Connect with us

ព័ត៌មានជាតិ

ស្ត្រីនៅស្រុកខ្មែរច្រើនជាងបុរស

ស្រ្តីនៅតែមានចំនួនច្រើនជាងបុរស សម្រាប់ប្រទេសកម្ពុជា នៅក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ ពោលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៩ ។ នេះបើតាមលទ្ធផលជំរឿន ឆ្នាំ២០១៩ ដែលត្រូវបានប្រកាសផ្សព្វផ្សាយ ក្រោមអធិបតីភាព របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានស្ថិតិ នៃក្រសួងផែនការ លោកស្រី ហង់ លីណា បាន​បញ្ជាក់ថា លទ្ធផលនៃការធ្វើជំរឿនទូទៅប្រជាជន ឆ្នាំ២០១៩ មានតម្លាភាព និងត្រឹមត្រូវ​រហូត​ដល់​៩៧.៥​ភាគរយ ដែលអាចឲ្យស្ថាប័នពាក់ព័ន្ធ យកទៅប្រើប្រាស់តាមតម្រូវការ ពិសេសសម្រាប់ការ​យកទៅធ្វើផែន​ការ​ផ្សេងៗ ខណៈតួលេខនេះ ក៏ត្រូវបានបញ្ជូនទៅអង្គការសហប្រជាជាតិផងដែរ។

តាមតួលេខបណ្តោះអាសន្ន ក្នុងទូទាំងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ប្រជាជន​សរុបមានចំនួន ១៥,២៨៨,៤៨៩នាក់ ក្នុងនោះ មានប្រុស ៧,៤១៨,៥៧៧នាក់ និងស្រី​៧,៨៦៩,៩១២​នាក់។ ចំនួនប្រជាជនសរុបកើនឡើង ១,៨៩២,៨០៧នាក់ ត្រូវនឹង១៤.១ភាគរយ រយៈពេល១១ឆ្នាំ រវាងឆ្នាំ២០០៨ និងឆ្នាំ២០១៩។ តួលេខទាំងនេះ មិនរាប់បញ្ចូលពលករ​ធ្វើការនៅក្រៅប្រទេសឡើយ។

អត្រាកំណើនប្រជាជនប្រចាំឆ្នាំ បានថយចុះពី១.៥ភាគរយ ក្នុងចន្លោះឆ្នាំ១៩៩៨ និង២០០៨ មក​១.២ភាគរយ ក្នុងចន្លោះឆ្នាំ២០០៨ និង២០១៩។ អត្រាកំណើនប្រចាំឆ្នាំរបស់កម្ពុជា ក្នុងទសវត្សចុងក្រោយនេះ យើងពិនិត្យឃើញថា ខ្ពស់ជាងអត្រាកំណើនមធ្យមនៅអាស៊ីអាគ្នេយ៍ ដែលមានតែ១.០ភាគរយ។

រាជធានី-ខេត្ត ដែលមានចំនួនប្រជាជនច្រើនជាងគេបំផុត គឺភ្នំពេញមាន ២,១២៩,៣៧១នាក់ ហើយ​ខេត្តកែប មានប្រជាជនតិចជាងគេបំផុត ៤១,៧៩៨នាក់ ប៉ុណ្ណោះ។ ដង់ស៊ីតេប្រជាជនស្មើនឹង៨៦នាក់ ក្នុងផ្ទៃ​ដីមួយគីឡូម៉ែត្រការ៉េ នៅឆ្នាំ២០១៩។ អត្រាភេទតាមតួលេខបណ្តោះអាសន្ន នៃជំរឿនប្រជាជន ឆ្នាំ២០១៩ មានបុរស៩៤នាក់ ក្នុងចំណោមស្ត្រី១០០នាក់ ដោយមិនមានការប្រែប្រួលបើប្រៀបធៀបនឹងឆ្នាំ២០០៨៕

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook