ព័ត៌មានជាតិ
ទេសចរណ៍ដ៏ល្បីៗនៅកម្ពុជា មានលក្ខណៈពិសេសដូចតំបន់ទេសចរណ៍ល្បីៗនៅលើពិភពលោកដែរ

តើអ្នកធ្លាប់ធ្វើដំណើរកំសាន្តក្នុងប្រទេស និងទៅក្រៅប្រទេសទេ ?
លោកអ្នកអាចធ្វើដំណើរជុំវិញពិភពលោកដោយមិនចាំបាច់ចាកចេញពីប្រទេសកម្ពុជា យើងឡើយ ។ ទីនេះគឺជាគោលដៅទេសចរណ៏ល្បីៗដែលមានការពេញនិយមនៅប្រទេសកម្ពុជា និងគោលដៅទេសចរអន្តរជាតិដ៏ល្បីល្បាញដែលមានលក្ខណៈស្រដៀងនឹងគោលដៅទាំងនេះ។
១. ទីនេះគឺជា The Élysée កោះពេជ្រ -មិនមែននៅប៉ារីស ប្រទេសបារាំងទេ-

ត្រូវបានគេស្គាល់ថាជាទីក្រុងដ៏រ៉ូមែនទិករបស់ពិភពលោក ប៉ារីសស្ថិតនៅក្នុងប្រទេសបារាំង គឺជាគោលដៅទេសចរណ៍មួយដែលមានប្រជាប្រិយភាពបំផុត ដោយសារតែស្ថាបត្យកម្មដែលមានអាយុកាលរាប់សតវត្សរ៍ មានហាងលក់សម្លៀកបំពាក់មានការរចនាម៉ូដទំនើប សារមន្ទីរសិល្បៈ និងវប្បធម៌ ភោជនីយដ្ឋានដែលមានម្ហូបឆ្ងាញ់ៗ និង Eiffel Tower។
ប៉ុន្តែលោកអ្នកមិនចាំបាច់កក់ជើងហោះហើរដើម្បីទៅកាន់កន្លែងដ៏រ៉ូមែនទិកដូចប៉ារីសនោះទេ។ អ្វីដែលអ្នកត្រូវការនោះគឺគ្រាន់តែជិះរ៉ឺម៉កកង់បីនៅក្នុងរាជធានីភ្នំពេញ ដើម្បីឆ្ពោះទៅ The Élysée ដែលស្ថិតនៅកោះពេជ្រកន្លែងនេះគឺពោរពេញទៅដោយអាផាតមិនដែលមានផ្តល់សេវាកម្មគ្រប់សព្វបែបយ៉ាងប្រកបដោយភាពប្រណីត ប៉ុន្តែដោយសារតែផ្នែកខាងមុខនៃអគារត្រូវបានរចនាឡើងតាមបែបអ្នករស់នៅប៉ារីស ហើយមានមនុស្សជាច្រើនមកទីនេះដើម្បីថតរូបលេង ឬដើរជុំវិញហើយលម្ហែ ដោយសារវាមានទីតាំងស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គ និងដងទន្លេសាប។
២. ទីនេះគឺ Euro Park នៅបុរីប៉េងហួត-មិនមែននៅអឺរ៉ុបទេ

Eiffel Tower, Big Ben, នៅទីក្រុង Venice និងទីក្រុង Amsterdam មានកន្លែងល្បីៗ ជាច្រើននៅទ្វីបអឺរ៉ុបដែលធ្វើឲ្យមនុស្សជាច្រើនផ្តិតយកនូវរូបភាពដ៏អស្ចារ្យ និងទទួលបានបទពិសោធន៍គួរឱ្យចាប់អារម្មណ៍។
ប៉ុន្តែលោកអ្នកអាចនឹងប្ដូរចិត្តមិនទៅអឺរ៉ុបវិញ នៅពេលដែលលោកអ្នកបានទៅទស្សនា“ Euro Park” នៅក្នុងបុរី ប៉េងហួត ដែលត្រូវបានគេស្គាល់ថាជាទ្វីបអឺរ៉ុបតូចមួយនៅក្នុងប្រទេសកម្ពុជា ។ លោកអ្នកអាចចូលទស្សនាដោយសេរី និងអាចធ្វើដំណើរទៅទីនោះត្រឹមតែ ២០ នាទីប៉ុណ្ណោះពីកណ្តាលទីក្រុងភ្នំពេញ ដើម្បីទទួលបាននូវដំណើរកម្សាន្តតាមបែបអឺរ៉ុប ។ លោកអ្នកនឹងឃើញមាន Big Ben នៃចក្រភពអង់គ្លេស ប៉ម Eiffel នៃទីក្រុងប៉ារីស ស្ពាន Magere Brug នៃទីក្រុង អាំស្ទែដាំ Arc de Triomphe នៃប្រទេសបារាំង ផ្ទះបែបអ៊ឺរ៉ុប និង រហាត់ទឹក និងកង្ហារខ្យល់ធំៗ ដែលមានលក្ខណៈដូចគ្នាទៅនឹងអ្វីដែលមាននៅក្នុងប្រទេសហូឡង់ ពោលគឺគ្រប់កន្លែងទាំងអស់គឺស្ថិតនៅក្នុងទីតាំងបុរី ប៉េងហួតតែមួយគត់!
៣. ទីនេះគឺកោះសង្សារ នៅតំបន់កោះរ៉ុង –មិនមែនកោះម៉ាល់ឌីវទេ
សម្រាប់ដំណើរកម្សាន្តនៅឆ្នេរខ្សាច់ម៉ាល់ឌីវ គឺជាជម្រើសមុនគេបង្អស់របស់មនុស្សជាច្រើនដោយសារតែវាមានទឹកសមុទ្រថ្លាដូចកញ្ចក់ ដើមដូងទេរ និងខ្សាច់សម៉ត់ថ្លាក្រោមផ្ទៃមេឃពណ៌ខៀវស្រងាត់ដាច់កន្ទុយភ្នែក។
ដំណឹងល្អនេះគឺ លោកអ្នកអាចទៅលេងនៅកោះសង្សារ ដែលពោរពេញទៅដោយទឹកសមុទ្រយ៉ាងស្រស់ស្អាត ឆ្នេរខ្សាច់សដ៏វែងអន្លាយ និងបឹងហ្គាឡូដ៏ប្រណីតអណ្តែតលើទឹក។ មិនថាលោកអ្នកទៅលេងជាមួយគ្រួសារ ឬជាគូនោះទេ សម្រាប់ការផ្សងព្រេង ឬការធ្វើសមាធិ កោះសង្សារ នឹងផ្តល់ជូននូវសកម្មភាពជាច្រើនសំរាប់ដំណើរកម្សាន្តលើសមុទ្រ រហូតដល់សុខុមាលភាព និងការរៀបចំពិធីផ្សេងៗ។
៤. ទីនេះគឺ Naga World Hotel & Casino នៅភ្នំពេញ, Phnom Penh -មិនមែនទៅ Las Vegas ទេ – 
Naga World ត្រូវបានគេនិយាយថាជា “Las Vegas” នៃប្រទេសកម្ពុជាព្រោះវាជាសណ្ឋាគារលំដាប់ផ្កាយ ៥ ធំជាងគេ និងជាកាស៊ីណូប្រណីតតែមួយគត់នៅក្នុងប្រទេសកម្ពុជា ។ មានទៅតាំងស្ថិតនៅទល់មុខឧទ្យានសម្តេចតេជោហ៊ុនសែនក្នុងខណ្ឌដូនពេញ ដែលមានចម្ងាយត្រឹមតែពីរនាទីពីវិមានឯករាជ្យ។ សណ្ឋាគារ និងកាស៊ីណូនេះ គឺជាជម្រើសលេខ ១ សម្រាប់បទពិសោធន៍លេងល្បែងលំដាប់ពិភពលោក ដោយមានតុហ្គេមពីបាការ៉ាត ដល់រ៉ូឡែត ក៏ដូចជាម៉ាស៊ីនហ្គេម ដែលលោកអ្នកប្រាកដជាទទួលបានបទពិសោធន៍ដូចនៅ Las Vegas ដែរ!
