ជាមួយនឹងអត្ថប្រយោជន៍នៃវិទ្យាសាស្ត្រ និងថ្នាំពេទ្យត្រូវបានគេផ្តល់ឲ្យជាច្រើនជាពិសេសអាចពង្រឹងដល់លទ្ធភាពនៃការមានផ្ទៃពោះថែមទៀតផង តែវាទំនងជាអាចធ្វើឲ្យមើលរំលងនូវការជ្រើសរើសជីវជាតិដែលត្រឹមត្រូវសម្រាប់សុខភាព និងការមានផ្ទៃពោះតាមបែបធម្មជាតិបាន។ ដូច្នេះហើយ ខាងក្រោមនេះខ្ញុំនឹងបង្ហាញនូវអាហារមួយចំនួនដែលត្រូវបានគេរកឃើញថា មានទំនាក់ទំនងនឹងអត្រានៃការមានផ្ទៃពោះកាន់តែខ្ពស់កាលណាទទួលទានវាកាន់តែច្រើន។
ការ៉េម
តាមពិតការញ៉ាំអាហារសម្បូរជាតិខ្លាញ់អាចមានឥទ្ធិពលផ្ទុយទៅវិញទេ។ ប៉ុន្តែការសិក្សាមួយបានបង្ហាញថា ស្ត្រីដែលញ៉ាំអាហារធ្វើពីទឹកដោះគោដែលមានជាតិខ្លាញ់ច្រើនឃើញថាកាត់បន្ថយភាពមិនមានកូនច្រើនជាងអ្នកដែលញ៉ាំម្តងក្នុងមួយសប្តាហ៍បាន ២៥ភាគរយឯណោះ។ ដូច្នេះនៅពេលអ្នកកំពុងតែព្យាយាមមានផ្ទៃពោះ យកល្អគួរតែញ៉ាំការ៉េមណាដែលមានជាតិខ្លាញ់ច្រើនវិញទើបល្អ។
សាច់ស្តេក
នៅពេលអ្នកព្យាយាមចង់មានផ្ទៃពោះ យកល្អគួរតែគិតទុកមុនអំពីការញ៉ាំសាច់ស្តេកទៅ។ អាហារសម្បរូជាតិដែកមានដូចជា សាច់ស្តេក ពពួកសត្វមានសម្បក និងសាច់គ្រឿងក្នុង ដែលវាសុទ្ធសឹងតែមានឥទ្ធិពលវិជ្ជមានចំពោះភាពមានកូនទំងអស់។ ការសិក្សាបង្ហាញថា ស្ត្រីដែលញ៉ាំថ្នាំបំប៉នជាតិដែកច្រើនជាង ៤១មីលីក្រាមអាចបន្ថយការប្រឈមនឹងភាពមិនអាចមានកូនបានរហូតដល់ ៦២ភាគរយ។
ផ្លែបឺរី
ដើម្បីអាចមានកូនបាន យកល្អគួរតែយកចិត្តទុកដាក់ទៅលើសុខភាពសរីរាង្គបន្តពូជ និងមេជីវិតញីផង។ ជារៀងរាល់ថ្ងៃ រាងកាយរងការវាយប្រហារដោយរ៉ាឌីកាលសេរី ដូច្នេះដើម្បីការពារ គួរតែញ៉ាំអាហារសម្បូរអង់ទីអុកស៊ីដង់ និងបន្លែពណ៌បៃតងចាស់ឲ្យបានច្រើន ហើយក្នុងនោះផ្លែបឺរីក៏រួមចំណែកដ៏ធំមួយដែរ។
ទឹក
ទឹកប្រហែលជាមិនមែនជាអាហារពិតប្រាកដថា តែការញ៉ាំទឹកអាចផ្តល់នូវរឿងប្លែកមួយនៅពេលនិយាយដល់ការមានផ្ទៃពោះ។ ទឹកគឺជាសមាសធាតុដ៏សំខាន់សម្រាប់ការផលិតទឹករំអិលនៅមាត់ស្បូនដើម្បីជំរុញដល់មេជីវិតឈ្មោលចូលទៅជួបមេជីវិតញីដើម្បីបង្កកំណើតបាន។
ត្រីសាលម៉ុង
ត្រីប្រភេទនេះសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គាបី ហើយវាត្រូវបានគេរកឃើញទៀតថា ជួយបង្កើនលំហូរឈាមចូលទៅសរីរាង្គបន្តពូជ ជំរុញដល់ការជ្រុះអូវ៉ុល បង្កើនចំនួនទឹករំអិលនៅមាត់ស្បូន និងជួយសម្រួលដល់អ័រម៉ូន ដែលវាសុទ្ធសឹងតែជួយដល់ស្ត្រីឲ្យមានលទ្ធភាពមានកូនខ្លាំងបំផុត៕
