Connect with us

ព័ត៌មានជាតិ

ស្រាយចម្ងល់មហាជន! ទោះបីកម្ពុជា ទទួលតំណក់ប្រេងដំបូង ក៏តម្លៃប្រេងឥន្ធនៈ នៅតែបន្តប្រែប្រួលតាមទីផ្សារអន្តរជាតិដដែល

រាជធានីភ្នំពេញ៖ លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត បានបកស្រាយចម្ងល់មហាជនថា បើទោះបីជាកម្ពុជាបូមប្រេងបានក៏ដោយ ក៏កម្ពុជានៅតែទិញប្រេងឥន្ធនៈ ពីប្រទេសដទៃ ដូច្នេះតម្លៃប្រេងឥន្ធនៈនៅកម្ពុជា នៅតែបន្តប្រែប្រួលទៅតាមតម្លៃប្រេងឥន្ធនៈ លើទីផ្សារអន្តរជាតិដូចពេលបច្ចុប្បន្នដដែល ។

ការចេញមកបកស្រាយរបស់លោក ជៀប សួរ បែបនេះធ្វើបន្ទាប់ពីមានអ្នកលេងបណ្ដាញ សង្គមជាច្រើនបានផ្ទុះការងឿងឆ្ងល់ថា កម្ពុជាអាចបូមប្រេងបានខ្លួនឯងហើយ ហេតុអ្វីតម្លៃប្រេងឥន្ធនៈក្នុងស្រុក នៅតែបន្តឡើងថ្លៃ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២០ មករា លោក ជៀប សួរ បានមានប្រសាសន៍ថា តំណក់ប្រេងដំបូងដែលកម្ពុជា ទទួលបានពីការបូមប្រេងនៅប្លុក A ក្នុងដែនសមុទ្រកម្ពុជា គឺជាការទទួលបានតំណក់ប្រេងឆៅ។ ប្រេងឆៅទាំងនោះ មិនអាចយកទៅប្រើប្រាស់ភ្លាមៗ ដោយផ្ទាល់ដូចជាការយក ទៅចាក់បញ្ចូលយានជំនិះ និងមធ្យោបាយដឹកជញ្ជូនដូចជាម៉ូតូ ឡានបាននោះទេ។

លោកបន្តថា ដើម្បីទទួលបានប្រេងឥន្ធនៈដូចជាប្រេងសាំង ប្រេងម៉ាស៊ូត ឧស្ម័នLPGឬហ្គាស គេត្រូវយកប្រេងឆៅទៅចម្រាញ់។ ដោយហេតុថាកម្ពុជានៅមិនទាន់ មានរោងចក្រចម្រាញ់ប្រេងនៅឡើយ ដូច្នេះកម្ពុជាគ្មានជម្រើសក្រៅពី លក់ប្រេងឆៅដែលបូមបានទៅចម្រាញ់ នៅប្រទេសផ្សេងឡើយ។

អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត បញ្ជាក់ថា «មានន័យថា ទោះបីជាកម្ពុជាបូមប្រេងបានក៏ដោយ ក៏កម្ពុជានៅតែទិញប្រេងឥន្ធនៈ ពីប្រទេសដទៃដដែល ដូច្នេះតម្លៃប្រេងឥន្ធនៈនៅកម្ពុជា នៅតែបន្តប្រែប្រួលទៅតាមតម្លៃប្រេងឥន្ធនៈ លើទីផ្សារអន្តរជាតិដូចពេលបច្ចុប្បន្នដដែល ។ តម្លៃប្រេងឥន្ធនៈក្នុងរយៈពេល ១៥ថ្ងៃចុងក្រោយនេះ មានការប្រែប្រួលកើនឡើងបន្តិចបន្តួចនេះ គឺបណ្តាលមកពីការប្រែប្រួល តម្លៃប្រេងលើទីផ្សារអន្តរជាតិ។ ជារួមក្នុងរយៈកាលនេះ តម្លៃប្រេងឥន្ធនៈមានការកើនឡើងជាសាកល ពុំមែនមានតែប្រទេសកម្ពុជាមួយនោះទេ ដែលមានតម្លៃប្រេងកើនឡើង។

សូមបញ្ជាក់ថា ដើម្បីផ្តល់យុត្តិធម៌ដល់អ្នកប្រើប្រាស់ ប្រេងឥន្ធនៈនិងដើម្បីសម្រួលដល់ ជីវភាពរបស់ប្រជាជន ចាប់តាំងពីឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានដាក់ចេញរូបមន្ត កំណត់ថ្លៃលក់រាយប្រេងដោយ ផ្អែកលើការប្រែប្រួលតម្លៃប្រេង នៅលើទីផ្សារអន្តរជាតិរៀងរាល់ ១៥ថ្ងៃម្តង លើសពីនេះរាជរដ្ឋាភិបាល បានបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈ នៅកម្ពុជាចំនួន ៤សេនដុល្លារក្នុង ១លីត្រ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook