Connect with us

ព័ត៌មានជាតិ

អាចរាយការណ៍ពាក់ព័ន្ធអំពើជួញដូរមនុស្ស, ឧក្រិដ្ឋកម្មឆ្លងដែន តាមគេហទំព័រ និងលេខទូរសព្ទHotline ដែលសម្តេចក្រឡាហោម ស​ ខេង បានបង្ហាញ

(រាជធានីភ្នំពេញ)៖ សម្តេចក្រឡាហោម ស​ ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញគេហទំព័រ Facebook ផ្លូវការចំនួន ៣ រួមនឹងលេខទូរសព្ទ Hotline ចំនួន២ខ្សែ ដែលសាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសពាក់ព័ន្ធ អាចផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព និង​ដើម្បីរួមគ្នាលុបបំបាត់ឧក្រិដ្ឋកម្មនេះ សំដៅការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ។

តាមសេចក្តីអំពាវនាវ បានបង្ហាញថា ការផ្តល់ព័ត៌មានធ្វើទៅបានតាមរយៈ៖

១- Facebook: Samdech Krolahom Sar Kheng, Cambodian Deputy Prime Minister

២- Hotline លេខទូរសព្ទ័ ១១៧ និង (+៨៥៥) ៣១ ២០១ ២៣៤៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ

៣- Facebook: General Comrnissariat of National Police របស់អគ្គស្នងការដ្ឋាននគរបាលជាតិ

៤- Facebook: General Department of Immigration-GDI របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ក្រោយពីទទួលបានការរាយការណ៍ព័ត៌មានជាក់លាក់ គណៈបញ្ជាការដឹកនាំប្រតិបត្តិការ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នឹងធ្វើជាសេនាធិការក្នុងការដឹកនាំ និងបញ្ជា ដោយផ្ទាល់នូវប្រតិបត្តិការបង្ក្រាប និងជួយសង្គ្រោះជនរងគ្រោះ។

រយៈពេលប្រមាណជាង មួយឆ្នាំមកនេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានទទួលសំណើ និងពាក្យបណ្ដឹងពីជនបរទេស និងស្ថាន តំណាងបរទេសប្រចាំកម្ពុជាមួយចំនួន ពាក់ព័ន្ធនឹងការស្នើសុំកិច្ចអន្តរាគមន៍ជួយសង្គ្រោះ និងការស្នើសុំ ស្រាវជ្រាវស្វែងរកពលរដ្ឋដោយបានអះអាងថាជាជនរងគ្រោះនៃអំពើជួញដូរ និងរត់ពន្ធមនុស្សដែលជា បទល្មើសដ៏ធ្ងន់ធ្ងរមួយ ក្នុងចំណោមឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង។

ពាក្យបណ្តឹងភាគច្រើន ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបើកប្រតិបត្តិការស្រាវជ្រាវស្វែងរកឃើញ និងជួយសង្គ្រោះបានទាន់ ពេលវេលា ព្រមទាំងបានលើកលែងការផាកពិន័យផ្សេងៗពាក់ព័ន្ធនឹងស្ថានភាពអន្តោប្រវេសន៍របស់ពួកគេ។

ការសម្របសម្រួលនីតិវិធី ដើម្បីបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ស្របតាមការកំណត់ នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។ ជាក់ស្តែង អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានរកឃើញ និងជួយសង្គ្រោះជនបរទេសដែលប្រកាសថា ជនរងគ្រោះ ចំនួន ៨៧ករណី ស្មើនឹងប្រមាណ ៨៦៥នាក់ ព្រមទាំងបានកសាងសំណុំរឿងបញ្ចូនទៅ តុលាការចំនួន ១៧ករណី ជនសង្ស័យសរុបចំនួន ៦០នាក់។

ដោយឡែកនាខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានបើកកិច្ច ប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះសរុបចំនួន ០៧ករណី ដោយបានសង្គ្រោះជនរងគ្រោះសរុបចំនួន ២៥នាក់ (មាន ៦ សញ្ញាតិ) និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២៣នាក់ (មាន ៤ សញ្ញាតិ) នៅក្នុងខេត្ត ព្រះសីហនុ ខេត្តពោធិ៍សាត់ ខេត្តស្វាយរៀង និងខេត្តឧត្តរមានជ័យ។

ផ្អែកតាមលទ្ធផលស្រាវជ្រាវ និងសួរចម្លើយ រកឃើញថា ពលរដ្ឋបរទេសទាំងនោះ មួយចំនួនធំត្រូវបានក្រុមឧក្រិដ្ឋជនដែលមានមេក្លោងនៅក្នុងប្រទេសរបស់ខ្លួន និងមានបក្សពួកនៅកម្ពុជា ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ធ្វើការឆបោកឲ្យឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសកម្ពុជា ក្រោមការសន្យាផ្តល់ការងារដែលទទួលបានប្រាក់ឈ្នួលខ្ពស់។ ក៏ប៉ុន្តែជាក់ស្ដែងជនទាំងនោះ ត្រូវបានចាត់ ឲ្យបម្រើការងារល្បែងស៊ីសងអនឡាញខុសច្បាប់ ហើយបានក្លាយជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស និង រត់ពន្ធមនុស្ស ដោយត្រូវបានក្រុមឧក្រិដ្ឋជនធ្វើការជួញដូរ ឬផ្ទេរបន្តពីក្រុមហ៊ុនមួយទៅក្រុមមួយ ឬពី ដោយពុំមានការព្រមព្រៀងពីសាមីខ្លួន ហើយករណីខ្លះទៀតត្រូវទទួលរងនូវអំពើហឹង្សា និងការគំរាមកំហែងផ្សេងៗ ប្រសិនមិនអនុវត្តតាមការបង្គាប់បញ្ជាពីក្រុមឧក្រិដ្ឋជន៕

Click to comment

Leave a Reply

Your email address will not be published.

Facebook