៥. ទីនេះគឺតំបន់រ៉ែមាសមេម៉ាង នៅមណ្ឌលគិរី- មិនមែនជាអាហ្វ្រិកខាងត្បូងទេ 
ដោយសណ្ឋានដីមានភាពប្លែកៗពីគ្នា និងភាពសម្បូរបែបនៃវប្បធម៌ បានធ្វើឱ្យអាហ្វ្រិកខាងត្បូងក្លាយជាគោលដៅទេសចរណ៍ពេញនិយមសម្រាប់អ្នកដំណើរ ។
ប៉ុន្តែ ខេត្តមណ្ឌលគិរី គឺជាកន្លែងពេញនិយមសម្រាប់ដំណើរកម្សាន្តបែបធម្មជាតិ និងសកម្មភាពបែបអេកូទេសចរណ៍ ។ វាគឺជាខេត្តមួយក្នុងចំណោមខេត្តធំៗ ដែលមានប្រជាជនតិចជាងគេនៅកម្ពុជា ។ សកម្មភាពមួយចំនួនដែលលោកអ្នកអាចធ្វើបាននៅទីនេះគឺការបោះតង់ ជិះដំរី ងូតទឹកឲ្យដំរី ដើរកម្សាន្ត និងឡើងភ្នំ។
៦. ទីនេះគឺទីក្រុងព្រះសីហនុ-មិនមែនទីក្រុងសៀងហៃទេ

ជាទស្សនៈវិស័យធ្វើឲ្យក្លាយជាទីក្រុងស៊ីនជាំងនៃប្រទេសកម្ពុជានាពេលខាងមុខ បច្ចុប្បន្ននេះក្រុងព្រះសីហនុមានកាស៊ីណូជាង ៩០ កន្លែង ខុនដូជាច្រើន ហើយមាន សណ្ឋាគារ គ្រឹះស្ថានពាណិជ្ជកម្ម ទីតាំងអាជីវកម្ម និងសួនឧស្សាហកម្ម ជាច្រើនទៀត ។ មានផ្លូវរថភ្លើងចូលមកភ្នំពេញ អាកាសយានដ្ឋានជាតិនិងអន្តរជាតិ មានកំពង់ផែទឹកជ្រៅតែមួយគត់របស់ព្រះរាជាណាចក្រកម្ពុជា ។ គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតក៏កំពុងដំណើរការផងដែរដោយមានការចូលរួមពីអ្នករៀបចំគម្រោងជនជាតិចិនមកពីទីក្រុងស៊ីនជាំង។
កាលពីបួនទសវត្សរ៍មុនទីក្រុងស៊ីនជាំងគ្រាន់តែជាកំពង់ផែនេសាទតូចមួយនៅក្នុងប្រទេសចិនដីគោកប៉ុណ្ណោះ ។ ដោយសារការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ទីក្រុងនេះបានក្លាយជាតំបន់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ដ៏ធំមួយ ។ ក្រុមហ៊ុនដែលដែលបានជួយបង្កើតផែនការមេអភិវឌ្ឍន៍ក្រុងស៊ីនជាំងកាលពីឆ្នាំ ១៩៩១ គឺ វិទ្យាស្ថានរៀបចំនគរូបនីយកម្ម និងរចនាទីក្រុងស៊ីនជាំង ។ ដោយមើលឃើញកាអភិវឌ្ឍន៍លឿនបែបនេះរាជរដ្ឋាភិបាលកម្ពុជា បានជួលឱ្យរៀបចំផែនការខេត្តព្រះសីហនុ នេះ ។
៧. ទីនេះគឺជាភ្នំ ១,៥០០ ស្រុកវាលវែ – មិនមែនជាផ្លូវ Lombard សានហ្វ្រានស៊ីស្កូនទេ

នៅក្នុងប្រទេសកម្ពុជា មានផ្លូវនេះតែមួយគត់ដែលអាចដណ្ដើមយកពានរង្វាន់នៃស្នាដៃដអស្ចារមួយនេះ “ ផ្លូវកោងបំផុតនៅលើពិភពលោក” ដែលជាអាចក្រគួតប្រជែងជាមួយផ្លូវ Lombard នៅសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិកបាន ។
នេះគឺជាផ្លូវជាតិលេខ ៥៥ ស្ថិតនៅស្រុកវាលវែង ខេត្តពោធិសាត់ ជាផ្លូវរាងដូចពស់កំពុងវាឡើងទៅដល់កំពូលភ្នំក្រវាញដ៏ល្បីល្បាញ ឬភ្នំ ១៥០០ ។ អ្នកស្រុកតែងតែហៅថាជាផ្លូវ“អន្ទង់អាំង”មូលហេតុនៅពីក្រោយឈ្មោះនេះ ដោយសារអ្នកស្រុកយល់ថាផ្លូវនេះស្រដៀងទៅនឹងអន្ទង់អាំង ។ អ្នកនឹងឃើញទិដ្ឋភាពដ៏អស្ចារ្យ ក្នុងកំឡុងពេលធ្វើដំណើររបស់លោកអ្នក មើលឃើញបរិយាកាសនៃធម្មជាតិពណ៌បៃតងខៀវស្រងាត់ និងខ្យល់អាកាសត្រជាក់បរិសុទ្ធ។
បន្ទាប់ពីធ្វើដំណើរបានមួយសន្ទុះ លោកអ្នកនឹងទៅដល់ទីតាំងដែលមានកម្ពស់ខ្ពស់បំផុតនៅលើខ្នងភ្នំក្រវាញ យោងតាមអ្នកជំនាញបានលើកឡើងថាវាជាព្រៃមួយក្នុងចំណោមព្រៃរងទឹកភ្លៀវដ៏ធំបំផុតចុងក្រោយរបស់អាស៊ីអាគ្នេយ៍ ។
៨. ទីនេះគឺជាខេត្តបាត់ដំបង មិនមែនជា–ប្រទេសអេស្ប៉ាញទេ

លោកអ្នកមិនចាំបាច់ធ្វើដំណើរត្រលប់ទៅអតីតកាលវិញទេ ឬធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញ ដើម្បីទៅទស្សនាអាគារក្នុងសម័យអាណានិគមនោះទេ ។ លោកអ្នកគ្រាន់តែទៅខេត្តបាត់ដំបងដើម្បីទៅទស្សនា ជាទីក្រុងមួយនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ដែលត្រូវបានគេស្គាល់ថាមានផ្ទះលក់ទំនិញចាស់ៗតាំងពីសម័យអានានិគមន៍ បារាំង ដែលមានភាពទាក់ទាញរួមទាំងសាលាខេត្ត ឬអតីតផ្ទះរបស់អភិបាលខេត្តនេះជាដើម ។
នៅទីនេះក៏មានប្រាសាទមួយចំនួននៅលើកំពូលភ្នំ សារមន្ទីរតូចមួយដែលមានការប្រមូលផ្តុំនូវវត្ថុបុរាណនាសម័យអង្គរ ដែលមានតែនៅក្នុងខេត្តបាត់ដំបងតែមួយគត់ និងបឹងដ៏ធំ (អាងកំពីងពួយ) និងល្អាងក្បាលខ្មោចដ៏ល្បីល្បាញ។
៩.ទីនេះគឺកោះរ៉ុង –មិនមែនបាហាម៉ាសទេ

បាហាម៉ាសដើម្បីទទួលយកបទពិសោធ៍ដើរកម្សាន្តមើលទឹកថ្លាដូចកញ្ចក់ ដើមដូងទេរជាច្រើន និងខ្សាច់ពណ៌សម៉ត់នៅក្រោមមេឃពណ៌ខៀវដ៏ល្វឹងល្វើយដាច់កន្ទុយភ្នែកមែនទេ? អ្នកដឹងទេថា វានឹងត្រូវចំណាយប្រាក់អស់ប្រហែល ១០០០ ដុល្លារសម្រាប់សំបុត្រហោះហើរ ហើយចំណាយអស់ជាង ៨០០ ដុល្លារសម្រាប់បន្ទប់សណ្ឋាគារក្នុងមួយថ្ងៃ ហើយចំណាយពេលប្រហែល ២៦ ម៉ោងដើម្បីទៅដល់កោះនេះ។
បាហាម៉ាត្រូវបានគេស្គាល់ជាផ្លូវការថាជាកោះរបស់បាសាម៉ាវាជាកោះវាមានកោះធំ និងកោះតូចៗជាង ៧០០ នៅមហាសមុទ្រអាត្លង់ទិកហើយមានទីតាំងស្ថិតនៅភាគខាងជើងនៃប្រទេសគុយបានិង Hispaniola ភាគពាយព្យនៃកោះទួកនិង Caicos ភាគអាគ្នេយ៍នៃរដ្ឋផ្លរីដានិងភាគខាងកើតនៃរដ្ឋផ្លរីដា។
មានរដ្ឋធានីឈ្មោះថា Nassau ទីក្រុងនេះនៅលើកោះ New Providence ហើយមាន ផ្ទៃដីសរុប ១៣.៨៧៨ គីឡូម៉ែត្រការ៉េ។
ចំនួនប្រជាជន:
បាហាម៉ាសមានចំនួនប្រជាជនប្រមាណ ៣៩១.២៣២ នាក់។ ការតុបតែងប្រពៃណីភាគច្រើនគឺយកតាមជនជាតិរបស់ប្រទេសអាហ្រ្វិក (៨៥%) អឺរ៉ុប (១២%) និងជនជាតិអាមេរិកអាស៊ីនិងអាមេរិកឡាទីន (៣%) ។ ភាសាជាផ្លូវការរបស់បាហាម៉ាសគឺភាសាអង់គ្លេស។ មនុស្សជាច្រើននិយាយភាសាដែលមានមូលដ្ឋានលើភាសាអង់គ្លេសហៅថាគ្រាមភាសា Bahamian ។
ប៉ុន្តែលោកអ្នកមិនចាំបាច់ចំណាយពេលវេលា និងចំនាយប្រាក់កាសដ៏ច្រើនបែបនោះទេ លោកអ្នកអាចទៅកំសាន្ត និងធ្វើដំណើទេសចរណ៍នៅ កោះរ៉ុងបាន ដែលមានទីតាំងស្ថិតនៅជិតឆ្នេរសមុទ្រខេត្តព្រះសីហនុ ដែលត្រូវបានគេពិពណ៌នាថាជា “កោះឋានសួគ៌ក្រោមមេឃ” ដោយសារតែមានឆ្នេរខ្សាច់ពណ៌ស ទឹកសមុទ្រស្រស់ស្អាត និងអាកាសធាតុត្រូពិចដ៏សែនកក់ក្តៅ ។ ឆ្នេរសមុទ្រមានសម្រស់យ៉ាងល្អឥតខ្ចោះ មានសក្កដានុពលសមស្របសម្រាប់ពិធីជប់លៀង ដោយមានបារ ភោជនីយដ្ឋាន និងក្លឹបរាត្រី។ ទន្ទឹមនឹងនេះសម្រាប់អ្នកដែលចង់ធ្វើសមាធិ ឬលម្អែកាយ នៅទីនេះមានឆ្នេរខ្សាច់ដែលមិនសូវមានភាពអ៊ូអរ ផ្តល់នូវបរិយាកាសស្ងប់ស្ងាត់ និងទេសភាពដ៏ស្រស់ថ្លា ។
១០. នេះគឺជាភ្នំបូកគោ ខេត្តកំពត-មិនមែនប៉ាតេណុង ប្រទេសក្រិច ទេ

សំណង់ប៉ាតេណុង នៅទីក្រុងអាតែន ប្រទេសក្រិច សំបូរទៅដោយរឿងគួរឲ្យចាប់អារម្មណ៍ ជាពិសេសដោយសារតែវាត្រូវបានឧទ្ទិសដល់ព្រះនាងអាថេណា ដែលប្រជាជននៅទីក្រុងអាថែននាពេលបច្ចុប្បន្ននេះចាត់ទុកថាជាអាទិទេពតំណាងឲ្យអំណាច និងទ្រព្យសម្បត្តិ។
ភ្នំបូកគោ ខេត្តកំពត នៅប៉ែកខាងត្បូងនៃទីក្រុងភ្នំពេញក៏ធ្លាប់ជានិមិត្តរូបនៃភាពរុងរឿងផងដែរ ។ ឡឺបូកគោផាឡេស ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៩២០ ជាកន្លែងសម្រាកលំហែកាយនៅរដូវក្តៅសម្រាប់ឥស្សរជនជាន់ខ្ពស់បារាំង ដែលចង់ចាកចេញពីបរិយាកាសអាប់អួរនៃទីក្រុង ។ ភ្នំបូកគោស្ថិតនៅកម្ពស់ ៣.៤៣៨ ហ្វីត ស្មើនឹង ( ១០៧៥ ម៉ែត្រ) ដែលមានសីតុណ្ហភាពប្រហែល ១៥ ទៅ ២៥ អង្សាសេ ។ សំណង់អគារមួយនៅលើភ្នំបូកគោនេះក៏មានសំណង់រាជដំណាក់របស់សម្ដេចព្រះបរមរតនកោដ្ឋផងដែរ រហូតដល់ដំណាក់កាលដែលត្រូវបានខ្មែរឡើងកាន់អំណាច និងកាន់កាប់កន្លែងនេះ។
ភាពល្បីល្បាញនៃខេត្តកំពត ក៏ដូចជាភ្នំបូកគោ ត្រូវបានងើបឡើងវិញក្រោយពីរបបខ្មែរក្រហមត្រូវបានដួលរលំ។
១១. ទីនេះគឺព្រះបរមរាជវាំងនៅរាជធានីភ្នំពេញ – មិនមែនស្វេដាហ្គន នៅមីយ៉ាន់ម៉ាទេ
វត្ត Shwedagon ឬរាជវាំងមាសនៅក្នុងប្រទេសមីយ៉ាន់ម៉ាមានលក្ខណៈប្រហាក់ប្រហែលនឹង ព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ។
ដំណាក់ដែលតម្កល់រាជបល្ល័ង្គរចនាបថខ្មែរដែលត្រូវបានសាងសង់ក្នុងឆ្នាំ ១៨៦៦ ឥឡូវនេះប្រើប្រាស់ជាព្រះរាជដំណាក់របស់ព្រះមហាក្សត្រខ្មែរ និងរាជវង្សានុវង្សរបស់ទ្រង់។ ថ្វីត្បិតតែរាជវាំងត្រូវបានសាងសង់ឡើងសម្រាប់គ្រួសាររាជវង្សានុវង្សក៏ដោយ តែផ្នែកធំៗនៃទីធ្លាដ៏ធំទូលាយ និងសួនច្បារផ្លូវការត្រូវបានបើកជាសាធារណៈឲ្យមហាជនចូលទស្សនា។
១២. នេះគឺប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប – មិនមែនជាប្រាសាទបូរ៉ូបួឌួ នៅប្រទេសឥណ្ឌូនេស៊ីទេ 
លោកអ្នកនឹងទទួលបានអារម្មណ៍ដូចទៅទស្សនាប្រាសាទបូរ៉ូប៊ូឌូ (ព្រះវិហារព្រះពុទ្ធសាសនាធំជាងគេបំផុតរបស់ពិភពលោក) នៅពេលនេះលោក អ្នកទៅទស្សនាប្រាសាទអង្គរវត្តនៅខេត្តសៀមរាប ដែលជាបេតិកភណ្ឌ UNESCO និងវិមានសាសនាធំជាងគេបំផុតនៅលើពិភពលោក។
នៅទីនេះមានប្រាសាទជាងមួយពាន់ប្រាសាទ ដែលលោកអ្នកមិនអាចចំណាយពេលមួយថ្ងៃដើម្បីទៅទស្សនាឲ្យអស់បាននោះទេ។
ទីក្រុងប្រាសាទដ៏គួរឱ្យភ្ញាក់ផ្អើលនេះ (បានមកពីពាក្យ “អង្គរ” មានន័យថា “រាជធានី” និង “វត្ត” មានន័យថា “ប្រាសាទ” ជាភាសាខ្មែរ) គ្របដណ្តប់លើផ្ទៃដីប្រមាណ ១៦០ ហិកតា ដោយមានប្រព័ន្ធផ្លូវទឹក ទំនប់ និងអាងស្តុកទឹកដែលជាប្រភពនៃគ្រប់ជីវិតទាំងអស់សម្រាប់អ្នកដែលរស់នៅតំបន់នេះ ។ លោកអ្នកនឹងបានស្ដាប់រឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ជាច្រើនពីមគ្គុទ្ទេសក៍ទេសចរណ៍នៅទីនេះ ។
១៣. ទីនេះជាភូមិបណ្ដែតទឹកនៅខេត្តសៀមរាប – មិនមែនជាផ្សារបណ្ដែតទឹកនៅប្រទេសថៃទេ–

តើលោកអ្នកចង់ទិញទំនិញថ្មីៗពីផ្សារបណ្ដែតទឹកនៅបាងកកមែនឬទេ? អ៊ីចឹងលោកអ្នកនឹងអាចរីករាយក្នុងការទិញទំនិញបាននៅទីនេះ នៅពេលដែលលោកអ្នកទៅទស្សនាភូមិបណ្តែតទឹក ឬសហគមន៍ទូកនៅបឹងទន្លេសាបដែលមានទីតាំងស្ថិតនៅកំពង់ឃ្លាំង ខេត្តសៀមរាប។
នៅទីនោះលោកអ្នកនឹងឃើញផ្ទះសហគមន៍ជាប់គ្នាដោយស្ពានថ្មើរជើង និងផ្ទះសសរខ្ពស់ៗដែលឈរនៅលើទឹក ។ ទន្ទឹមនឹងនេះដែរ មានភាពល្អជាងផ្សារបណ្តែតទឹកនៅទីក្រុងបាងកកនោះទៀត មើលទៅអាចជាកន្លែងទាក់ទាញភ្ញៀវទេសចរបាន ដោយសារតែមានអ្នកស្រុករស់នៅប្រកបរបរចិញ្ចឹមជីវិតជាប្រចាំថ្ងៃរបស់ពួកគេនៅទីនេះ។
ប៉ុន្តែដោយសារតែសហគមន៍មួយនេះស្ថិតនៅបឹងទន្លេសាបដែលជាបឹងទឹកសាបធំបំផុតរបស់អាស៊ីអាគ្នេយ៍ និងជាប្រភពទឹកតែមួយគត់ដែលអាចហូរបញ្រ្ចាស់គ្នាជារៀងរាល់ឆ្នាំ បូករួមជាមួយរបៀបរស់នៅពិសេសរបស់អ្នកស្រុកលើផ្ទៃទឹក បានធ្វើឲ្យភូមិនេះទទួលបានការចាប់អារម្មណ៍ពីទេសចរជាតិ, អន្តរជាតិ និងបានក្លាយជាគោលដៅទេសចរណ៍កំពូលមួយរបស់ខេត្តសៀមរាប។
មិនមានផ្សារច្រើនដូចនៅទីក្រុងបាងកកទេ គឺមានផ្សារអណ្តែតទឹកតិចតួចៗនៅទីនោះដែលអាចបម្រើសេវាកម្មសម្រាប់ទាំងអ្នកស្រុក និងភ្ញៀវទេសចរ ជាតិ និងអន្តរជាតិផងដែរ ។
១៤. ទីនេះគឺទឹកធ្លាក់នៅភ្នំគូលែន –មិនមែនទឹកធ្លាក់កាវ៉ាសាន នៅហ្វីលីពីនទេ
