Connect with us

កងកម្លាំងប្រដាប់អាវុធ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបន្តផ្សព្វផ្សាយពីការកម្ចីឥណទាន ខុសច្បាប់ ដើម្បីចៀសវាងពីការបោកប្រាស់ក្រោមរូបភាពណាមួយ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាននិងកំពុងបន្តផ្សព្វផ្សាយពីការកម្ចីឥណទានដោយខុស ច្បាប់ ទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីចៀសវាងពីការបោកប្រាស់ក្រោមរូបភាពណាមួយ ជាពិសេសដើម្បីរក្សាស្ថិរភាព ក៏ដូចជាជំនឿទុកចិត្តរបស់សាធារណជនក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ។

លោក សុខ វឿន ប្រធានក្រុម ប្រឹក្សាភិបាលនៃសមាគមមីក្រូ ហិរញ្ញវត្ថុកម្ពុជា បានមាន ប្រសាសន៍ថា បច្ចុប្បន្ននេះ អ្នកចងការប្រាក់ក្រៅប្រព័ន្ធឬអ្នកផ្តល់កម្ចីដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជា កំពុង តែមានការកើនឡើង ដែលនេះគឺជាក្ដីកង្វល់ដ៏ធំមួយសម្រាប់វិស័យធនាគារនិងហិរញ្ញវត្ថុ ព្រោះកាលណាមានអ្នកផ្តល់កម្ចីបែបនេះច្រើន វានឹងធ្វើឱ្យមានផលប៉ះពាល់ដែលមិនអាចគ្រប់គ្រងបាន ជាពិសេសធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិទាំងមូលថែមទៀតផង ។ កត្តាទាំងអស់នេះ គឺទាមទារឱ្យសមាគមត្រូវតែរិះរកមធ្យោបាយ ក៏ដូចជាវិធីសាស្ត្រក្នុងការគ្រប់គ្រងនិងណែនាំទៅដល់អតិថិជន ដើម្បីកុំឱ្យជួបផលវិបាកផ្សេងៗពីការទទួលបានឥណទានក្រៅផ្លូវការនេះ ។

លោកបានបន្តថា ក្រៅពីនោះ សមាគមបាននិងកំពុងតែរិះរកយុទ្ធសាស្រ្តបន្ថែមទៀត ក្នុងការចូលរួមកាត់បន្ថយបញ្ហាឥណទានក្រៅផ្លូវការឱ្យបានកាន់តែលឿន ដើម្បីឱ្យវិស័យធនាគារនិងហិរញ្ញវត្ថុកាន់តែមានភាពច្បាស់លាស់ដែលជាប្រយោជន៍របស់អតិថិជន ។ក្នុងនោះ សមាគមក៏មានការពិភាក្សាយ៉ាងផុលផុស ដើម្បីរៀបចំផែនការ ក៏ដូចជាចំណាត់ការផ្សេងៗ ឱ្យមាន ប្រសិទ្ធភាពទៅលើបញ្ហាអ្នកចងការប្រាក់ក្រៅប្រព័ន្ធនេះផងដែរ ។

លោកបានបន្ថែមថា សម្រាប់គោលដៅចម្បង គឺសមាគមបានធ្វើការផ្សព្វផ្សាយ ដើម្បីឱ្យប្រជាជនយល់ឱ្យបានជ្រួត ជ្រាប នៅពេលណាដែលគាត់យល់ជ្រួតជ្រាបហើយនោះ គឺគាត់មិនអាចទៅពាក់ព័ន្ធ ឬក៏ទៅកម្ចីអ្នកចងការប្រាក់ក្រៅប្រព័ន្ធនោះទេ ហើយគាត់នឹងងាកមកចាប់អារម្មណ៍ជាមួយ នឹងមីក្រូហិរញ្ញវត្ថុត្រឹមត្រូវ ឬក៏ធនាគារដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ដើម្បីការពារគាត់ផង ទទួលបាននូវអត្រាការប្រាក់សមស្របផង ទៅតាមអ្វីដែលបានកំណត់របស់ធនាគារឬមីក្រូហិរញ្ញវត្ថុទាំងនោះ ។

« ជាយុទ្ធសាស្ត្ររបស់យើងគឺថាសមាគមបង្រៀនទៅដល់បុគ្គលិកយើងទាំងអស់ ហើយ ដើម្បីឱ្យបុគ្គលិកយើងមានអក្ខរកម្មប្រាក់ ដើម្បីណែនាំទៅដល់អតិថិជនគោលដៅក្នុងតំបន់ប្រតិបត្តិការរបស់យើង ដែលគាត់យល់ថា កាលណាខ្ចីលុយអ្នកផ្តល់លុយកម្ចី គាត់នឹងជួបបញ្ហាឧបសគ្គនិងបញ្ហា ដោយសារការប្រាក់ឬថ្លៃសេវាខ្ពស់ មិនទៅតាមអ្វីដែលធនាគារជាតិបានកំណត់ ។ ហើយទាក់ទងទៅនឹងពេលដែលមានបញ្ហាកើតឡើង ការគ្រប់គ្រង ការដោះស្រាយបញ្ហាផ្សេងៗ គឺមិនតាមការការពារអតិថិជននោះទេ គឺគាត់ធ្វើទៅតាមអ្វីដែលគេចង់ បាន អ្វីដែលគេរៀបចំរួច » ។

សូមបញ្ជាក់ថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ ២០០៤ ក្នុងគោលបំណងជួយដល់ប្រជាជនកម្ពុជាគ្រប់រូបឱ្យទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការ សម្បូរបែប ទាន់ពេលវេលា តាមប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយការ ទទួលខុសត្រូវនិងនិរន្តរភាព ព្រមទាំងធានានូវសុវត្ថិភាព វិបុលភាព និងនិរន្តរភាពរបស់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ។ មកទល់ពេលនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាមានសមាជិក ចំនួន១២២ស្ថាប័ន ដែលរួមមាន៖ គ្រឹះស្ថានធនាគារចំនួន៥ , គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់ បញ្ញើចំនួន៥ , គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៧៤ , ក្រុមហ៊ុនភតិសន្យា ចំនួន១២, គ្រឹះស្ថានឥណទានជនបទចំនួន២៦ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook