(កំពង់ឆ្នាំង)៖ ការលើកឡើងរបស់នាយឧត្តមសេនីយ៏ គន់ គីម នាយឧត្តមសេនីយ៏ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានធ្វើឡើងខណៈអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ លើការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារសមាគមអតីតយុទ្ធជន របស់ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ។

មានប្រសាសន៏នៅក្នុងពិធីនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ឆ្នាំង និងមន្ត្រីពាក់ព័ន្ធដែលបានបញ្ចូលទិន្ន័យគ្រោះមហន្តរាយទៅក្នុងប្រពន្ធ័ PRISM និងបញ្ជូនតាមប្រពន្ធ័ Tablet ទៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានទាន់ពេលវេលា ព្រមទាំងបានយកចិត្តទុកដាក់ទាំងកម្លាំងកាយចិត្ត សហការគ្នាបានយ៉ាងល្អ និងឆ្លើយតបទាន់ពេលវេលាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងរយៈពេលកន្លងមកស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកទេសរដ្ឋមន្ត្រី ក៏បានចលនាតាមមន្ទីស្ថាប័នជុំវិញខេត្ត ជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនបានចំនួន៣៨ខ្នង ក្នុងនោះលោកផ្ទាល់បានជួយ៥ខ្នង។ ចំពោះអ្នកអត់ដី អត់ផ្ទះ១០០គ្រួសារ លោកបានឲ្យខេត្ត និងមន្ត្រីពាក់ព័ន្ធខិតខំដោះស្រាយចែកឡូត៍ ដើម្បីផ្តល់ជូនពួកគាត់ទាំង១០០គ្រួសារឱ្យបានឆាប់ និងទាន់ពេលវេលា។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានផ្តាំផ្ញើដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ព្រមទាំងអង្គការជាដៃគូត្រៀមសម្ភារៈ ត្រៀមកម្លាំងជំនាញ និងត្រៀមធនធានបច្ចេកទេស ដើម្បីផ្ដល់របាយការណ៍បឋម ក្នុងករណីមានគ្រោះមហន្តរាយកើតមានជាយថាហេតុ គឺត្រូវដឹង និងដោះស្រាយឲ្យបានទាន់ពេលវេលា ជាពិសេសអាជ្ញាធរក្នុងដែនសមត្ថកិច្ច ត្រូវចេញប្រតិបត្តិការជួយសង្គ្រោះ ជីវិតមនុស្ស និងធ្វើការឆ្លើយតបទៅតាមសភាពជាក់ស្តែង និងទាន់ពេលវេលា។

តាមរបាយការណ៏របស់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ក្នុងឆ្នាំ២០២០ ខេត្តកំពង់ឆ្នាំងបានជួបនូវគ្រោះមហន្តរាយចំនួន២៩លើក ក្នុងនោះរួមមាន គ្រោះរាំងស្ងួត២លើក ប៉ះពាល់ស្រូវប្រាំងចំនួន១,៨៤០ហ.ត, ខ្យល់កន្ទ្រាក់២៤លើក និងរន្ទះបាញ់៥លើក ដែលបណ្តាលឲ្យស្លាប់មនុស្ស១នាក់។ ខេត្តបានជួបប្រទះជំនន់ទឹកភ្លៀងបណ្តាលឱ្យខូចខាតស្រូវចំនួន១,៧៩២ ហ.ត ខូចខាតផ្លូវជាតិ និងផ្លូវកៅស៊ូ១,១៧០ម៉ ផ្លូវក្រាលគ្រោះក្រហម និងផ្លូវលំ ប្រវែង ៤៧,៩៤០ម៉ និងខូចខាត ទំនប់ ប្រឡាយ ប្រវែង៥,៣៧០ម៉ ។
ចំណែកលោក ធន ធឿន បានឲ្យដឹងថា សមាគមអតីតយុទ្ធជនខេត្ត បានទទួលថវិការបេឡាមរណៈសង្រ្គោះរបស់សម្តេចតេជោ ផ្តល់ជូនគ្រួសារ នៃសពសមាជិក ស.អ.ក ចំនួន៨៨សព សរុបថវិការអស់៣៥២,០០០,០០០៛ សាងសង់ផ្ទះថ្មី បានចំនួន៧ ខ្នង សម្រាប់ផ្តល់ជូនអតីតយុទ្ធជន និងប្រគល់ផ្ទះជូនសមាជិកអតីតយុទ្ធចំនួន១២ខ្នង។ អតីតយុទ្ធជនរស់នៅលើដីសម្បទានសង្គមកិច្ចសរុបចំនួន២,០៨៨ ហិកតា៕