត ចំពោះវត្តមានរបស់ឯកឧត្តម JAEKAP LEE ដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជួយឧបត្ថម្ភគាំទ្រលើផ្នែកស្តារនីតិសម្បទាដល់កម្មករនិយោជិតរបស់កម្ពុជាដែលជួបនឹងគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ។ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា តាមរយៈបទពិសោធន៍ការងារជាអតីតរដ្ឋមន្ត្រីក្រសួង ការងារនិងមុខរបរនៃសាធារណរដ្ឋកូរ៉េ នឹងបានចែករំលែកបទពិសោធន៍ការងារជួយដល់កម្ពុជា ដើម្បីឱ្យ វិស័យមួយនេះទទួលបាននូវលទ្ធផលល្អ។

 

ឯកឧត្តម JAEKAP LEE មានបទពិសោធន៍លើកិច្ចការងារស្តារនីតិសម្បទារបស់កម្មករនិយោជិត ដែល ទទួលរងនូវគ្រោះថ្នាក់ការងារនេះ ហើយឯកឧត្តម ធ្លាប់បានចូលរួមចងក្រងជាគោលនយោបាយ សម្រាប់ គាំពារកម្មករនិយោជិតកូរ៉េ ដែលទទួលរងគ្រោះថ្នាក់នៅកន្លែងការងារ និងស្តារនីតិសម្បទាជូនពួកគាត់អាច វិលត្រឡប់ទៅធ្វើការដូចដើមវិញបាន។ ក្រុមការងាររបស់ឯកឧត្តម នឹងជួយក្រុមការងារកម្ពុជាលើផ្នែកនេះ ដើម្បីយកទៅអនុវត្តកាន់តែមានប្រសិទ្ធភាព និងជោគជ័យ។

ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងថា កាលពី២០ឆ្នាំមុន កម្ពុជាមិនមានការអភិវឌ្ឍន៍រីកចម្រើនដូចសព្វថ្ងៃបែបនេះ ទេ ដោយសារតែរាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់នូវសន្តិភាព និងការរក្សាបាននូវស្ថិរភាពនយោបាយ ទើបមានការអភិវឌ្ឍន៍លឿនបែបនេះ។ មានសន្តិភាព គឺមានឱកាសក្នុងការអភិវឌ្ឍន៍។ កម្ពុជាបើកចំហឲ្យមានការវិនិយោគទាំងខាងក្នុង និងខាងក្រៅ មានទំនាក់ទំនងជាមួយដៃគូនានា និង បណ្តាប្រទេសទាំងអស់គ្រប់និន្នាការ ដើម្បីស្រូបទាញការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឲ្យមានសកម្មភាព រស់រវើក។

ពាក់ព័ន្ធនឹងកិច្ចសហការ និងផ្តល់ការគាំទ្រដល់កម្ពុជាពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង លើកឡើងថា គឺមានទំនាក់ទំនងល្អប្រសើរណាស់ បន្ទាប់ពីមានដំណើរទស្សនកិច្ចជាផ្លូវការ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅសាធារណរដ្ឋកូរ៉េ ដែលធ្វើឲ្យប្រទេសទាំងពីរ ក្លាយជា ជាមានទំនាក់ទំនងជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រួមទាំងពាណិជ្ជកម្មសេរីរបស់ប្រទេសយើងទាំងពីរផង បានផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ប្រកបដោយផ្លែផ្កាដ៏ល្អបំផុត។ រំហូរនៃវិនិយោគកូរ៉េចូលមកកាន់កម្ពុជា មានការកើនឡើងជាលំដាប់ និងបានធ្វើការវិនិយោគស្ទើរតែគ្រប់ វិស័យទាំងអស់។

ចំពោះទំនាក់ទំនងលើវិស័យការងារវិញ ឯកឧត្តមរដ្ឋមន្ត្រី គូសបញ្ជាក់ថា ពលករកម្ពុជាដែលកំពុង បម្រើ ការងារនៅសាធារណរដ្ឋកូរ៉េ ប្រមាណជាង៥ម៉ឺននាក់ ទទួលបាននូវចំណេះ ជំនាញ ប្រាក់ចំណូល បទពិសោធន៍ការងារ រហូតក្លាយជាសហគ្រិនភាពដ៏ចំណាន។ មួយវិញទៀត លើប្រព័ន្ធសុវត្ថិភាព និង សុខភាពការងារ(OSH) កូរ៉េបានផ្តល់ការគាំទ្រទាំងថវិកា និងបច្ចេកទេសមកដល់កម្ពុជា រួមជាមួយនឹង សេវាការងារដល់NEA ផងដែរ។ កូរ៉េមានបទពិសោធន៍ច្រើន ទំាងគោលនយោបាយ យន្តការ និងសេវា សម្បូរបែប លើការគ្រប់គ្រង និងដោះសា្រយបញ្ហាគ្រោះថ្នាក់ការងារជូនដល់កម្មករនិយោជិតរបស់ខ្លួន នឹង ចែករំលែកបទពិសោធន៍ទាំងនេះ មកខាងប.ស.ស យកទៅអនុវត្តឱ្យទទួលបានជោគជ័យបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងពីការអភិវឌ្ឍន៍របបសន្តិសុខសង្គមរបស់កម្ពុជា ដែលមកដល់ពេលនេះ កម្ពុជា បានអនុវត្តរបបសន្តិសុខសង្គមចំនួន ៣ រួមមាន៖ ទី១.ផ្នែកហានិភ័យការងារ អនុវត្តនៅឆ្នាំ២០០៨, ទី២.ផ្នែកថែទាំសុខភាព អនុវត្តនៅឆ្នាំ២០១៦, និងទី៣.ផ្នែកប្រាក់សោធន ទើបប្រកាសដាក់ឱ្យអនុវត្ត ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ ហើយបាននិងកំពុងធ្វើយុទ្ធនាការ រយៈពេល ៩០ថ្ងៃ ផ្សព្វផ្សាយ ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោម បទប្បញ្ញត្តិនៃច្បាប់ ស្តីពីការងារ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook