ភ្នំពេញ៖ ក្រុមហ៊ុនចិនមួយឈ្មោះ First Aquatic Indutrial Co., Ltd បាននិងកំពុងវិនិយោគចិញ្ចឹមត្រីលម្អនៅកម្ពុជាសម្រាប់នាំចេញទៅក្រៅប្រទេស គ្រោងនាំចេញត្រីនាគ និងបបែល ក្នុងតម្លៃជាង ២លានដុល្លារទៅប្រទេសចិន ខណៈបច្ចុប្បន្នក្រុមហ៊ុននេះមានមូលដ្ឋានកសិដ្ឋាននៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
លោក Li Xuequn អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនបានបញ្ជាក់ថា កសិដ្ឋានរបស់លោកបានចាប់ផ្តើមដំណើរការនៅឆ្នាំ២០១៧ ដោយចំណាយទុនវិនិយោគចំនួន ៤លានដុល្លារ (មិនរួម បញ្ចូលការវិនិយោគលើការកសាងហេដ្ឋរចនាសម័ន្ធសំខាន់ៗ)។ បច្ចុប្បន្នមានចិញ្ចឹមត្រីលម្អ (ត្រីនាគ) នាំពូជចូលពីប្រទេសចិន ត្រីបបែលទឹកសាប និងត្រីទឹកសាបកម្ពុជាជាច្រើនប្រភេទទៀត។

លោកបន្តថា នៅឆ្នាំដំបូងនេះ កសិដ្ឋានគ្រោងនាំចេញត្រីនាគជាង ១,០០០ក្បាល/ឆ្នាំ និងត្រីបបែលជាង ៥,០០០ក្បាល/ឆ្នាំ ទៅកាន់ទីផ្សារប្រទេសចិន ដោយគិតក្នុងតម្លៃត្រីនាគពេញវ័យលក់បាន ១,០០០ដុល្លារ/ក្បាល និងត្រីបបែល ២០០ដុល្លារ/ក្បាល (តម្លៃអាស្រ័យលើប្រភេទពូជ ពណ៌ ទំហំ និងអាយុ)។ កសិដ្ឋានប្រើកម្មករសរុប ៥០នាក់ ក្នុងនោះមានអ្នកជំនាញជលផលទាំងខ្មែរ និងចិនចំនួន ១០នាក់។
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានចុះទុនវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមត្រីលម្អ ដែលសកម្មភាពនេះ សមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ និងលើកទឹកចិត្តដល់វិនិយោគិនក្នុង និងក្រៅប្រទេសសំដៅលើកស្ទួយវិស័យវារីវប្បកម្ម និងការនាំចេញត្រីលម្អ ក្នុងការចូលរួមទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ។

លោកបានណែនាំឱ្យក្រុមហ៊ុនត្រូវត្រៀមរៀបចំឯកសារបច្ចេកទេស ពាក់ព័ន្ធដល់ការចិញ្ចឹម សម្រាប់ឈានទៅដល់ការរៀបចំពិធីសារនាំចេញត្រីលម្អ ទៅកាន់ប្រទេសចិន ដោយត្រូវសហការជាមួយរដ្ឋបាលជលផលកម្ពុជា ធ្វើការទំនាក់ទំនងជាមួយអគ្គរដ្ឋបាលគយចិន ស្នើសុំបែបបទ ឬលក្ខខណ្ឌតម្រូវចាំបាច់នានា ពីភាគីចិនជាជំហានបឋម ដើម្បីឲ្យដំណើរការនាំចេញ នាពេលខាងមុខប្រព្រឹត្តទៅដោយរលូន ចៀសវាងការកកស្ទះផលិតផល ដែលកសិដ្ឋានចិញ្ចឹមបាន។
លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនដោយបញ្ជាក់ថា ក្រសួងក៏ដូចជារដ្ឋបាលជលផលនឹងរង់ចាំសហការសម្របសម្រួល ដើម្បីឲ្យដំណើរការវិនិយោគចិញ្ចឹមត្រីលម្អ និងដំណើរការនាំចេញត្រីលម្អនេះ សម្រេចទទួលបានជោគជ័យ៕
