Connect with us

កងកម្លាំងប្រដាប់អាវុធ

ផ្លូវមួយខ្សែក្នុងក្រុងស្ទឹងត្រែងដែលលំបាកធ្វើចរាចរណ៍ត្រូវបានអាជ្ញាធរខេត្តសាងសង់ជាផ្លូវបេតុងហើយ

ស្ទឹងត្រែង៖ ផ្លូវមួយខ្សែចាប់ចេញពីរង្វង់មូលធំ ទៅប៉ែកខាងលិចស្ថិតនៅក្នុងភូមិព្រែកសង្កាត់ក្រុងស្ទឹងត្រែង ត្រូវបានអាជ្ញាធរខេត្តសម្រេចសាងសង់ជាផ្លូវបេតុង ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋឱ្យបានស្រូលជាងមុន ។

ក្នុងសកម្មភាពស្ថាបនាផ្លូវបេតុង នៅថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០២២ លោកនូ វណ្ណា ប្រធានក្រុមដឹកនាំផ្នែកបច្ចេក ទេសស្ថាបនាផ្លូវបានបញ្ជាក់ថាផ្លូវនេះ មានបណ្តោយជិត ៤០០ម៉ែត្រ ទទឹង ១១ម៉ែត្រ ចាក់បេតុងកម្រាស់១៥០ ស.ម (មួយតឹកកន្លះ )និងដាក់សរសៃដែកទៅតាមស្ដង់ដារ ហើយក្រុមបច្ចេកទេស គ្រោងបញ្ចប់ការសាងសង់ នៅដើមខែកញ្ញាខាងមុខនេះហើយ ។

លោក ស គឹមណាត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ៖ នេះជាផ្លូវលេខ ២២ ត្រូវបានអាជ្ញាធរខេត្ត សម្រេចស្ថាបនាជាផ្លូវបេតុង ជំនួសផ្លូវកៅស៊ូចាស់ ដែលមានស្ថានភាពតូចចង្អៀត ដើម្បីឱ្យមានគុណភាពក្នុងការប្រើប្រាស់បានយូរអង្វែង ហើយបានលើកស្ទួយសោភ័ណភាពនៅក្នុងក្រុងផង។

លោកប្រធានមន្ទីរបន្តថា៖ ផ្លូវមួយខ្សែនេះ ទោះបីមានប្រវែងខ្លីក៏ពិតមែន តែវាស្ថិត នៅទីប្រជុំជនហើយមន្ត្រីជំនាញបានរៀបចំដាក់ប្រព័ន្ធលូតាមបច្ចេកទេស និងលើកតួផ្លូវឱ្យខ្ពស់ផុតពីទឹកដក់ ដើម្បីពេលសាងសង់ហើយ បម្រើឱ្យការធ្វើចរាចរណ៍ទៅ មកបានងាយស្រួល ដូច្នេះចូរបងប្អូនប្រជាពលរដ្ឋចូលរួមសម្អាតបរិស្ថានចៀសវាងចោលសំរាមផ្តេសផ្តាស ឬក៏ចាក់ដីតាមចិញ្ចឹមផ្លូវឱ្យខ្ពស់ជាងថ្នល់នាំឱ្យបាត់បង់សោភ័ណភាព។

លោកស្រីចាន់ថារី វ័យជិត៦០ ឆ្នាំ ក៏ដូចជាប្រជាពលរដ្ឋ ដែលមានមូលដ្ឋានរស់នៅជាប់តាមដងផ្លូវនេះ នឹងនាំគ្នាជួយថែរក្សា តាមការណែនាំ ព្រោះជាសមិទ្ធផលថ្មី ហើយចង់ឱ្យមានគុណភាពល្អ ផ្ដល់នូវសោភ័ណភាព នៅតាមមុខផ្ទះដែលយើងកំពុងរស់នៅបន្ថែមទៀត។

លោកស្រីសំដែងការសាទរ ចំពោះអាជ្ញាធរខេត្តដែលបានស្ថាបនាផ្លូវថ្មីនេះឡើង ព្រោះផ្លូវកៅស៊ូចាស់វាតូចចង្អៀត និងខូចខាតស្ទើរតែទាំងស្រុងបង្កភាពលំបាកក្នុងការធ្វើចរាចរណ៍ទៅមកយូរឆ្នាំមក ហើយ ជាពិសេសនៅពេលមានភ្លៀងធំមកម្ដងៗទឹកដក់លិចលើផ្លូវ  ផ្ទះប្រជាពលរដ្ឋនៅតាមដងផ្លូវនេះក៏ត្រូវជំនន់ទឹកភ្លៀង ហូរចូលលិចដល់ក្នុងផ្ទះក៏មានដែរ។

សូមបញ្ជាក់ថា៖ផ្លូវលេខ ២២នេះ មានប្រវែងជិត ៤០០ ម៉ែត្រទទឹង ១១ ម៉ែត្រ សាង សង់បានជាង ៧០ភាគរយហើយ គ្រោងបញ្ចប់សកម្ម ភាពសាងសង់ នៅដើមខែ កញ្ញាខាងមុខនេះ ដើម្បីពន្លឿនការងារបន្តទៅសាង សង់ផ្លូវថ្មីមួយខ្សែទៀត នៅភូមិថ្មី សង្កាត់ក្រុងស្ទឹងត្រែង ដែលមានប្រវែងជាង ១.០០០ម៉ែត្របន្ថែមទៀត៕

Click to comment

Leave a Reply

Your email address will not be published.

Facebook