Connect with us

ព័ត៌មានជាតិ

ជាង៩០% បានផ្អាក និង បិទអាជីវកម្មនៅខេត្តសៀមរាប

(រាជធានីភ្នំពេញ)៖អ្នកនាំពាក្យក្រសួងទេសចរណ៍ ឯកឧត្ដម តុប សុភ័ក រដ្ឋលេខាធិការមានប្រសាសន៍ថា ក្នុងអំឡុងពេល​​​នៃការរីករាល​​​​​នៃជំងឺកូវីដ១៩ នៅក្នុង​​​ខេត្តសៀមរាប នេះមានប្រមាណជាង ៩០%បានផ្អាក និងបិទអាជីវកម្ម ហើយជាខេត្តដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ​​​ ។

ឯកឧត្ដម តុប សុភ័ក រដ្ឋលេខាធិការបន្តថា មូលដ្ឋានអាជីវកម្មទេសចរណ៍ នៅក្នុងខេត្តសៀមរាប រួមមានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ប្រមាណ៤៦% ក្នុងចំណោមអាជីវកម្មដែលបានបិទទ្វារ ដោយសាររងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ បានបើកដំណើរការឡើងវិញជាបន្តបន្ទាប់ក្រោយពេលដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចាប់ផ្តើមកើនឡើងជាបណ្តើរៗ  រីឯមូលដ្ឋានអាជីវកម្មប្រមាណ​​​​ជាងពាក់កណ្តាលទៀត មិនទាន់អាចបើកដំណើរការនៅឡើយទេ ដោយសារតែចំនួនភ្ញៀវទេសចរណ៍ ទើបតែចាប់ផ្តើមដើរកម្សាន្ត និងមានចំនួនតិចតួចនៅឡើយ ដែលធ្វើឱ្យម្ចាស់អាជីវកម្មមួយចំនួននៅស្ទាក់ស្ទើរ មិនទាន់បើកដំណើរការ ។

មានភ្ញៀវទេសចរណ៍អន្តរជាតិបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសកម្ពុជាមាន ប្រមាណ៥០០០នាក់នាពេលបច្ចុប្បន្ននេះ ក្នុងនោះនៅខេត្តសៀមរាប មានប្រមាណពី៧០០នាក់ទៅ៨០០នាក់ នៅក្នុងមួយថ្ងៃ។

នៅកម្ពុជា បានបើកដំណើរជាធម្មតាវិញហើយនូវសណ្ឋាគារ និងផ្ទះសំណាក់ជាង៥០០ទីតាំង គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២២ ខណៈជិត២០០ទីតាំងទៀត នៅបន្តផ្អាកអាជីវកម្ម និង២៩ទីតាំងបានបិទអាជីវកម្មតែម្តង ដោយសារការរងផលប៉ះពាល់ធ្ងន់​​​​​ពីវិបត្តិកូវីដ១៩ ក្នុងរយៈពេលជាង២ឆ្នាំមកនេះ។ គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ សណ្ឋាគារ និងសេវាកម្មស្នាក់នៅ នៅកម្ពុជាមានសរុបមានចំនួន៧៣៩ទីតាំង ក្នុងនោះ៥២០ទីតាំងកំពុងបើកដំណើរការ, ១៩០ទីតាំងបានផ្អាកអាជីវកម្ម និង ២៩ ទីតាំងទៀតបានសម្រេចបិទអាជីវកម្មតែម្តង។

ចំណែកភោជនីយដ្ឋានវិញ ដែលបច្ចុប្បន្នមានចំនួនសរុប ២៥២៩ ទីតាំង ក្នុងនោះជាង២ពាន់កន្លែងកំពុងបើកដំណើរការ និង៣៦៣ទីតាំងទៀតបានបន្តផ្អាក និងបិទអាជីវកម្ម ។

សរុបត្រឹមចុង ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ មូលដ្ឋានអាជីវកម្មទេសចរណ៍សរុបនៅកម្ពុជាមានជិត៨ពាន់អាជីវកម្ម ក្នុងនោះ៦៨១ អាជីវកម្ម ដែលស្មើនឹង ៨.៦៣% បានកំពុងផ្អាកអាជីវកម្ម និង ៥២៤អាជីវកម្ម ឬប្រមាណ៦.៦៤% បានបិទអាជីវកម្ម។ ក្នុងនោះខេត្តសៀមរាប ដែលមានមូលដ្ឋានអាជីវកម្ម ១១៩៦ ក្នុងនោះ អាជីវកម្ម៦៥១ នៅបន្តផ្អាក និងបិទទ្វារ៕

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook