Connect with us

ព័ត៌មានជាតិ

លោក ជា សុផារ៉ា​ ប្រាប់​ឲ្យ​ស្ថាប័ន និង​អាជ្ញាធរ ឈប់​វាស់វែង​ដី​រដ្ឋ ជំនួស​ម​ន្រី្ត​សុរិយោដី

រាជធានីភ្នំពេញ​៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់  ស្នើ​ឲ្យ​ក្រសួង ស្ថាប័ន រដ្ឋបាល​រាជធានី​ខេត្ត ដែលជា​អាជ្ញាធរ​កាន់កាប់​ដី​រដ្ឋ ត្រូវប្រគល់​ភារកិច្ច​ទៅ​មន្ទីរ​រៀបចំ​ដែនដី និង​សុរិយោដី ជា​អ្នក​ចុះ​វាស់វែង និង​ជា​អ្នក​ផ្ទៀងផ្ទាត់​ទិន្នន័យ​។ សង្គម​ស៊ីវិល​យល់ថា ការធ្វើ​បែបនេះ ជាការ​ការពារ​ដី​រដ្ឋ ដើម្បី​កុំ​ឲ្យ​មាន​ករណី​លួច​បន្លំ​លក់​។

រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី លោក ជា សុផារ៉ា បាន​សង្កេតឃើញថា ការវាស់វែង​និង​កំណត់​ព្រំ​ក្បាលដី ពី​សំណាក់​ស្ថាប័ន និង​អាជ្ញាធរ នៅក្នុង​គោលដៅ​ផ្ដល់​កម្ម​សិទ្ធ និង​សិទ្ធ​ជួល​ដីឯកជន​របស់​រដ្ឋ ដោយ​គ្មាន​ការផ្ទៀងផ្ទាត់​ពី​រដ្ឋបាល​សុរិយោដី​ឡើយ​។ លោក ជា សុផារ៉ា អះអាងថា សកម្មភាព​បែបនេះ បានធ្វើ​ឲ្យ​និយាម​កា​នៃ​ក្បាលដី​ខ្វះ​ភាព​សុក្រឹត ជាន់​ក្បាលដី​គ្នា និង​បង្ក​ឲ្យ​មាន​វិវាទ​ដីធ្លី​។
​ដើម្បី​ជៀសវាង​ញ្ហា​ទាំងនេះ រដ្ឋមន្ត្រីក្រសួង​ដែនដី ស្នើ​ឲ្យ​ស្ថាប័ន​និង​អាជ្ញាធរ​ទាំងអស់ បញ្ឈប់​ការអង្កេត​វាស់វែង​ក្បាលដី ដោយ​ទុក​សិទ្ធិ​ឲ្យ​រដ្ឋបាល​សុរិយោដី​តែមួយគត់ ក្នុងការ​កំណត់​ព្រំ​ក្បាលដី​ស្របតាម​ច្បាប់​ភូមិបាល​។ លិខិត​ក្រសួង​ដែនដី ដែល​ចុះហត្ថលេខា​ដោយ​លោក ជា សុផារ៉ា កាលពី​ថ្ងៃទី​១៨ មករា ឆ្នាំ​២០២១ បាន​បញ្ជាក់ថា​៖ «​រដ្ឋបាល​ធានី ខេត្ត ត្រូវប្រគល់​ភារកិច្ច​ជូន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​រាជធានី ខេត្ត ចុះ​វាស់វែង កំណត់​និយាម​កា និង​ផ្ទៀងផ្ទាត់​ជាមួយ​ប្រព័ន្ធ​មូលដ្ឋាន​ទិន្នន័យ​សុរិយោដី​»​។
ចំពោះ​ទិន្នន័យ​វាស់វែង​ក្បាលដី​ក្នុង​គោលដៅ ដែល​ស្នើសុំ​គោលការណ៍​រាជរដ្ឋាភិបាល ដើម្បី​ផ្ដល់​កម្មសិទ្ធិ និង​សិទ្ធិ​ជួល​ដីឯកជន​របស់​រដ្ឋ គឺ​ត្រូវ​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​សុរិយោដី និង​ភូមិសាស្ត្រ នៃ​ក្រសួង​រៀបចំ​ដែនដី ដើម្បី​ផ្ទៀងផ្ទាត់​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ដែនដី ដែល​បាន​បន្ថែមថា «​រាល់​ការជួល​ដីឯកជន​របស់​រដ្ឋ ត្រូវធ្វើ​ការចុះបញ្ជី​បណ្ណ​កម្មសិទ្ធិ​ដីឯកជន​របស់​រដ្ឋ​ជាមុនសិន​»​។
​សម្រាប់​លោក ស៊ឹង សែង​ករុណា ម​ន្រី្ត​ផ្នែក​ស៊ើបអង្កេត​និង​សិទ្ធិមនុស្ស​នៃ​សមាគម​អា​ហុក​(ADHOC)​យល់ថា វិធានការ​ក្រសួង​ដែនដី​នេះ វា​ជា​វិធីសាស្ត្រ​មួយ ដែល​ជួយ​ការពារ​ដី​រដ្ឋ ដើម្បី​កុំ​ឲ្យ​មានការ​លួច ឬ​លក់​ផងដែរ​។ ថ្លែងប្រាប់​សារ​ព័ត​មាន​ថ្មីៗ លោក ករុណា ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​យល់ថា ការធ្វើ​បែបនេះ​របស់​ក្រសួង​(​ប្រគល់​សិទ្ធិ​ឲ្យ​រដ្ឋបាល​សុរិយោដី​វាស់វែង​និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​) ងាយស្រួល​ក្នុងការ​គ្រប់​គ្រង់​ដី​រដ្ឋ ព្រោះ​វា​អាចមាន​បញ្ហា​អនាធិបតេយ្យ​ក្នុង​ការទិញ​លក់​ឬ​ជួល ដីឯកជន​របស់​រដ្ឋ​។ កន្លងមក​យើង​ឃើញ​មានការ​លក់​ដី​ផ្សេងៗ ដែលជា​កម្មសិទ្ធិឯកជន​របស់​រដ្ឋ តាម​ស្ថាន​ប័ន​ក្រសួង​ហ្នឹង ដោយ​អត់​មាន​ឆ្លងកាត់​សុរិយោដី​។ ការវាស់វែង​កាត់​ដី ធ្វើ​ឲ្យ​បាត់​ទ្រព្យ​រដ្ឋ​នេះហើយ ទើប​ធ្វើ​ឲ្យ​មាន​វិធានការ​រឹតបន្តឹង​នេះ​ឡើង​»​។
​បើតាម​លោក ស៊ឹង សែង​ករុណា ក្រសួង​ដែនដី​គួរ​មាន​ចំណាត់ការ​បែបនេះ តាំងយូរ​មក​ម្លេះ ដើម្បី​បញ្ចៀស​រាល់​ការកើតមាន​វិវាទ​ដីធ្លី ឬ​ខាតបង់​ទ្រព្យ​រដ្ឋ​។ ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី​នេះ លោក​ថា ភាគី​រដ្ឋាភិបាល ពិសេស​ក្រសួង​ដែនដី គួរតែ​ដោះស្រាយ​សំណុំរឿង​ចាស់ៗ ដែល​អូសបន្លាយ​អស់​ជាច្រើន​ឆ្នាំ ឲ្យ​បាន​ឆាប់​ចប់​។
​មន្ត្រី​អាដហុក​រូបនេះ បាន​សង្កត់ធ្ងន់ថា រដ្ឋ​ក៏ត្រូវ​សិក្សា​ពី​ផលប៉ះពាល់​ឲ្យ​សង្គម និង​បរិ​ស្ថានសិន មុន​ផ្ដល់​ដី​សម្បទាន​ឲ្យ​ក្រុមហ៊ុន​ណាមួយ ដើម្បី​ជៀសវាង​និង​កាត់បន្ថយ​ទំនាស់​ដីធ្លី និង​ផលប៉ះពាល់​បរិស្ថាន​។ បើតាម​លោក ករុណា រដ្ឋ​ក៏ត្រូវ​តែពិនិត្យ​ដី​សម្បទាន​ដែល​ផ្ដល់​ឲ្យ​បណ្ដា​ក្រុមហ៊ុន​កន្លងមក​ដែរ ។ «​ប្រសិន​(​ក្រុមហ៊ុន​អនុវត្ត​)​ខុស​លក្ខខណ្ឌ​ឬ​ច្បាប់​ណាមួយ ត្រូវ​ដកហូត​ហើយ​ពិចារណា​ផ្ដល់​ដី​សម្បទាន​ដល់​កសិករ​សម្រាប់​ធ្វើក​សិ​កម្ម​វិញ​»​។ នេះ​ជាការ​លើក​របស់​មន្ត្រី​អាដហុក​៕

Click to comment

Leave a Reply

Your email address will not be published.

Facebook