នៅពេលគិតដល់ទឹកជ្រោះគូលែននៅខេត្តសៀមរាប នឹងធ្វើឲ្យអ្នកនឹកដល់ ទឹកធ្លាក់កាវ៉ាសានដ៏ល្បីល្បាញនៅប្រទេសហ្វីលីពីន។
ថ្វីត្បិតតែមិនមានទឹកខៀវស្រងាត់ និងខ្ពស់ដូចទឹកធ្លាក់កាវ៉ាសានក៏ពិតមែន ប៉ុន្តែទឹកជ្រោះគូលែនពិតជាមានទឹកធ្លាក់ដ៏ស្អាតប្លែក។ ក្រៅពីហែលទឹកកម្សាន្ត នៅមានសកម្មភាពជាច្រើនដែលត្រូវធ្វើនៅទីនេះ គឺការដើរលេងតាមដងព្រៃយ៉ាងក្រាស់ និងផ្លូវលំឡើងភ្នំ រហូតដល់កំពូលភ្នំគូលែន និងទស្សនារូបចម្លាក់ព្រះអង្គធំ (ព្រះពុទ្ធរូប) និងស្ទឹងលិង្គមួយពាន់។ ទីនេះជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់អ្នកចូលចិត្តរុករកដំណើរផ្សងព្រេង!
១៥. ទីនេះគឺសួនផ្កាអមលាំង-មិនមែន Keukenhof ហូឡង់ទេ–

តើអ្នកធ្លាប់ស្រមៃថា ចង់ទៅថតរូបជាមួយទេសភាពខាងក្រោយសួន Keukenhof ប្រទេសហូឡង់ទេ? មែនហើយអ្នកអាចធ្វើឲ្យក្ដីស្រមៃរបស់លោកអ្នកក្លាយជាការពិតដោយទស្សនាសួនផ្កាអមលាំង នៅខេត្តកំពង់ស្ពឺ។
ដូច្នេះហើយ យើងមិនចាំបាច់ត្រូវមានវីសាអឺរ៉ុបដើម្បីទទួលបានទេសភាពស្រស់ស្អាត និងថតរូបនៃសួនផ្កាដ៏ស្រស់ស្អាតនោះទេ គឺគ្រាន់តែចំណាយត្រឹមតែ ២០០០ រៀលប៉ុណ្ណោះ។
កសិដ្ឋានផ្កាអមលាំងមានលក្ខណៈពិសេសដូចជាផ្កាពណ៌មាសដែលផ្តល់ឲ្យកន្លែងទាំងមូលនូវភាពស្រស់ស្អាតប្រហាក់ប្រហែលនឹងវាលផ្កានៅប្រទេសហូឡង់ដែរ។
ឥឡូវនេះលោកអ្នកមានបញ្ជីកន្លែងកម្សាន្តដែលត្រូវទៅហើយ គ្រាន់តែរៀបឥវ៉ាន់ ហើយធ្វើដំណើរទៅកន្លែងកម្សាន្តល្បីៗលំដាប់ពិភពលោក នៅក្នុងប្រទេសកម្ពុជា


សម រង្ស៊ី ត្រូវបានបណ្តេញចេញ ពីម៉ាឡេស៊ីហើយ

ហ្វាំងឡង់ដ៍ អង្គការណាតូ ធ្វើសមយុទ្ធយោធាជាប់ព្រំដែនរុស្ស៊ី

មនុស្សបីនាក់ស្លាប់ក្នុងការវាយប្រហារថ្មីរបស់រុស្ស៊ីមកលើទីក្រុងគៀវ

កម្មវិធីសម្ពោធសាលាដំណាក់សមត្ថិផលថ្មី ប្រសូតចេញពីការរួមគ្នារបស់ពុទ្ធសាសនិកជន
នំបញ្ចុកសៀមរាប ផលិតឡើងតាមរូបមន្តពីបុរាណរបស់អ្នកឃុំព្រះដាក់ ត្រៀមចុះបញ្ជីម៉ាកសមូហភាព ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៅលើទីផ្សារ
