មណ្ឌលគិរី៖ នៅក្នុងពិធីចែកពូជកូនឈើហូបផ្លែ ជូនដល់ប្រជាកសិករ និងអតីតយុទ្ធជនចំនួន ១០០គ្រួសារ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ដើម្បីកាត់បន្ថយការចំណាយប្រចាំថ្ងៃ ក្នុងជីវភាពគ្រួសារ បងប្អូនប្រជាពលរដ្ឋ គួរតែនាំគ្នាកែច្នៃដីជុំវិញផ្ទះ ដាំបន្លែបន្ថែមទៀត ដូចជា ម្ទេស ស្លឹកគ្រៃ រំដេង ខ្ជាយ ជី ។ល។ ចៀសវាងពេលត្រូវការបរិភោគ សុំអ្នកជិតខាង ឬទិញពីផ្សារ។


ឯកឧត្តម អភិបាលខេត្ត បានបន្តថា សម្រាប់ស្ថានភាពដីនៅខេត្តមណ្ឌលគិរី ហាក់មានអំណោយផល ខុសពី បណ្តាខេត្តមួយចំនួន ដែលប្រជាកសិករអាចដាំដុះ ដំណាំស្ទើរគ្រប់ប្រភេទ ទាំងដំណាំកសិកម្ម និងដំណាំ កសិឧស្សាហកម្ម។ មិនត្រឹមតែប៉ុណ្ណោះខេត្តនេះ ក៏មានដំណាំសម្គាល់ភូមិសាស្ត្រដូចជា ផ្លែប័រ កាហ្វេ ក្រូចផាសិន ស្ពៃក្តោប ហើយបច្ចុប្បន្ន ក៏មានកសិករដាំ ទុរេន ដំឡូងបារាំង ខ្ទឹមស ដែលនៅខេត្តផ្សេងៗ ពិបាកក្នុងការដាំដុះ។ ដើម្បីបង្កើនប្រាក់ចំណូលដល់ប្រជាកសិករ ដែលស្វិតស្វាញក្នុងការប្រកបរបរដាំដុះ ប្រភេទដើមឈើហូបផ្លែ ឯកឧត្តម អភិបាលខេត្ត បានផ្តាំដល់មន្ទីរកសិកម្ម ត្រូវចុះស្រង់ស្ថិតិទិន្នន័យប្រភេទ ផ្លែឈើ ឬអនុផលផ្សេងៗ របស់អ្នកភូមិ ងាយស្រួលរកទីផ្សារជូនពួកគាត់។

ឯកឧត្តម បានណែនាំដល់ ប្រជាកសិករទាំងអស់ ដែលមានផ្ទៃដីដាំដុះ ត្រូវយកពូជកូនប័រ និងពូជកូនទុរេន ទៅដាំដុះឱ្យទាន់ពេល វេលា ចៀសវាងទុកដីទំនេរចោល ហើយត្រូវដាំដុះតាមបច្ចេកទេសរបស់មន្រ្តីជំនាញ ដែលបានធ្វើការណែនាំ ដើម្បីទទួលបានទិន្នផលល្អ។ ឯកឧត្តម ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំចិញ្ចឹមសត្វ និង ប្រកបមុខរបរផ្សេងៗបន្ថែមទៀត ដើម្បីឱ្យជីវភាពរស់នៅមានលក្ខណៈសមរម្យ ហើយរដូវនេះ ជារដូវវស្សា ក៏សូមថែរក្សាសុខភាពឱ្យបានល្អ តាមរយៈការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងត្រូវចូលរួម ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នូវដូសបន្តបន្ទាប់ឱ្យបានគ្រប់ៗគ្នា និងត្រូវបន្តអនុវត្តនូវវិធានការ របស់ ក្រសួងសុខាភិបាល ៣កុំ និង៣ការពារ។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឱ្យដឹងថា តបតាម អនុសាសន៍របស់ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានឱ្យមន្ទីរកសិកម្ម ពិនិត្យលទ្ធភាព ក្នុងការចែក កូនឈើហូបផ្លែ ដល់កសិករដែលជាអតីតយុទ្ធជន សម្រាប់ដាំដុះបង្កបង្កើនផល ដើម្បីធ្វើឱ្យជីវភាពល្អ ប្រសើរឡើងមួយកម្រិតទៀត។ មន្ទីរបានរៀបចំចែកពូជកូនឈើហូបផ្លែ មានកូនប័រ កូនទុរេន សរុបចំនួន ៧០០ដើម ចែកជូន ១០០គ្រួសារ ក្នុងនោះកសិករចំនួន ៥០នាក់ និងអតីតយុទ្ធជនចំនួន ៥០នាក់ ក្នុងម្នាក់ ទទួលបានកូនប័រចំនួន ៥ដើម និងទុរេនចំនួន ២ដើម៕