(ភ្នំពេញ)៖ យោងតាមប្រភពព័ត៌មានពីគេហទំព័រ BirdLife International Cambodia Programme នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ក្រុមអ្នកអភិរក្សនៃអង្គការសត្វស្លាបអន្តរជាតិ នៅពេលនេះកំពុងតែតាមដាននូវវត្តមានសត្វបក្សីមួយប្រភេទ គឺអកត្រីក្បាលប្រផេះ។
ប្រភពដដែលបានអះអាងថា អកត្រីក្បាលប្រផេះកំពុងទទួលរងការគំរាមកំហែងដោយការបាត់ទីជម្រក និងការនេសាទត្រីហួសកម្រិត។
ប្រភពដដែលបានបន្តថា នៅដែនជម្រកសត្វព្រៃលំផាត់ក្រុមការងារតាមដានជីវចម្រុះយើងបានកត់ត្រាវត្តមាន និងសំបុកសត្វប្រភេទនេះនៅរាយប៉ាយជាពិសេសទីតាំងជាប់តំបន់ដីសើមធំៗ និងទន្លេស្រែពក។ ដោយឡែកក្នុងខែធ្នូកន្លងមក យើងកត់ត្រាបាននៅ០៤ទីតាំងផ្សេងគ្នានៃដែនជម្រកសត្វព្រៃលំផាត់។

គួរបញ្ជាក់ផងដែរថា អកត្រីក្បាលប្រផេះនៅកម្ពុជា គឺជាប្រភេទសត្វបក្សីដែលស៊ីត្រី ហើយមានដែនជម្រកនៅតំបន់អាស៊ីអគ្នេយ៍ ។ សត្វបក្សីប្រភេទនេះត្រូវបានគេដឹងថា អាចមានចំនួនពី ១០ ០០០ ទៅ ១០០ ០០០ ក្បាល ហើយអាចនឹង បន្តធ្លាក់ចុះដោយសារតែការបាត់បង់ទីជម្រក ការបំពុល ការខ្សត់ចំណី ។
នៅពេលបច្ចុប្បន្ននេះ អកត្រីក្បាលប្រផេះគឺជាប្រភេទសត្វដែលកំពុងតែបោះជំហានទៅរកសត្វដែលជិតនឹងរងនូវការគំរាមកំហែង ៕