មួយឆ្នាំក្រោយការរឹតបន្តឹងច្បាប់ចារាចណ៍ផ្លូវគោក ប្រកបដោយភាពជោកជ័យ ពេលនេះរាជរដ្ឋាភិបាល បានសំរេចបន្ដរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដដែលនៅឆ្នាំ២០២១នេះ តាមរយៈការកាត់បន្ថយបាននូវចំនួនគ្រោះថ្នាក់ចរាចរណ៍ អ្នករបួស និងអ្នកស្លាប់ដោយសារគ្រោះថ្នាក់សង្គមមួយនេះ។
នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិបាន ថ្លែងក្នុងសន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផល នៃការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឆ្នាំ២០២០ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ ដោយបានគូសបញ្ជាក់ថា ទិសដៅបន្ដសម្រាប់ ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា ពិសេសអនុគណៈកម្មការទី២ នៃគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺនៅបន្ដរឹតបន្ដឹងច្បាប់ដដែល ហើយការរឹតបន្ដឹងនេះលោកថា ឆ្លងតាមបទពិសោធន៍ក្នុងឆ្នាំ២០២០កន្លងទៅ ដែលជាឆ្នាំនៃការដាក់ចេញនូវយុទ្ធនាការរឹតបន្ដឹងច្បាប់នេះ អនុគណៈកម្មការទី២ បានរកឃើញនូវភាពខ្វះខាត ចន្លោះប្រហោងមួយចំនួន ដែលកើតឡើងនៅពេលអនុវត្តច្បាប់ ហើយចំណុចទាំងអស់នេះនឹងកែលម្អជាបន្ដបន្ទាប់ផងដែរ។
ក្រៅពីផែនការបន្ដរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកហើយនោះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏នឹងបន្ដខិតខំអប់រំផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋ ឲ្យយល់ច្បាស់អំពីអ្វីទៅដែលជាកត្តានាំឲ្យបង្កគ្រោះថ្នាក់ចរាចរណ៍ និងអ្វីទៅជាកាតព្វកិច្ច ក្នុងការអនុវត្តច្បាប់ក្នុងការបើកបរ ក្នុងការបញ្ជាយានរបស់អ្នកប្រើប្រាស់ផ្លូវ។ នេះបើតាមការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន។
នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានបន្ថែមទៀតថា អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏នឹងបន្ដពង្រឹងយន្ដការតាមដានរបស់សាធារណៈជន ដើម្បីប្រមូលយកនូវការរិះគន់ ការផ្ដល់នូវមតិយោបល់ក្នុងន័យស្ថាបនា កែលម្អឲ្យបានទាន់ពេលនូវភាពអសកម្មជាបុគ្គល។ លើសពីនេះ ក៏ខិតខំបន្ថែមទៀត ក្នុងការពង្រឹងសមត្ថភាពរបស់មន្ដ្រីអ្នកអនុវត្តច្បាប់ឲ្យកាន់តែមានសមត្ថភាពទាំងបច្ចេកទេស ទាំងច្បាប់ និងទទួលខុសត្រូវខ្ពស់ក្នុងការបំពេញប្រតិបត្តិការរបស់ខ្លួន។
នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានអះអាងថា គ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២០ កើតឡើងចំនួន៣,១៧៩ករណី ធៀបនឹងឆ្នាំ២០១៩កើតឡើង ចំនួន៤,១២១ករណី ថយចុះចំនួន៩៤២ករណី។ ដោយឡែក អ្នកស្លាប់ដោយសារគ្រោះថ្នាក់ នៅឆ្នាំ២០២០ ចំនួន១,៦៤៦នាក់ ធៀបនឹងឆ្នាំ២០១៩ ចំនួន១,៩៨១នាក់ ថយចុះចំនួន៣៣៥នាក់។
នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ បណ្ដាលមកពីល្បឿន ៣៣ភាគរយ, មិនគោរពសិទ្ធិ២៤ភាគរយ, មិនប្រកាន់ស្ដាំ១៥ភាគរយ, ប្រជែងគ្រោះថ្នាក់១០ភាគរយ, បត់ឆ្វេង ស្ដាំ មិនប្រយ័ត្ន ៩ភាគរយ, ស្រវឹង៥ភាគរយ, កត្តាយាន៣ភាគរយ និងងងុយ១ភាគរយ៕