Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ពីករណីស្លាប់ របស់ពលករខ្មែរម្មាក់ ដែលត្រលប់មកពីប្រទេសថៃ

(បន្ទាយមានជ័យ)៖ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មាន នៅវេលា​ម៉ោង ៩ និង០០ នាទី​ព្រឹកថ្ងៃខាងលើ ​មាន​ករណី​បុរស​ម្នាក់​ជា​ពលករ​ខ្មែរ ​ភេទប្រុស​ អាយុ ៣៨ ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ដុ​ង​អារញ្ញ​ សង្កាត់​និមិត្ត ​ក្រុង​ប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ បាន​ទទួលមរណៈភាព​។

ទាក់ទិននឹងករណីស្លាប់ខាងលើ រដ្ឋបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យដឹងថា បុរស​ម្នាក់​ជា​ពលករ​ខ្មែរ​ខាងលើ​ បាន​ចូល​មក​ប្រទេស​កម្ពុជា ​តាម​ច្រក​ចំបក់​ ស្ថិត​ក្នុង​ឃុំ​បឹងបេង​ស្រុក​ម៉ាឡៃ​ នៅ​ម៉ោង ១១ និង២០ នាទី​យប់​ថ្ងៃទី ១៧ ខែមករា​ឆ្នាំ ២០២១។

រដ្ឋបាល​ខេត្ត បានបន្តថា ក្រោយពេល​ក្រុមការងារ​ បាន​សួរនាំ​អំពី​ការ​វិលត្រឡប់​របស់​បងប្អូន​ពលករ​មកវិញ​រួច​ ក្រុមការងារ​ បានឲ្យបងប្អូន​ទៅ​យក​ឥវ៉ាន់​ ដើម្បី​ឡើង​រថយន្ត​កងទ័ព​ដែល​ប្រចាំ​ការ​នៅ​ប៉ុស្តិ៍​ចំបក់​ ដឹកជញ្ជូន​ទៅកាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​ទីរួមស្រុក ​ប៉ុន្តែ​ក្នុងពេលនោះ ​បុរស​ខាងលើ​ បាន​ដើរ​ទៅ​បត់ជើងតូច​ ហើយក៏​ជំពប់​ជើង​ដួល​បោក​ក្បាល​ទៅលើ​ថ្ម​ ប​ណ្តា​លឲ្យបែកក្បាល ​ក្នុង​ពេល​ភ្លាមៗ​នោះ​ ប្រជា​ពលករ​ខ្មែរ​មួយ​រូប​ភេទប្រុស​អាយុ ២៦ ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំងប្រាសាទ​ ឃុំ​ត្រពាំងប្រាសាទ ​ស្រុក​ត្រពាំង​ប្រាសាទ ​ខេត្ត​ឧត្តរមានជ័យ​ ជា​ប្រជាពលរដ្ឋ ​ដែល​រួម​ដំណើរ ​បាន​ទៅ​ជួយ​លើក​បុរស​ ដែល​ដួល​នោះឲ្យអង្គុយ​ និង​បាន​សួរ​ទៅកាន់​បុរស​នោះ​ ហើយ​បុរស​ដែល​ដួល​ បាន​ប្រាប់​ថា​ខ្លួន​អស់​កំលាំង​ ហើយ​បាន​ហូប​ស្រាបៀ​រ​លី​អូ​ថៃ​ អស់២ដប​ក្នុង​ពេល​ភ្លាមៗ​នោះ​កំលាំង​នគរបាល​ឈរជើង​ទីនោះ ​ឃើញ​មាន​ហូរឈាម​ខ្លាំង​នៅ​ក្បាល​ផ្នែក​ខាង​ក្រោយ​ ក៏បានឲ្យក្រមា​ចង​ទប់​ឈាម ​និង​បាន​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ម៉ាឡៃ​ មក​ទទួល​យក​អ្នក​របួស​ទៅ​សង្គ្រោះ​និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ម៉ាឡៃ​។

រដ្ឋបាល​ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ពេល​បញ្ជូន​អ្នក​របួស​ទៅដល់​មន្ទីរពេទ្យ​ប្រមាណ​ជា​ម៉ោង ១២ និង០០ អាធ្រាត្រ​ មាន​ក្រុម​គ្រូពេទ្យប្រចាំ​ការ​ បាន​ពិនិត្យ​ឃើ​ញ់​អ្នកជំងឺ​មាន​ស្នាមរបួស​បែក​ក្បាល​ប្រវែង ២សង់ទីម៉ែត្រ​ និង​បាន​ដេរ​របួស​ជូន​អ្នកជំងឺ​ចំនួន ៥ថ្នូរ​ និង​ព្យាបាល​តាម​បច្ចេកទេស​ពេទ្យ​។ ហើយ​ពេលនោះ​អ្នកជំងឺ ​មាន​ស្ថានភាព​ធម្មតា​ ដោយ​គ្រូពេទ្យ​ បាន​តាមដាន​ស្ថានភាព​អ្នកជំងឺ​ក្នុង​មួយ​ម៉ោង​ម្តង ​គឺ​អ្នកជំងឺ​មាន​អាការៈ​ធម្មតា​ដឹងខ្លួន​, និយាយ​បាន​ធម្មតា​រហូត​លុះដល់​ម៉ោង ៥ ទៀបភ្លឺ​អ្នកជំងឺ​មាន​អាការៈ​ប្រែប្រួល​ដោយ​មាន​អាការៈ​ ឈឺក្បាល​វិលមុខ​និង​ក្អួត​រួច​ក៏​សន្លប់បាត់ស្មារតី​តែម្តង​។ ពេល​ភ្លាមៗ​នោះ​ក្រុម​គ្រូពេទ្យ​ បាន​ជួយសង្គ្រោះ​តាម​បច្ចេកទេស​ពេទ្យ​ ប៉ុន្តែ​ដោយ​ឃើញ​ស្ថានភាព​អ្នកជំងឺ​មាន​សភាព​ធ្ងន់ធ្ងរ ​ក៏​សម្រេច​បញ្ជូន​ទៅ​សង្គ្រោះ​និង​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត​ ជា​មន្ទីរពេទ្យ​កំរិត២ នៅ​ម៉ោង ៧ ព្រឹក​ព្រោះ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ម៉ាឡៃ​ជា​មន្ទីរពេទ្យ​បង្អែក​កំរិត ១។ ពេល​ទៅដល់​មន្ទីរ​ពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត​ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យមើល​ឃើញថា​អ្នកជំងឺ​បាន​ស្លាប់​បាត់​ទៅ​ហើយ​មុន​ពេល​ទៅដល់​មន្ទីរពេទ្យ​។

ករណីស្លាប់ខាងលនេះ រដ្ឋបាល​ខេត្ត​ បានបញ្ជាក់​ជូន​ផង​ដែរ​ថា ​ករណី​បុរស​ជា​ប្រជាពលករ​ ដែល​ទទួលមរណភាព​ខាងលើ​ គឺ​ពុំ​ទាន់​បាន​ចូល​ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​មួយ​ណា​ទេ​ ហើយក៏​មិនមែន​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ-១៩ ដែរ​គឺ​ ស្លាប់​ដោយសារ​ឧបទ្ទវហេតុ​ដួល​បោក​ក្បាល​។

រដ្ឋបាល​ខេត្ត​ បានស​ម្តែ​ង​នូវ​ការ​សោក​ស្តា​យ​ និង​ចូលរួម​រំលែកទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook