Connect with us

កងកម្លាំងប្រដាប់អាវុធ

អ្នកជំនាញការ៉ាតេអន្តរជាតិបានចែករំលែកបទពិសោធន៍ដល់កម្ពុជា ត្រៀមឆ្ពោះទៅជោគជ័យស៊ីហ្គេម ២០២៣

ភ្នំពេញ៖ ដើម្បីសម្រួចគោលដៅឆ្ពោះទៅជោគជ័យ ស៊ីហ្គេម ជាប្រវត្តិសាស្ត្រដំបូង ឆ្នាំ២០២៣ សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពីវគ្គអាជ្ញាកណ្តាល-ចៅក្រម ក្រោមការចែករំលែកចំណេះដឹង និងបទពិសោធន៍ ពីគ្រូឧទ្ទេសអន្តរជាតិ។

ថ្លែងបើកសិក្ខាសាលា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC និងជាអគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា មានប្រសាសន៍ថា សិក្ខាសាលានេះដំណើរការទៅបាន ក្រោមគម្រោងថវិកាគាំទ្រប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រោមការគាំទ្រយ៉ាងពេញទំហឹងពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា។ សហព័ន្ធរៀបចំសិក្ខាសាលា ស្តីពីវគ្គអាជ្ញាកណ្តាល-ចៅក្រម ត្រៀមឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស លើផ្នែកអាជ្ញាកណ្តាលចៅក្រម ដែលជាមនុស្សដ៏សំខាន់ក្នុងការថែរក្សាគោលការណ៍លេងដោយយុត្តិធម៌ បទបញ្ជាការប្រកួត និងរបៀបរបបនៃការវិនិច្ឆ័យ ដើម្បីជំរុញឱ្យការប្រកួតមួយ ប្រកបដោយស្តង់ដារសហព័ន្ធកីឡាការ៉ាតេពិភពលោក (WKF)។

ឯកឧត្តមបញ្ជាក់ថា វគ្គនេះ ទទួលបានការចែករំលែកពីគ្រូឧទ្ទេសជាច្រើនរូប ដូចជាលោក Mansour ដែលលោកនឹងធ្វើជាប្រធានអាជ្ញាកណ្តាល សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាតែម្តង និងគ្រូឧទ្ទេសជនជាតិម៉ាឡេស៊ី លោក Chen Chee Hong អគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេពិភពលោក, អគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេអាស៊ី និងអគ្គលេខាធិការ សហព័ន្ធកីឡាការ៉ាតេអាស៊ីអាគ្នេយ៍។ តាមរយៈឯកឧត្តមអគ្គលេខាធិការ ជំរុញឲ្យសិក្ខាកាមទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ ទទួលយកចំណេះដឹងពីគ្រូឧទ្ទេសអន្តរជាតិ ឲ្យបានល្អប្រសើរ។ ការចែករំលែកពីគ្រូកម្រិតអន្តរជាតិនាពេលនេះ មិនមែនសំខាន់តែទៅលើមន្ត្រីអាជ្ញាកណ្តាល-ចៅក្រមប៉ុណ្ណោះទេ ប៉ុន្តែវាមានសារសំខាន់ដូចគ្នាសម្រាប់កីឡាករ កីឡាការិនីផងដែរ។

ឯកឧត្តមអគ្គលេខាធិការ បានលើកទឹកចិត្តដល់អាជ្ញាកណ្តាល-ចៅក្រម ជាសិក្ខាកាមទាំងអស់ ត្រូវតែប្រឹងប្រែងក្រេបយកចំណេះដឹងពីគ្រូឧទ្ទេស ឲ្យបានច្បាស់លាស់។ ចំពោះគ្រូបង្វឹក គឺជាមនុស្សបង្គោលដ៏សំខាន់ ក្នុងការចែកចាយបទបញ្ជាបច្ចេកទេសដ៏ជាក់លាក់ ជូនដល់កីឡាករ កីឡាការិនីរបស់ខ្លួន ពីព្រោះគ្រូបង្វឹក គឺជាមនុស្សដែលចេះជាងកីឡាករ កីឡាការិនី ហើយគ្រូបង្វឹក គឺជាមនុស្សដែលពូកែជាងអាជ្ញាកណ្តាល ដោយគ្រូបង្វឹកក្រៅពីការផ្ទេរចំណេះដឹងដល់សិស្សគុន គឺជាអ្នកការពារនូវបទបញ្ជាការប្រកួត ការដាក់ពិន្ទុ សម្រាប់ការប្រកួតនីមួយៗ នៃសិស្សគុនរបស់ខ្លួន។

ឯកឧត្តមអគ្គលេខាធិការបានសំណូមពរដោយទទូចថា ពេលនេះ គឺជាពេលវេលាដ៏សំខាន់ ក្នុងការសម្រួចគោលដៅឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ ហើយមន្ត្រីជំនាញទាំងអស់ គប្បីឆ្លៀតពេលទទួលយកចំណេះដឹងពីការអភិវឌ្ឍបច្ចេកទេសថ្មីៗរបស់ពិភពលោក ដើម្បីចូលរួមកាត់សេចក្តីក្នុងពេលស៊ីហ្គេម ២០២៣ ឲ្យទទួលបានជោគជ័យ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook